ព្រៃ​ឡង់​ខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​

នៅក្នុង​ប្រតិបត្តិការ​ល្បាត​ការពារ​ព្រៃ​ឡង់​ពីថ្ងៃ​ទី​០៨​ដល់​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​រកឃើញ​ភស្តុតាង​នៃ​ការបំផ្លាញ​ព្រៃឈើ​ដែល​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ហេតុនេះហើយ​ទើប​ប្រជា​សហគមន៍​ក៏ដូចជា​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​អំពាវនាវ​ឲ្យ​ក្រសួងកសិកម្ម ក្រសួងបរិស្ថាន និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​ឡង់​ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​ព្រៃ​ឡង់​ដែល​សំបូរ​ទៅដោយ​ឈើ​ល្អៗ សត្វព្រៃ និង​ជីវចម្រុះ​ដ៏​កម្រ​ជាច្រើន​ប្រភេទ​ចៀស​មិន​ផុតពី​វិនាស​សាបសូន្យ​ឡើយ​។

សេចក្ដីអំពាវនាវ​រប​ស់​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ និង​ក្រុម​ន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ គឺ​ចំ​ថ្ងៃ​ដែល​ពិភពលោក​ប្រារព្ធ​ទិវា​ព្រៃឈើ​អន្តរជាតិ​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​រួម​របស់​ក្រុម​សង្គម​ស៊ីវិល ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ បាន​បញ្ជាក់ថា ព្រៃ​ឡង់​និង​តំបន់​ព្រៃឈើ​ផ្សេងទៀត​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ធ្វើ​ឲ្យ​ប្រសើ​ឡើង​នូវ​ការកាត់បន្ថយ​ភាពក្រីក្រ ការពារ​បរិស្ថាន និង​សន្តិសុខ​ស្បៀង​ជាដើម​។ លើស​នេះ​ទៅទៀត​ព្រៃ​ឡង់​មាន​សារៈសំខាន់​បំផុត​សម្រាប់​មនុស្ស​ជាង​២០​ម៉ឺន​នាក់​ដែល​កំពុង​រស់នៅ និង​ទទួលផល​ប្រយោជន៍​ជុំវិញ​ព្រៃ​ឡង់ ជាពិសេស​ជនជាតិដើម​ភាគតិច​រស់នៅ​ពឹងផ្អែក​ទៅលើ​ផល និង​អនុផល​ព្រៃឈើ​តាំងពី​ដូនតា​មក​។ ដូច្នេះ​ក្រសួងកសិកម្ម ក្រសួងបរិស្ថាន និង​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​បំផ្លាញ​ព្រៃ​ឡង់​ឲ្យ​បាន​ទាន់ពេលវេលា​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា បើទោះបី​រដ្ឋាភិបាល​លោក ហ៊ុន សែន បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​បង្កើន​ឲ្យ​មាន​គម្រប​ព្រៃឈើ​នៅ​កម្ពុជា​អាច​កើនឡើង​ដល់​៦០​ភាគរយ​នៅ​ឆ្នាំ​២០៣០​យ៉ាងណាក៏ដោយ ក៏​ជាក់ស្តែង​ផែនការ​នេះ​កំពុង​ប្រឈម​នឹង​បរាជ័យ​។ លើស​នេះ​ទៅទៀត​ទោះបី​រដ្ឋាភិបាល​លោក ហ៊ុន សែន បង្កើត​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កាលពីពេល​ថ្មីៗ​នេះ​យ៉ាងណាក្ដី ក៏​ជាក់ស្តែង​សកម្មភាព​កាប់​ឈើ​ក្នុងព្រៃ​ឡង់​នៃ​ខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ នៅតែ​បន្ត​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។ សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​តែ​ប្រជាពលរដ្ឋ​ដែល​ចូល​ព្រៃ​កាប់​អុស កាប់​ឈើ​បន្តិចបន្តួច  យកមក​ជួសជុលផ្ទះ​សម្បែង​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ធំៗ​និង​ជនល្មើស ដែល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក គឺ​សមត្ថកិច្ច​មិន​ហ៊ាន​ប៉ះពាល់​ពួកគេ​ឡើយ​៕

image001_067 4d1eb9f1-a041-4739-84ab-b491a519a150