មន្ត្រីរដ្ឋបាល​ជលផល ស្រុក​បរិបូរណ៍ បើកដៃ​ឲ្យ​មាន​បទល្មើស​នេសាទ​ដើម្បី​ផលប្រយោជន៍​

តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ជនល្មើស​ដាក់​សម្រាស់​និង​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ចាប់​ត្រី​ស្រេច​តែ​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ឈឹម បាន មន្ត្រីសង្កាត់​រដ្ឋ​បាលជ​ល​ផល​បរិបូរណ៍ ហើយ​ជា​អ្នកគ្រប់គ្រង​តំបន់​អភិរក្ស​ឡូត៍​នេសាទ​ពាក់​កន្ទេល និង​អតីត​ឡូត៍​លេខ​៦ បាន​បើកដៃ​ឲ្យ​ជនល្មើស​ជា​បក្ខពួក​ខ្លួន​ឈ្មោះ ម៉ៅ ឈ្មោះ រុន និង​សាច់​ញា​ត្តិ​ដទៃទៀត​ដាក់​សម្រាស់​រាប់រយ​កន្លែង​ដើម្បី​ចាប់យក​ត្រី​។ បញ្ហា​នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ត្រូវ​ពិនិត្យមើល​ជាបន្ទាន់ ព្រោះ​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ហើយ​សម្ងំស្ងៀម​ដើម្បី​ផលប្រយោជន៍​។

ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុងភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍ បាន​ឲ្យ​ដឹងថា ក្នុង​តំបន់​អភិរក្ស​ឡូត៍​នេសាទ​ចំណុច​កោះ​កញ្ឆា ក្នុង​ព្រែក​ចុង​តា​គង់ មាន​សម្រាស់​រាប់សិប​ក​ន្លែ​ង​នៅក្នុង​ព្រែក ហើយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ក្បាលកោះ​ស្ទឹង​ពោធិ៍ ដែលជា​ស្នាក់​ការពារ​តំបន់​អភិរក្ស​ទី​៣​របស់​កម្លាំងចម្រុះ​ដែលមាន​មន្ត្រីរដ្ឋបាល​ជលផល​ជា​អ្នកគ្រប់គ្រង គឺ​នៅមុខ​ស្នាក់ការ​ប្រមាណ​២០​ម៉ែត្រ មាន​ជនល្មើស​ដាក់​សម្រាស់​៣​កន្លែង ហើយ​នៅក្រោយ​ស្នាក់ការ​ប្រហែល​១០​ម៉ែត្រ​ក៏មាន​សម្រាស់​២​កន្លែង​ផងដែរ​។ ចំណែក​នៅ​ចំណុច​ក​សេះ តាម​បណ្ដោយ​ព្រែក​អន្លង់​ទន្លា​ដែល​ស្ថិតក្នុង​តំបន់​អភិរក្ស​ទី​៣ មាន​បទល្មើស​ដាក់​សម្រាស់​ធុន​ធំ​រាប់រយ​កន្លែង​ដោយសារ​មានការ​បើកដៃ​ពី​មន្ត្រីរដ្ឋបាល​ជលផល​ឈ្មោះ ឈឹម បាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។

ម​ន្ត្រិ​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា កន្លងមក​ក្នុង​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍ មិនសូវមាន​បទល្មើស​ដាក់​សម្រាស់​កើតឡើង​ទេ ប៉ុន្តែ​ក្រោយពេល​លោក ឈឹម បាន មក​ធ្វើជា​មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​តំបន់​នេះ ស្រាប់តែ​បទល្មើស​ដាក់​សម្រាស់​និង​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ផ្សេងៗ​ទៀត​កើតឡើង​យ៉ាង​រាលដាល​។ ការដែល​លោក ឈឹម បាន អាចធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺមាន​ការបើក​ដៃ​ពី​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង​ផងដែរ ព្រោះ​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ខេត្តកំពង់ឆ្នាំង បានដឹង​យ៉ាងច្បាស់​ថា លោក សោម ភា​រុណ គឺជា​មេខ្លោង​ធំ​បំផុត​នៅ​ពីក្រោយ​បទល្មើស​នេសាទ​។ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​នៃ​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍ ជាបន្ទាន់​ព្រោះ​សព្វថ្ងៃនេះ​បទល្មើស​ដាក់​សម្រាស់​និង​ប្រើ​ឧបករណ៍​ខុសច្បាប់​ផ្សេងៗ​ទៀត​កំពុង​រាលដាល​កាន់តែខ្លាំង​ឡើងៗ​ហើយ​៕

11058236_1642876705983862_8040766391971512374_nលោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង aes-10