តំបន់​អភិរក្ស​ទី​៣​ឃុំ​កំពង់ព្រះ​គគីរ កើតមាន​បទល្មើស​ដាក់​សម្រាស់​រាប់រយ​កន្លែង​ដោយសារ​សមត្ថកិច្ច ការពារ​បណ្តែតបណ្តោយ​

​ខេត្តកំពង់ឆ្នាំង​៖ នៅ​ចំណុច​កោះ​កញ្ឆារ​ចុង​តា​គង់ ក្នុង​ព្រែក​ស្ថិតក្នុង​កន្លែង​ការពារ​តំបន់​អភិរក្ស​ទី​៣ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ នៅ​ម៉ោង​២ និង​១៥​នាទី​រសៀល​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៦ ក្រុម​អ្នក​សារ ព័ត៌មាន​យើង​បាន​ទៅ​ទាន់​អ្នក​ហ៊ុំ​សម្រាស់​ចាប់​ត្រី​មួយកន្លែង និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច មក​រឹប អូស​សាច់​អួន​ហ៊ុំ​សម្រាស់​នេះ​ដែលមាន​ប្រវែង​ប្រមាណ​៤០​ម៉ែត្រ​យកមក​រក្សាទុក​ក្នុង​ទីស្នាក់ការ​ការពារ​តំបន់​អភិរក្ស​ទី​៣​។

បុរស​ជា​អ្នក​ហ៊ុំ​សម្រាស់​ខាងលើ​បានអោយដឹងថា​៖ គាត់​ឈ្មោះ ញឹម (​អាយុ​ជាង​៥០​ឆ្នាំ​) រស់នៅ​ភូមិ ព្រះ​ឥន្ទទេព ឃុំ​ផ្សារ ស្រុក​បរិបូណ៌ គាត់​មក​មើល​ក្របី​អត់​ត្រី​ហូប​ក៍​លួច​ហ៊ុំ​សម្រាស់​ចាប់​ត្រី​តែម្តងទៅ ប៉ុន្តែ​សម្រាស់​នៅ​ម្តុំ​នេះ និង​នៅ​ខាងលើនេះ​ក្នុង​តំបន់​អភិរក្ស​មាន​សម្រាស់​រាប់​រយ​កន្លែង​ទៀត ពុំមាន ដែល ឃើញ​មាន​សមត្ថកិច្ច​ណាមួយ​ចុះមក​បង្ក្រាប​ឡើយ​។​

​ដោយឡែក​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ឃុំ​កំពង់ព្រះ​គគីរ​ក៏បាន​ជូន​ក្រុម​អ្នកសារព័ត៌មាន​យើង ចុះ​ពិនិត្យឃើញ​មាន​ការដាក់​សម្រាស់​រាប់​រយ​កន្លែង​ផ្សេងទៀត​យ៉ាង​អនាធិបតេយ្យ​ដែលមាន​នៅក្នុង​ព្រែក​រណ្តំ ព្រែក​ពាម​ទន្លា​ចំណុច​ពី​ក​សេះ​មក​ស្ទឹង​ពោធិ ដែល​អាច​បញ្ជាក់ថា បទល្មើស​ទាំងនេះ គឺជា​ការ​បើកដៃ​យ៉ាង​ចំហរ​ពី​សមត្ថកិច្ច​ចម្រុះ​ក្រុម​ការពារ​តំបន់​អភិរក្ស​ទី​៣ ដឹកនាំ​ដោយ​លោក ឈឹម បាន ជា​ប្រធាន​ក្រុម​ការពារ និង​ជា​អនុប្រធាន​រដ្ឋបាល​សង្កា​ត់​នេសាទ​ស្រុក​បរិបូណ៌ ព្រោះថា​នៅ​ចំណុច​ខាងមុខ និង​ខាងក្រោយ​ស្នាក់ការ​ការពារ​ក៏មាន​ការដាក់​សម្រាស់​ផងដែរ​។ ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​អោយដឹងថា ប្រជាពលរដ្ឋ​៣​នាក់ ដែល​ប្រធាន​ក្រុម​ការពារ​ហៅ​អោយមក​ស្នាក់នៅ ជួយ​ការងារ​ក៏​ជា​អ្នក​ដាក់​សម្រាស់​ដែរ​។​

