ទៅ​លេង​ស្រុក​ ស្រាប់​តែ​ខ្មោច​តា​ពន្យល់​សប្ដិ​ឱ្យ​យក​កំណប់

រឿង​យល់សប្ដិ​កាន់​តែ​ហួស​និស្ស័យ​នឹង​ទុក​ចិត្ត​សម្រាប់​​មនុស្ស​សម័យ​បច្ចេកវិទ្យា​ ប៉ុន្តែ​អបិយជំនឿ​ទាក់​ទង​នឹង​ការ​យល់សប្ដិ​នេះ​តែងតែ​កើត​មាន​ជា​ហូរហែ ដូច​ក្នុង​រឿង​មួយ​របស់​បុរស​ម្នាក់​ជា​អ្នក​ខេត្ត​កំពង់ចាម…​

…ការ​ធ្វើ​ដំណើរ​ផ្លូវ​ដ៏​ឆ្ងាយ ធ្វើ​ឱ្យ​ខ្ញុំ​អស់​កម្លាំង​យ៉ាង​ខ្លាំង​ចៀស​មិន​ផុត។ ក្រោយ​ពី​ហូប​អាហារ​ពេល​យប់​ជាមួយ​ប៉ា​ម៉ាក់​​រួច​​ ខ្ញុំ​នៅ​ជជែក​លេង​ជាមួយ​ពួក​គាត់​មួយ​សន្ទុះ រួច​ខ្ញុំ​ក៏​រៀបចំ​ចូល​គេង​ពី​ក្បាល​ព្រលប់​បន្តិច ប៉ុន្តែ​មុន​នឹង​ចូល​គេង ខ្ញុំ​បាន​ទៅ​អុជ​ធូប​ដល់​តា​ខ្ញុំ​ដែល​បាន​ស្លាប់​តាំង​ពី​ខ្ញុំ​នៅ​តូច​កើត​ទើប​តែ​បាន​មួយ​ខួប​ពីរ​ខួប​ម្ល៉េះ។
ខ្ញុំ​គេងលក់​យ៉ាង​ឆ្ងាញ់​តែ​ម្ដង ប៉ុន្តែ​ស្រាប់​តែ​ពាក់​កណ្ដាល​អធ្រាត្រ ខ្ញុំ​យល់​សប្ដិ​ចម្លែក​មួយ​។​ ព្រលឹង​ខ្ញុំ​ឃើញ​ថា មនុស្ស​ម្នាក់​ឈរ​នៅ​ចុងជើង​ខ្ញុំ​កំពុង​គេង ហើយ​ស្រែក​ហៅ​ខ្ញុំ​៖
​«អា​ចៅ! ក្រោក​ឡើង!»​​ ខ្ញុំ​បើក​ភ្នែក​មក​ក៏​ឃើញ​តា​ម្នាក់​កំពុង​ញញឹម​ដាក់​ខ្ញុំ​ ខ្ញុំ​ក៏​ងើប​អង្គុយ។
​«តា???​ លោកតា​មែនទេ? ​លោកតា​មក​រក​លេង​ខ្ញុំ មែន​ទេ?​»
​«តា​មាន​របស់​មួយ​ចង់​ឱ្យ​ចៅឯង!» គាត់​តប​ទាំង​មុខ​នៅ​ញញឹម​ជាប់។​
​«​របស់​អី​ទៅ​លោកតា?» ខ្ញុំ​សួរ​ទាំង​ឆ្ងល់។​
​«ជា​របស់​សំខាន់​មួយ​ដែល​តា​កប់​ទុកចោល​យូរ​ហើយ​ ប៉ុន្តែ​ចៅ​ត្រូវ​ចាំ​ថា ​របស់​កាន់​តែ​ល្អ កាន់​តែ​ពិបាក​យក! ក្នុង​សម័យ​សង្គ្រាម តា​យក​វា​ទៅ​កប់​ដោយ​​បញ្ចុះ​អ្នក​ការពារ​នៅ​ជាមួយ​ផង! ដូចនេះ ចៅ​មាន​សំណាង​បាន​របស់​នោះ ឬ​អត់ ​អាស្រ័យ​លើ​ចៅ​ខ្លួនឯង​ហើយ!»

