កូរ៉េ​ខាង​ត្បូង​រក​ឃើញ​​ករណី​​​​ដំបូង​នៃ​វីរុស​ Zika ក្នុង​ប្រទេស​

​យោង​តាម​មន្ត្រី​អាជ្ញាធរ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​​​​​​នា​ថ្ងៃ​អង្គារ​ ២២ ខែ​មីនា ឆ្នាំ២០១៦​នេះ​ បាន​បញ្ជាក់​អះ​អាង​ថា​​​កើត​ករណី​​មនុស្ស​ឆ្លង​វីរុស​ Zika ដំបូង​​ក្នុង​ប្រទេស​​។ នេះ​បើ​​តាម​ទី​ភ្នាក់​ងារ​​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​​ យុនហាប់។

 

កូរ៉េ​ខាង​ត្បូង​រក​ឃើញ​​ករណី​​​​ដំបូង​នៃ​វីរុស​ Zika ក្នុង​ប្រទេស​

 

យោង​តាម​មជ្ឈមណ្ឌល​​​បង្ការ​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូរ៉េ​ខាង​ត្បូង​​​​​​បាន​ឲ្យ​ដឹង​ថា បុរស​វ័យ​​៤៣​ឆ្នាំ​ម្នាក់​​ត្រូវ​បាន​​តេស្ត​​​ឃើញ​ថា​មាន​​សញ្ញា​វិជ្ជមាន​នៃ​​វីរុស​ Zika បន្ទាប់​ពី​​​​បុរស​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​​ប្រេស៊ីល​​​នា​ពាក់​កណ្ដាល​ខែ​កុម្ភៈ​​និង​ដើម​ខែ​មីនា។

 

គិត​មក​​ទល់​ពេល​នេះ​ ពុំ​មាន​វ៉ាក់សាំង​សម្រាប់​ចាក់​​បង្ការ​វីរុស​ខាង​លើ​នៅ​ឡើយ​ទេ។ ដោយ​យោង​តាម​អង្គការ​​​សុខភាព​​ពិភព​លោក​​​កាល​ពី​ថ្ងៃ​ទី​១​កុម្ភៈ​បាន​ប្រកាស​​អាសន្ន​ជា​ផ្លូវ​ការ​​អំពី​វីរុស​ Zika ជា​​បញ្ហា​​ពិភពលោក ជា​ពិសេស​​​​​វីរុស​​Zika អាច​​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដំណើរ​មាន​​ផ្ទៃ​ពោះ​​​​របស់​ស្ត្រី​និង​អាច​ទាក់​ទង​នឹង​ជំងឺ​បង្ក​ឲ្យ​ទារក​មាន​លលាដ៍​និង​ខួរ​ក្បាល​តូច​។

 

ដោយ​ឡែក​ ប្រទេស​ប្រេស៊ីល​ជា​ប្រទេស​មួយ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​វីរុស​ Zika ធ្ងន់ធ្ងរ​ជាង​គេ​ ដែល​មាន​មនុស្ស​ ១,៥​លាន​នាក់​បាន​ឆ្លង​​វីរុស​​ និង​​​​មាន​​៧៤៥​​ករណី ត្រូវ​បាន​អះ​អាង​ថា​​កើត​មាន​រោគ​សញ្ញា​ឆ្លង​វីរុស​ Zika ។​ គួរ​រំឭក​ផង​ដែរ​ថា វីរុស Zika រក​ឃើញ​ដំបូង​នៅ​លើ​សត្វ​ស្វា​ក្នុង​ឆ្នាំ​១៩៤៧ និង​លើ​មនុស្ស​ក្នុង​ឆ្នាំ​១៩៥២ នៅ​ប្រទេស Uganda នៃ​ទ្វីប​អាហ្វ្រិក ។ បន្ទាប់​មក​ជំងឺ​នេះ​មាន​ការ​រាតត្បាត​ខ្លាំង​ក្នុង​តំបន់​អាមេរិក ខាង​ត្បូង និង​កណ្ដាល​នៅ​ឆ្នាំ​២០១៤៕

 

ចុចអាន៖  អ្នក​ជំងឺ​ឆ្លង​វីរុស​ Zika រក​ឃើញ​នៅ​ថៃ ឥណ្ឌូនេស៊ី និងអូស្រ្តាលី

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ channelnewsasia, straitstimes​​​​​​​​​​​​​​

​​​​​​​​​​​​​