លោក យឹម សុវណ្ណ បញ្ជាក់ថា​វិធាន​ផ្ទៃក្នុង​ធានា​ប្រសិទ្ធភាព​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្មីៗ​នេះ​បាន​ថ្លែងថា ប្រសិទ្ធភាព​ការងារ​បស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​កិច្ចការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​នឹង​ធានាបាន​តាមរយៈ​វិធាន​ផ្ទៃក្នុង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​នឹង​លេចចេញ​ជា​រូបរាង​ក្នុងពេល​ខាងមុខនេះ​។ លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា​វិធាន​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​នឹង​ចូលរួមចំណែក​ដ៏​សំខាន់​ក្នុង​ប្រសិទ្ធភាព​ការងារ​ក្នុងការ​តាមដាន​សកម្ម​ភាព​របស់​រដ្ឋាភិបាល និង​រដ្ឋសភា​ផងដែរ​។​

​លោក យឹម សុវណ្ណ ដែលជា​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ​ដែរ​នោះបាន​ពន្យល់ថា ជាគោលការណ៍​គ្រប់​គណបក្សនយោបាយ​ទាំងអស់​ត្រូវតែមាន​វិធាន​ផ្ទៃក្នុង​សម្រាប់​គ្រប់គ្រង​អ្នកតំណាងរាស្ត្រ ហើយ​ត្រូវមាន​យន្តការ មាន​យុទ្ធសាស្ត្រ មាន​រចនាសម្ព័ន្ធ ជាដើម​ជា​ចាំបាច់​។ លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា​វិធាន​ផ្ទៃក្នុង​អ្នកតំណាងរាស្ត្រ​នឹង​ជួយ​សម្របសម្រួល​ដល់​កិច្ចការ​អ្នកតំណាងរាស្ត្រ ដើម្បី​ធានាថា​អ្នកតំណាងរាស្ត្រ​ទាំងអស់​អាច​សហការ​បំពេញ​ការងារ​ជាមួយគ្នា​តាម​បែបផែន​លទ្ធិប្រជាធិបតេយ្យ ហើយ​វិធាន​ផ្ទៃក្នុង​អ្នកតំណាងរាស្ត្រ​នេះហើយ​ដែល​ផ្តល់ឱកាស​ឲ្យ​អ្នកតំណាងរាស្ត្រ​មូលមតិ​គ្នា​ក្នុង​ការសម្រេច​កិច្ចការ​សំខាន់ៗ​។​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា សេចក្តីស្នើច្បាប់ និង​សេចក្តីព្រាងច្បាប់ នឹង​ត្រូវបាន​បញ្ចូល​គំនិត​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ដែល​បានទទួល​មកពី​ប្រជាពលរដ្ឋ​។ លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​យក​មតិ​របស់​ពលរដ្ឋ​មក​ពិភាក្សាគ្នា​តាមរយៈ​វិធាន​ផ្ទៃក្នុង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ហើយ​ទន្ទឹមនឹងនេះ​គ្មាន​អ្នកតំណាងរាស្ត្រ​ណា​ម្នាក់​ចេះដឹង​គ្រប់​មុខជំនាញ​នោះទេ ដូច្នេះ​វិធាន​ផ្ទៃក្នុង​អ្នកតំណាងរាស្ត្រ​មានតម្លៃ​សម្រាប់​ប្រសិទ្ធភាព​ការងារ​។​

គួរ​បញ្ជាក់ថា កន្លងមក​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​មានប្រសាសន៍ថា​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រជាធិបតេយ្យ​ពិតប្រាកដ ព្រោះ​រាល់​កា​សម្រេចចិត្ត​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវធ្វើឡើង​តាម​បែបបទ​លទ្ធិប្រជាធិបតេយ្យ ហើយក៏​មិនមាន​ការប្រមូលផ្តុំ​អំណាច​ទៅលើ​បុគ្គល​ណា​តែ​ម្នាក់​នោះទេ​។ លោក កឹម សុខា បញ្ជាក់ថា រាល់​យន្តការ គោលនយោបាយ យុទ្ធសាស្ត្រ រចនាសម្ព័ន្ធ និង​ការសម្រេចចិត្ត​ធ្វើ​អ្វីមួយ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ សុទ្ធតែ​បាន​ឆ្លងកាត់​ការពិភាក្សា ពិគ្រោះ​យោបល់ និង​ស្តាប់​មតិ​របស់​ប្រជាពលរដ្ឋ​ជានិច្ច​៕

12316665_825260230925537_3827700567980035731_n