​ទាក់ទង​នឹង​រឿងនេះ នៅ​ល្ងាច​ថ្ងៃទី​២០ ខែមីនា លោក ឈឹម បាន ប្រធាន​ក្រុម​ការពារ​តំបន់​អភិ រក្ស​ទី​៣​បានអោយដឹងថា​៖ ការដាក់​សម្រាស់​នៅក្នុង​តំបន់​អភិរក្ស​ពិតជា​កើតមាន​មួយចំនួន​ពិតមែន តែ​មិនមាន​ច្រើនពេក​នោះទេ ករណីនេះ​គឺ​ប្រជាពលរដ្ឋ​ធ្វើ​ចំការ​នៅតាម​ព្រែក​ទាំងនោះ​ជា​អ្នក​លួច​ដាក់ មិនមែន​ក្រុម​ការពារ​របស់លោក​ជា​អ្នក​អនុញ្ញាតអោយ​ដាក់​នោះឡើយ​។ ម្យ៉ាងទៀត​នៅក្នុង​ក្រុម​ការពារ​តំបន់​អភិរក្ស​ទី​៣​របស់លោក​ពីមុន​មាន​គ្នា​៤​នាក់ ឥឡូវ​នៅសល់តែ ២​នាក់​ប៉ុណ្ណោះ គឺ​រូបលោក និង​យោធា​ស្រុក​ម្នាក់ ចំណែក​ប៉េអឹម​ម្នាក់​និង​នគរបាល​ស្រុក​ម្នាក់ទៀត គេ​ទៅ​អង្គភាព​គេ​វិញ​យូរ​មកហើយ​មិនឃើញ​វិល​មកជួយ​ការពារ​វិញ​ឡើយ​។ ហេតុនេះ​ភូមិសាស្ត្រ​ការពារ​តំបន់​អភិរក្ស​ទី​៣​ធំធេង​ណាស់ មាន​កម្លាំង​តែ​២​នាក់​មិនអាច​ការពារ​បទល្មើស​គ្រប់​ជ្រុង​ជោ​យ​ឡើយ​។​

​ចំណែក​លោក សោម ភិ​រុណ នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បានអោយដឹងថា​៖ កន្លងមក​លោក​ធ្លាប់បាន​អប់រំ​មន្ត្រីរដ្ឋបាល​ជលផល​ទាំងអស់​ដែលជា​ប្រធាន​ក្រុម​ការពារ​តំបន់​អភិរក្ស​ត្រូវតែ​ការពារ​តំបន់​អភិរក្ស​របស់ខ្លួន​អោយបាន​មិនត្រូវ​ឃុបឃិត​ជាមួយ​បទល្មើស​ឡើយ​បើ​តំបន់​ការពារ​កន្លែង​អភិរក្ស​ណាមួយ​មាន​បទល្មើស ប្រធាន​ក្រុម​ការពារ​នោះ​ត្រូវតែ​ទទួលខុសត្រូវ​ជាមួយ​ថ្នាក់លើ​។ ដោយឡែក​ទាក់ទង​នឹង​បទល្មើស​ដាក់​សម្រាស់​នៅក្នុង​តំបន់​អភិរក្ស​ខាងលើនេះ លោក​នឹង​ចាត់តាំង​អោយ​មន្ត្រី​របស់​លោក​ចុះទៅ​ពិនិត្យមើល បើ​មាន​ពិតមែន​លោក និង​ដឹកនាំ​កម្លាំង​ចុះទៅ​បង្ក្រាប​រុះរើ​សម្រាស់​ទាំងនោះ​ចោល​អោយអស់​មិនអោយ​កើតមាន​ទៀតឡើយ​៕ រិ​ទ្ធិ ជ័យ​

KA-21-03-2016-15

KA-21-03-2016-16 KA-21-03-2016-17 KA-21-03-2016-18 KA-21-03-2016-19 KA-21-03-2016-20 KA-21-03-2016-21 KA-21-03-2016-22