ម៉ា​ដូ​ណា​ទៅ​សម្តែង​យឺត​រាប់​ម៉ោងបែរជា​បន្ទោស​អ្នកគាំទ្រ​ទៅ​លឿន

តារាចម្រៀង​នាង​ម៉ា​ដូ​ណា​បាន​បង្ហាញ​វត្តមាន​លើ​ឆាក​ប្រគំ​តន្ត្រី​នៅ​មជ្ឈមណ្ឌល​សម្សា​ន្ដ Brisbane ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​ទី​១៦ មីនា​។ ការ​តុបតែង​ខ្លួន​មិន​មាន​អ្វី​ប្លែក​ទេ តែ​អ្វី​ដែល​ប្លែក​នោះ​គឺ​នាង​ម៉ា​ដូ​ណា ទៅ​សម្តែង​យឺត​ជិត​៣​ម៉ោង ខណៈ​អ្នកគាំទ្រ​របស់​នាង​រង់ចាំ​យ៉ាង​អន្ទះសា ។ 

តារា​ស្រី​ជើង​ចាស់​វ័យ​៥៧​ឆ្នាំ នាង​ម៉ា​ដូ​ណា ចូលរួម​កម្មវិធី​ប្រគំ​តន្ត្រី​ទេសចរណ៍​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា Rebel Heat Tour នៅ​ប្រទេស​អូស្ត្រាលី​នា​វេលា​ម៉ោង​៩​យប់ ប៉ុន្តែ​នាង​បាន​ទៅ​យឺត​រហូត​ដល់​ម៉ោង​១១​និង​២២​នាទី​យប់ ហើយ​ថែម​ទាំង​បន្ទោស​អ្នកគាំទ្រ​ថា «​នាង​ខ្ញុំ​មក​យឺត​មិនជា​អ្វី​ទេ តែ​អ្នក​ទាំងអស់​គ្នា​មក​លឿន​ទើប​ជា​បញ្ហា ។ អ្នក​គួរតែ​នៅផ្ទះ​តែង​សក់ ផាត់មុខ និង​រៀបចំ​ខ្លួន​ឱ្យ​សក្ដិ​សម​ដើម្បី​មក​ចូលរួម​ការ​ប្រគំ​តន្ត្រី​នេះ ។ គ្រាន់តែ​មក​យឺត​មិន​អី​ទេ តែ​ខ្ញុំ​នឹង​មិន​មក​លឿន​នោះ​ទេ​» ។

មិនមែន​នាង​ម៉ា​ដូ​ណា ទៅ​យឺត​តែ​ក្នុង​ការ​ប្រគំ​តន្ត្រី​នៅ​អូស្ត្រាលី​ប៉ុណ្ណោះ​ទេ ពោល​គឺ​នាង​ធ្លាប់​ត្រូវ​ម្ចាស់​កម្មវិធី​រិះគន់​ច្រើន​លើក​មក​ហើយពី​រឿង​ទៅ​សម្តែង​យឺត និង​រឿង​ផឹក​គ្រឿង​ស្រវឹង​នៅ​លើ​ឆាក តែ​នាង​បាន​បដិសេធ​៕