ពលរដ្ឋ​នៅ​ខេត្ត​រតនគិរី​បារម្ភ​ពី​កង្វះ​ទឹក​ប្រើប្រាស់​នៅ​ចុង​រដូវ​ប្រាំង

ការ​ប្រែប្រួល​អាកាសធាតុ​បច្ចុប្បន្ន​ធ្វើ​ឲ្យ​ប្រភព​ទឹក​ក្នុង​ដី​ទឹក​អូរ​ធម្មជាតិ ទឹក​បឹង និង​ទន្លេ​នៅ​ខេត្ត​រតនគិរី កាន់​តែ​ខ្សត់ខ្សោយ​ទឹក​ខុស​ធម្មតា។ ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្ត​រតនគិរី កំពុង​ត្រៀម​លក្ខណៈ​បង្កើត​អាង​ស្តុក​ទឹក​បន្ថែម​ទៀត​បង្ការ​ខ្លាច​ខ្វះ​ទឹក​ចែកចាយ​ពលរដ្ឋ​ប្រើប្រាស់។

ប្រជាពលរដ្ឋ​រស់​នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី បារម្ភ​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​ចុង​រដូវ​ប្រាំង​នេះ ដោយសារ​តែ​បរិមាណ​ទឹក​អណ្ដូង និង​ទឹក​អូរ​ធម្មជាតិ​ដែល​អ្នក​ភូមិ​ប្រើប្រាស់​កាន់​តែ​រីង​អស់​ទឹក។

ជាង ៥០​ភាគរយ​នៃ​ប្រជាពលរដ្ឋ​ជាង ១៦​ម៉ឺន​នាក់​រស់​នៅ​ក្រុង​បានលុង ប្រើប្រាស់​ទឹក​អណ្ដូង​ជីក​ជម្រៅ​ពី ២០ ទៅ ២៥​ម៉ែត្រ ខ្លះ​ទៀត​ប្រើប្រាស់​អណ្ដូង​ខួង​ជម្រៅ​លើស​ពី ៣០​ម៉ែត្រ។ ដោយ​ឡែក​ប្រជាពលរដ្ឋ​រស់​នៅ​ជិត​មាត់​អូរ​ធម្មជាតិ​ប្រើប្រាស់​ទឹក​អូរ​សម្រាប់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។ ក្រៅ​ពី​នេះ ប្រជាពលរដ្ឋ​ប្រមាណ ៥០​ភាគរយ​ទៀត​ប្រើប្រាស់​បណ្ដាញ​ទឹក​ស្អាត​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ឯកជន​តាយសេង។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ធួយអំពិល លោក សឿ ចន្ថា អះអាង​ថា ឆ្នាំ​នេះ​ទឹក​អណ្ដូង​ដែល​គ្រួសារ​លោក​ប្រើប្រាស់​រីង​តាំង​ពី​ដើម​រដូវប្រាំង​ផ្ទុយ​ពី​ឆ្នាំ​កន្លង​ទៅ។ លោក​ថា អ្នក​ភូមិ​កំពុង​ប្រឈម​ទៅ​នឹង​កង្វះ​ទឹក​ប្រើ​ប្រសិន​រដូវ​ប្រាំ​អូស​បន្លាយ​ពេល​យូរ​គ្មាន​ភ្លៀង​ធ្លាក់៖ «អា​ហ្នឹង​វា​ខ្វះ​ណា! បើ​សិន​មាន​អង្គការ​ណា​អាច​ជួយ ឬ​ខាង​ប្រព័ន្ធ​ទឹក​ស្អាត​ចុះ​មក យើង​ប្រើ យើង​ទិញ​ប្រើ។ រាល់​ថ្ងៃ​ប្រើ​ទឹក​អណ្ដូង​ផ្ទះ​បង​នៅ​ឆ្ងាយ»

