ភ្លើង​ប្រចណ្ឌ​ប្រល័យ​គូស្នេហ៍​ជាតា​រា​ម៉ូ​ដែល

បុរស​ជនជាតិ​កា​ណា​ដា​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​កាលពី​ថ្ងៃ​ទី​១៤ មីនា ២០១៦ បន្ទាប់​ពី​សម្លាប់​មិត្ត​ស្រី​របស់​ខ្លួន​ព្រោះតែ​ភ្លើង​ប្រចណ្ឌ​នៅ​បរិវេណ​សាកលវិទ្យាល័យ ។

យោង​តាម​គេហទំព័រ AsianTown ឱ្យ​ដឹង​ថា លោក Gurjinder Gary Dhaliwal អាយុ​២៤​ឆ្នាំ​បាន​សម្លាប់​មិត្ត​ស្រី​របស់​ខ្លួន​នាង Maple Batalia ជា​និស្សិត​ពេទ្យ ព្រមទាំង​ជា​តារា​សម្តែង និង​ជាតា​រា​ម៉ូ​ដែល ។

ភ្លើង​ប្រចណ្ឌ​ប្រល័យ​គូស្នេហ៍​ជាតា​រា​ម៉ូ​ដែល

កាលពី​ថ្ងៃ​ទី ២៨ កញ្ញា ២០១១ នាង Batalia បាន​ចេញពី​បណ្ណាល័យ​ក្នុង​សាកលវិទ្យាល័យ Simon Fraser University យប់​បន្តិច ។ យប់​នោះ​ហើយ​ដែល​នាង​ត្រូវ​គូស្នេហ៍​សម្លាប់ និង​កាត់​ជា​កង់​ៗ​នៅ​ក្បែរ​កន្លែង​ចត​រថយន្ត ។ នាង Batalia ធំធាត់​នៅ​ប្រទេស​កា​ណា​ដា​ បន្ទាប់​ពី​ផ្លាស់​ពី​ប្រទេស​ឥណ្ឌា​ជា​ប្រទេស​កំណើត​របស់​នាង ។

នាង​គឺជា​និស្សិត​ពេទ្យ និង​ជា​តារា​សម្តែង និង​ម៉ូ​ដែល​ដោយ​នាង​មាន​ក្តី​សុបិន​ថា​ នឹង​កសាង​ខ្លួន​ឱ្យ​ក្លាយជា​តារា​សម្តែង​ល្បី​មួយ​រូប ។ បំណង​របស់​នាង​ត្រូវ​រលាយ​ដោយសារ​តែ​មិត្ត​ប្រុស​ប្រល័យ​ជីវិត​នាង​ព្រោះតែ​ភ្លើង​ប្រចណ្ឌ ។

ឯកសារ​តុលាការ​ឱ្យ​ដឹង​ថា Dhaliwal  ត្រូវ​មោហ៍បាំង​មួយ​ភ្លែត​ដោយសារ​ភ្លើង​ប្រចណ្ឌ​ក៏​កាប់​ក្បាល​នាង Batalia ពីក្រោយ​ខ្នង​ បន្ទាប់​ពី​ឃើញ​នាង​អង្គុយ​ជាមួយ​ប្រុស​ផ្សេង​ក្នុង​បណ្ណាល័យ ។ Dhaliwal បាន​កាប់​មិត្ត​ស្រី​ចំនួន​១១​កន្លែង​ទៀត ​មុន​ពេល​រត់គេច​ពី​កន្លែង​កើតហេតុ ។ ដោយឡែក​គេហទំព័រ Vancover Sun សរសេរ​ថា  ការ​ស៊ើប​អង្កេត​ចំពោះ​ការ​សម្លាប់​បានដឹង​ថា រយៈពេល​១​ខែ​មុន​ពេល​នាង Batalia ស្លាប់​គូស្នេហ៍​នេះ​បាន​ចែកផ្លូវ​គ្នា ។ ការ​ចែកផ្លូវ​គ្នា បន្ទាប់​ពី​សាង​ស្នេហ៍​៤​ឆ្នាំ​នោះ ​ដោយសារ​នាង Batalia ដឹង​ថា ​មិត្ត​ប្រុស​ក្បត់​នាង ។ ចាប់តាំងពី​ពេល​នោះ​មក Dhaliwal ព្យាយាម​ហៅ​ទូរស័ព្ទ និង​ផ្ញើ​សារ​ទៅ​នាង Batalia  រាប់​ពាន់​ដង ។ ទីបំផុត​គេ​បាន​ទិញ​កាំភ្លើងខ្លី និង​កាំបិត​យក​ទៅ​សម្លាប់​មិត្តភក្តិ​ប្រុស​ថ្មី​របស់​នាង និង​រូប​នាង​ផ្ទាល់ ។      

នៅ​ពេល​ផ្តល់​ឱកាស​ឱ្យ​និយាយ​សារភាព​កំហុស​ក្នុងអំឡុងពេល​កាត់ទោស​កាលពី​ថ្ងៃ​ទី​១៤ មីនា​ ២០១៦ Dhaliwal សុំ​អភ័យទោស​ដល់​ក្រុម​គ្រួសារ​នារី​រង​គ្រោះ និង​មិត្តភក្តិ​នាង​ដែល​មាន​វត្តមាន​ក្នុង​បន្ទប់​តុលាការ ។ រូបគេ​និយាយ​ថា «​ខ្ញុំ​សុំ​ទោស ! ខ្ញុំ​ដឹង​ថា ​ខ្ញុំ​បាន​ធ្វើ​រឿង​មិន​គប្បី​ចំពោះ​ Batalia » ៕