ក្រុមហ៊ុន​កូ​ម៉ូ​លី បន្តសកម្មភាព​កាប់​ដើមឈើ​ធំៗ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព តាម​អំពើ​ចិត្ត​

លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ និង​លោក អ៊ិត ភូមិ​រ៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ ត្រូវ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ប្រជា​សហគមន៍​ការពារ​ព្រៃឈើ និង​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។ ជាក់ស្តែង​ថ្មីៗ​នេះ​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​៥០​នាក់​មកពី​ភូមិ​គូលែន និង​ភូមិ​ពោធិ៍​រៀង ឃុំ​គូលែន​ខាងជើង ស្រុក​គូលែន ខេត្តព្រះវិហារ បាន​ដើរល្បាត​ការពារ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ទំហំ​ជាង​៦៥០០​ហិកតា​។ នៅពេល​ល្បាត​នោះ​ពួកគាត់​បាន​ចោទប្រកាន់ថា​ក្រុមហ៊ុន​កូ​ម៉ូ​លី បាន​ដឹកជញ្ជូន​គ្រឿងចក្រ​ជាច្រើន​ទៅ​បោះទីតាំង​ក្បែរ​ដែន​ជម្រក​សត្វ ហើយ​លួច​កាប់​យក​ឈើ​ធំៗ ជួញដូរ​ខុសច្បាប់​តាម​អំពើ​ចិត្ត​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​តំបន់​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព បាន​អំពាវនាវ​ឲ្យ​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​របស់​ក្រុមហ៊ុន​កូ​ម៉ូ​លី​ជាបន្ទាន់​។ ដោយហេតុថា មួយ​រយៈពេល​កន្លងទៅ​នេះ​ក្រុមហ៊ុន​កូ​ម៉ូ​លី កាប់បំផ្លាញ​ដើម​ច្បោះ​ជ័រ​ធំៗ​និង​ឈើ​ប្រណីត​ជាច្រើន​ប្រភេទ​ទៀត​នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រី​អាជ្ញាធរ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។ រាល់ថ្ងៃនេះ​ក្រុមហ៊ុន​កូ​ម៉ូ​លី នៅតែ​លួច​ធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ចេញពី​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​យ៉ាង​ងងើល​ដូច​មុន​ដដែល​។

តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​គូលែន បាន​ឲ្យ​ដឹងថា ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ទំហំ​៦៥០០​ហិកតា ត្រូវ​កម្មករ​បុគ្គលិក​ក្រុមហ៊ុន​កូ​ម៉ូ​លី លួច​ចូល​កាប់​ដើម​ច្បោះ​ជ័រទឹក​និង​ដើមឈើ​ប្រណីត​ធំៗ ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​រ៉េវ​ចេញពី​ព្រៃ​ដោយ​គ្មាន​ការបង្ក្រាប​ពី​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឡើយ​។ ហេតុនេះហើយ​ទើប​សហគមន៍​ការពារ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព បាន​អំពាវនាវ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ប្រកបដោយ​ប្រសិទ្ធភាព​។ ជាពិសេស​ត្រូវ​ដាក់ទោស​តាមច្បាប់​ទៅលើ​ម្ចាស់​ក្រុមហ៊ុន​កូ​ម៉ូ​លី ដែល​បំពាន​ចូល​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ទើប​អាច​បញ្ឈប់​កុំ​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​តទៅទៀត​៕

d2bbb41a-33c5-4334-8d71-08f18c3e19bc