លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរពិនិត្យមើល​រឿង​មិន​ប្រក្រតី​របស់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​ខ្លះ​ផង​

មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ក្រោយពេល​ចូលកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​នេះ អស់​រយៈពេល​ជាង​៣​ឆ្នាំ លោក ជួប សារុន បាន​ប្រព្រឹត្ត​អំពើពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​មន្ត្រីរាជការ​ក្នុង​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង ជាច្រើនរូប​បាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ពិនិត្យ​មើល​ទង្វើ​មិន​ប្រក្រតី​របស់លោក ជួប សារុន ខ្លះ​ផង​។ ជាពិសេស​ទាក់ទង​ទៅនឹង​រឿង​កិបកេង​ថវិការដ្ឋ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន និង​កេងប្រវ័ញ្ច​ទៅលើ​មន្ត្រី​បុគ្គលិក​ក្រោម​ឱវាទ​តាម​គ្រប់​រូបភាព​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ជួប សារុន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា រយៈពេល​ជាង​៣​ឆ្នាំ​កន្លងទៅនេះ​លោក ជួប សារុន បាន​បង្កើត​ឲ្យ​មាន​បញ្ហា​បក្ខពួកនិយម ឃុបឃិត​គ្នា កេងប្រវ័ញ្ច​ថវិការដ្ឋ​ក្នុង​មួយឆ្នាំៗ​មិនតិចជាង​២០០​លាន​រៀល​ទាក់ទង​ទៅនឹង​ការចំណាយ​របស់​មន្ទីរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ជួប សារុន អាចធ្វើ​អ្វីៗ​បាន​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនិត​ដែល​កាន់​ការងារ​ហិរញ្ញវត្ថុ ហើយ​រៀបចំ​បំប៉ោង​ឯកសារ​តួលេខ​លើ​ការចំណាយ​បុរេប្រទាន និង​ប្រាក់​ទូទាត់​ត្រង់​។ ដោយមាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​បែបនេះហើយ​ទើប​លោក ជួប សារុន មាន​ជីវភាព​ធូរធារ​ខុសប្លែក​ពីមុន ក្នុងខណៈដែល​មន្ត្រីរាជកា​រ​ភាគច្រើន​ក្នុង​មន្ទីរ​រកតែ​លុយ​ចាក់​សាំង​ម៉ូតូ​មិនបាន​ផង​។

មន្ត្រីរាជការ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង ជាច្រើនរូប​បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា សព្វថ្ងៃនេះ​មានតែ​បក្ខពួក​របស់លោក ជួប សារុន ប៉ុណ្ណោះ​ដែល​ទទួលបាន​ផលប្រយោជន៍​ពី​គម្រោង​ចំណាយ​សព្វបែបយ៉ាង​នៅក្នុង​មន្ទីរ​។ ចំណែក​មន្ត្រី​ផ្សេងទៀត​ដែល​ខិតខំ​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ បម្រើ​ជាតិ តាម​តួនាទី​របស់ខ្លួន​គឺ​លោក ជួប សារុន មើលមិនឃើញ​ឡើយ​ទោះបី​ពួកគេ​មាន​ជីវភាព​ខ្វះខាត​យ៉ាងណាក៏ដោយ​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនត្រូវ​មើលរំលង​បញ្ហា​នេះ​ទេ ជាពិសេស​មិនត្រូវ​ទុក​ឲ្យ​លោក ជួប សារុន ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិការដ្ឋ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​តាម​អំពើ​ចិត្ត​ទៀត​ទេ​។ រីឯ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន ក៏​គួរ​បើក​ការស៊ើបអង្កេត​រឿងអាស្រូវ​ពុករលួយ​របស់លោក ជួប សារុន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង តាម​ស្ថានភាព​ជាក់ស្តែង​ផងដែរ​៕

imageលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន