មុំ សុធារ៉ា លះ​បង់​​​បណ្ឌិត​​​​ចូល​សិល្បៈ

តារា​សម្ដែង​ មុំ​ សុធារ៉ា បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ដោយសារ​ស្រលាញ់​សិល្បៈ​ លោក​​មិន​ទាន់មាន​គម្រោង​​ចាប់​យក​​ថ្នាក់​បណ្ឌិត​ទេ​ ដើម្បី​យក​ពេល​ចូល​​ប្រឡូក​អាជីព​សិល្បៈ​សិន​។

 

“ខ្ញុំ​ចង់​បន្ត​ទៀត​ដែរ ប៉ុន្តែ​ឥឡូវ​ នេះ​មាន​ការ​រវល់​ខ្លាំង​ជា​មួយ​សិល្បៈ​ ណាមួយទាន់​មាន​​ឱកាស ហើយ​សិល្បៈ​នេះ​​ ជា​អ្វី​ដែល​ខ្ញុំ​ស្រលាញ់​តាំង​ពី​តូច​មក​ម្ល៉េះ​​​”។

 

មុំ សុធារ៉ា លះ​បង់​​​បណ្ឌិត​​​​ចូល​សិល្បៈ

 

​តារា​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​ស្វាយ​រៀង​ បន្ត​ទៀត​ថា​ លោក​បាន​ចប់​អនុ​បណ្ឌិត​ខាង​ផ្នែក​គ្រប់​គ្រង​តាំង​ពី​ឆ្នាំ​២០១២​ មក​ម្ល៉េះ​ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ ប៉ុន្តែ​មិន​ទាន់​បាន​បន្ត​យក​បណ្ឌិត​ទេ គោល​បំណង​ចង់​​ប្រឡូក​ក្នុង​​អាជីព​សិល្បៈតាម​ក្តី​ស្រមៃ​សិន​។

 

ដំបូង​ឡើយ​ ដោយ​សារ​មិន​ទុក​ចិត្ត​នឹង​សមត្ថភាព​ខ្លួន​​ឯង​ ធារ៉ា បញ្ជាក់ថា​ ​ មិន​ដែល​នឹក​នា​​នឹង​ចូល​សិល្បៈ​តាម​ណា​នោះ​ទេ ទោះយ៉ាង​ណា​ដោយ​​មាន​ការ​ជំរុញ​ពី​​មិត្ត​ភក្តិ​ គួប​ផ្សំ​នឹង​ការ​ស្រលាញ់​ ធារ៉ា ​បាន​ហក់​ចូល​សិល្បៈ​តាម​រយៈ​ការ​ប្រឡង​ម៉ូដែល​មួយ​ក្នុង​ឆ្នាំ​២០១៤ បាន​ជាប់​​ជយលាភី​លេខ​១ ពេល​នោះ​លោក​ ក៏​​បន្ត​ការងារ​​សិល្បៈ​ហូរហែ។

 

មុំ សុធារ៉ា លះ​បង់​​​បណ្ឌិត​​​​ចូល​សិល្បៈ

 

 (ធារ៉ា ជាមួយ សូ ម៉ៃយ៉ា​ តួ​​ឯក​ក្នុង​រឿង​” ហង្ស​បាក់​ស្លាប”)

 

តារា​ប្រុស​កម្ពស់ ១.៨៣ ម៉ែត្រ​រូប​នេះ​ ​ក្នុង​ឆ្នាំ​​ថ្មី​២០១៦​នេះ លោក​បន្ថែម​ទៀត​ថា​ ​​ទើប​ទទួល​បាន​តំណែង​តួ​ឯក​ ក្នុង​រឿង “ហង្ស​បាក់​ស្លាប”​ឲ្យ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥  ព្រម​ទាំង​​ថត​បទ​ចម្រៀង​ត្រៀម​ចូល​ឆ្នាំ​​ឲ្យ​ផលិតកម្ម​ និង​ទូរទស្សន៍​នានា​៕

 

អត្ថបទ៖ ថា ម៉ាលីដា​​​​​