​«អ្នក​ការពារ​អី​ទៅ?» ខ្ញុំ​ព្យាយាម​សួរ​បញ្ជាក់។​
​«តា​មិន​អាច​ប្រាប់​បានទេ​បើសិនជា​ចៅ​ខ្លាច​ រាថយ ឬ​រត់​ត្រលប់​ក្រោយ ចៅ​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត!»
​«ត្រូវ​មាន​គ្រោះ​ដល់​ស្លាប់​ផង?»​ ខ្ញុំ​សួរ​ទាំង​បារម្ភ។
​«ត្រូវ​ហើយ! ល្បែង​មួយ​នេះ​គឺ​ត្រូវ​យក​ជីវិត​ទៅ​ភ្នាល់!​ តើ​ចៅ​ហ៊ាន​លេង​ដែរ​ទេ?»
«ខ្ញុំ​ហ៊ាន​លោកតា!!»
គាត់​និយាយ​បន្ត​ទៀត​ថា៖
«តា​បាន​កប់​លាក់​របស់​ស័ក្ដិសិទ្ធិ​ជាច្រើន​ខាង​ជើង​ដើម​ជ្រៃ​ក្បែរ​បច្ឆា​វត្ត!​ ពេល​ចៅ​ឯង​ដើរ​ទៅ​ដល់​គល់​ដើម​ជ្រៃ​នោះ ចៅ​ឯង​ដើរ​ទៅ​ទិស​ខាង​ឆ្វេង​៧​ជំហាន ចៅ​នឹង​ឃើញ​ថ្ម​៣​ដុំ​តម្រៀប​គ្នា​ជា​មុំ​ចង្ក្រាន! ចូរ​ចៅ​​ជីក​ចន្លោះ​កណ្ដាល​ដុំ​ថ្ម​នោះ​យក​ចុះ ប៉ុន្តែ​ត្រូវ​ចាំ​ជានិច្ច​ថា ដាច់​ខាត​ត្រូវតែ​ក្លាហាន មិន​តក់​ស្លុត មិនថា​ជួប​នឹង​អ្វី​ក៏ដោយ! ជួប​មនុស្ស​វាយ​មនុស្ស ជួប​ខ្មោច​វាយ​ខ្មោច ជួប​ព្រាយ​វា​ព្រាយ​! ប្រសិន​ជា​ចៅឯង​ចាញ់​​ ចៅឯង​អាច​ស្លាប់​ ហើយ​ក្លាយ​ជា​អ្នកយាម​របស់​នៅ​បន្ត! ចៅឯង​ត្រូវតែ​ចាំ​ពាក្យ​តា​ប៉ុន្មាន​ឃ្លា​ហ្នឹង ​កុំ​ឱ្យ​ភ្លេច​ឱ្យ​សោះ!!»

 

 

ទៅ​លេង​ស្រុក​ ស្រាប់​តែ​ខ្មោច​តា​ពន្យល់​សប្ដិ​ឱ្យ​យក​កំណប់

 

ខ្ញុំ​ចង់​សួរ​ត​ទៀត ប៉ុន្តែ​ខ្ញុំ​ភ្ញាក់​ពី​គេង​ទៅ​ហើយ មេឃ​ងងឹត​ស្លុប ខ្ញុំ​មើល​ម៉ោង​ទើប​តែ​១​រំលង​អធ្រាត្រ​ប៉ុណ្ណោះ។ តើ​ខ្ញុំ​ពិត​ជា​ហ៊ាន​ទៅ​មែន​ឬ? សំណួរ​រាប់​ពាន់​ចាប់​ផ្ដើម​ផុស​ពេញ​ខួរ​ក្បាល​ខ្ញុំ។ ​ថ្មើរ​នេះ​ នាទី​នេះ ខ្ញុំ​ដើរ​ទៅ​ទី​ស្មសាន​ព្រោះ​តែ​យល់​សប្ដិ​មួយ តើ​ស័ក្ដិសម​ដែរ​ឬ​អត់​? តើ​វា​ជា​ការពិត​ដែរ​​អត់​? ពិតជា​ចម្លែក​ខ្លាំង​ណាស់…

 

ចង់​ដឹង​ថា​បុរស​នោះ​ទៅ​តាម​ការ​ពន្យល់​សប្ដិ​របស់​ជីតា​ឬ​អត់​ សូម​រង់ចាំ​អាន​រឿង «កំណប់​អាថ៌​កំបាំង​» ដែល​នឹង​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ហើយ។​