ក្រសួង​សេដ្ឋកិច្ច ប្រមូលបាន​ជាង​៨០​លាន​ដុល្លារ ពី​វិស័យ​ធានារ៉ាប់រង ក្នុង​ឆ្នាំ​២០១៥

ភ្នំពេញ:
អគ្គនាយកដ្ឋាន​ឧស្សាហកម្ម ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះអាងថា ចំណូល​បានមកពី​វិស័យ​ធានារ៉ាប់រង​ក្នុង​ឆ្នាំ​២០១៥​កន្លងមកនេះ គឺមាន​ប្រមាណ ជាង​៨០​លាន​ដុល្លារ គឺ​កើនឡើង​ជាង​បី​ដង បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤​។​

​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហការ​ជា​ដៃគូ​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​រវាង​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា និង​ធនាគារ​វឌ្ឍនៈ​អាស៊ី ចំកាត់​(ABA) កាលពី​ចុង​សប្ដាហ៍ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល លោក ឆាយ រតនៈ អគ្គនាយករង នៃ​អគ្គ នាយកដ្ឋាន​ឧស្សាហកម្ម ហិរញ្ញវត្ថុ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​មានប្រសាសន៍ថា វិស័យ​ធានា​រ៉ាប់​រ៉ង​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ​តាមរយៈ​ការ​គៀរគរ មូលធន​ពី​ក្រៅប្រទេស និង​ក្នុងប្រទេស​។ ចំពោះ​ការកើនឡើង​ប្រាក់ចំណូល​នេះ ក្រុមហ៊ុន ធានា​រ៉ាប់​រ៉ង​អាយុជីវិត បាន​ជួយ​បង្កើន​សមត្ថភាព​ផលិតកម្ម ការលើកកម្ពស់​ស្ដង់ដារ​ផលិតផល ធានារ៉ាប់រង​ក្នុងការ​ចូលរួមចំណែក ដល់​ប្រសិទ្ធភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា​។​

​លោក​បាន​បន្ដថា គិត​ត្រឹម​ឆ្នាំ​២០១៥​កន្លងមកនេះ មាន​អតិថិជន​ប្រមាណ​ជាង​៥​ម៉ឺន​នាក់ ដែល​បាន​ប្រើប្រាស់​សេវា​ធានា​រ៉ាប់​រ៉ង​អាយុជីវិត​នៅ​កម្ពុជា ដោយ​គិត​ជា​ចំណូល​បុព្វលាភ មាន​ប្រមាណ​ជាង​២២​លាន ដុល្លារ កើនឡើង​បី​ដង បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៤​។ លោក​បានលើកឡើង​ទៀតថា ការរីកចម្រើន​ផ្នែក ធានា​រ៉ាប់​រ៉ង បាន​ជំរុញ​ឱ្យ​ប្ប​ញ្ញ​ត្ដិករ ត្រូវ​រៀបចំ​បទដ្ឋាន​គតិ​យុ​ត្ដ​ជាច្រើន ឱ្យមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​មាន​សុគត​ភាព ជាមួយនឹង​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់ ស្របតាម​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​វិស័យ ហិរញ្ញវត្ថុ​ឆ្នាំ​២០១១-២០២០ ដែល​បាន​ផ្ដោត​សំខាន់​ទៅលើ​ការអភិវឌ្ឍ និង​ការបង្កើន​ក្របខ័ណ្ឌ បទ​ប្បញ្ញត្ដ សម្រាប់​ការគ្រប់គ្រង​វិស័យ​ធានា​រ៉ាប់​រ៉ង អាយុជីវិត​ប្រកបដោយ​ចីរភាព​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ឆ្នាំ​២០១៥​កន្លងមកនេះ មាន​ក្រុមហ៊ុន​ធានា​រ៉ាប់​រ៉ង​ដែល​បាន​ចុះបញ្ជី នៅ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សរុប​ចំនួន​១១​ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុន​ធានា​រ៉ាប់​រ៉ង អាយុជីវិត​មាន​ចំនួន​៤ ក្រុមហ៊ុន ហើយ​ផ្ដល់​ចំណូល​ជា​ទឹកប្រាក់​ប្រមាណ​ជាង​៨៣​លាន​ដុល្លារ​៕

ក្រសួង​សេដ្ឋកិច្ច ប្រមូលបាន​ជាង​៨០​លាន​ដុល្លារ ពី​វិស័យ​ធានារ៉ាប់រង ក្នុង​ឆ្នាំ​២០១៥