ជម្លោះដីធ្លី​នៅ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង អូសបន្លាយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រង​ទុក្ខលំបាក​គ្មាន​ទីបញ្ចប់​

រហូតមកដល់​ពេលនេះ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ នៅ​មិនទាន់​ដោះស្រាយ​ជម្លោះដីធ្លី​នៅ​ភូមិ​បឹង​សង្កែ ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ឲ្យ​បាន​ជ្រះស្រឡះ​នៅឡើយ​ទេ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រឈម​នឹង​ទុក្ខលំបាក​គ្មាន​ទីបញ្ចប់​។ ហេតុនេះហើយ​ទើប​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​នៅ​ស្រុក​ប​វេ​ល ប្រមាណ​៤០​នាក់​តំណាង​៦៣​គ្រួសារ បាននាំគ្នា​ប្រមូលផ្ដុំ​តវ៉ា​មុខ​សាលាខេត្ត​បាត់ដំបង ដើម្បី​ស្នើ​ឲ្យ​អភិបាលខេត្ត និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​របស់​ពួកគាត់​ឲ្យ​បាន​ឆាប់រហ័ស​។ ការតវ៉ា​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​នៅមុខ​សាលាខេត្ត​បាត់ដំបង គឺ​ដោយសារតែ​ពួកគាត់​អស់ជំនឿ​លើ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ដែល​ពន្យារពេល​ជិត​១០​ឆ្នាំ​មកហើយ​មិន​ទទួលបាន​លទ្ធផល​។

មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​ឃ្លាំមើល​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​នៅមុខ​សាលាខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹងថា អ្នក​តវ៉ា​ភាគច្រើន​ជា​មនុស្ស​ចាស់​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើងទៅ និង​ខ្លះ​ជា​ស្ត្រី​មេម៉ាយ​បាន​ឈរ​កាន់​រូបថត​លោក ហ៊ុន សែន និង​ភរិយា ហើយ​សរសេរ​បដា​សុំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់​។ តំណាង​អ្នកភូមិ​បឹង​សង្កែ ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល បាន​ឲ្យ​ដឹងថា មេភូមិ​ឃុបឃិត​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​និង​មូលដ្ឋាន​យក​ដី​ពួកគាត់​លក់ ធ្វើ​ឲ្យ​ពួកគាត់​គ្មាន​ដីធ្លី​សម្រាប់ធ្វើ​ស្រែចម្ការ​ចិញ្ចឹមជីវិត​។ ហេតុនេះហើយ​ទើប​ពួកគាត់​ប្រមូល​ផ្ដុំគ្នា​តវ៉ា​មុខ​សាលាខេត្ត ដើម្បី​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​ពួកគាត់​។

តាម​ការអះអាង​របស់​មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​ឲ្យ​ដឹងថា ជម្លោះដីធ្លី​នោះ​កើតឡើង​តាំងពី​ឆ្នាំ​២០០៧ រហូតដល់​បច្ចុប្បន្ន​នៅតែ​មិនទាន់មាន​ដំណោះស្រាយ​សម្រាប់​ប្រជាពលរដ្ឋ ព្រោះ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​នេះ​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​ឲ្យ​ដឹងថា តាំងពី​ជំនាន់​លោក ប្រាជ្ញ ចន្ទ ធ្វើជា​អភិបាលខេត្ត​បាត់ដំបង រហូតដល់​លោក ច័ន្ទ សុផល ធ្វើជា​អភិបាលខេត្ត​បាត់ដំបង ជម្លោះដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹង​សង្កែ ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល មិនទាន់​ត្រូវបាន​ដោះស្រាយ​នៅឡើយ​។ ប្រជាពលរដ្ឋ​រងគ្រោះ​ក៏មាន​គម្រោង​ឡើងមក​តវ៉ា​ដល់​មុខផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ​ឲ្យ​ជួយ​ដោះស្រាយ​ផងដែរ ប្រសិនបើ​អាជ្ញាធរខេត្ត​បាត់ដំបង នៅតែ​មិន​ព្រម​ដោះស្រាយ​ជូន​ពួកគាត់​ទៀត​នោះ​៕

2320162259bbaលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង 61ced738-5804-407c-83e7-4dd975409ea1ប្រជាពលរដ្ឋតវ៉ាមុខសាលាខេត្តបាត់ដំបង ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