​ចំណែក​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ព្រៅ ឈ្មោះ សេវ ព័រ ឲ្យ​ដឹង​ដែរ​ថា ទឹក​អណ្ដូង​ក្បែរ​ផ្ទះ​របស់​គាត់​ត្រូវ​រីង​អស់​ដូចគ្នា​ហេតុ​នេះ គ្រួសារ​គាត់​ត្រូវ​ទៅ​រក​ទី​ទំនាប​ក្បែរ​ស្រែ​ជីក​អណ្ដូង​ថ្មី​ដើម្បី​បាន​ទឹក​ប្រើប្រាស់។ អ្នកស្រី​បារម្ភ​ថា នៅ​ចុង​រដូវ​ប្រាំង​នេះ អណ្ដូង​ជីក​ថ្មី​ទំនង​រីង​ទៀត ហេតុ​នេះ​កង្វះ​ទឹក​ប្រើប្រាស់​គឺ​ជា​កង្វល់​ខណៈ​ជីវភាព​រស់​នៅ​របស់​អ្នក​ភូមិ​កាន់​តែ​ថយ​ចុះ​នៅ​ពេល​បច្ចុប្បន្ន​ដោយសារ​ផល​កសិកម្ម​មិន​អំណោយផល និង​លក់​ក្នុង​តម្លៃ​ថោក៖ «សុំ​គេ​ធ្វើ​ទឹក​ស្អាត​មក​ទី​នេះ។ ព្រួយ​បារម្ភ​អត់​មាន​ទឹក។ ដាំ​ស្រូវ យើង​ព្រួយ​បារម្ភ​តែ​រឿង​ហ្នឹង ណា​មួយ​ដាំ​បន្លែ​ទៀត»

​តួលេខ​របស់​ក្រុមហ៊ុន​ទឹក​ស្អាត​តាយសេង ក្នុង​មួយ​ខែ​ក្រុមហ៊ុន​បាន​ផ្គត់ផ្គង់​ទឹក​ប្រមាណ ៦​ម៉ឺន​ម៉ែត្រ​គូប បម្រើ​តម្រូវការ​ប្រើប្រាស់​របស់​អតិថិជន​ដែល​ប្រើប្រាស់​បណ្ដាញ​ទឹក​ស្អាត​នៅ​ក្នុង​ក្រុង​បានលុង។

នាយក​ក្រុមហ៊ុន​តាយសេង លោក លី ហុងស៊ិន ទទួល​ស្គាល់​ដូចគ្នា​ថា បរិមាណ​ទឹក​អូរ​ធម្មជាតិ​ដែល​ក្រុមហ៊ុន​ប្រើប្រាស់​សម្រាប់​សេវាកម្ម​ទឹក​ស្អាត​កាន់តែ​ថយ​ចុះ ហេតុ​នេះ​បញ្ហា​ប្រឈម​ខ្វះ​ទឹក​អាច​នឹង​កើតមាន​ចុង​រដូវ​ប្រាំង​នេះ ប្រសិន​អាង​ស្តុក​ទឹក​របស់​ក្រុមហ៊ុន​បច្ចុប្បន្ន​កាន់តែ​រីង​អស់​ទឹក។

យ៉ាង​នេះ​ក្តី លោក​អះអាង​ថា អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ទឹក​ស្អាត​បច្ចុប្បន្ន​នៅ​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​ឡើយ។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​កំពុង​ពិនិត្យ​លទ្ធភាព​បង្កើត​អាង​ស្តុក​ទឹក​នៅ​ផ្នែក​ខាង​ក្រោម​អូរ​បន្ថែម​ទៀត ដើម្បី​រក្សា​ទឹក​ឲ្យ​បាន​ច្រើន​សម្រាប់​បំពេញ​ការ​ប្រើប្រាស់​ទឹក​នៅ​រដូវ​ប្រាំង៖ «អត់​ទាន់​ខ្វះ​ទេ បើ​ខ្លាច​ខ្វះ​ខែ​៥ ព្រោះ​ទឹក​កាន់តែ​តិច​ជាង​មួយ​ខែ​ហើយ។ ទឹក​នៅ​បានលុង កាន់​តែ​ប្រើ​ច្រើន​ព្រោះ​វា​ក្ដៅ»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​រតនគិរី លោក ចាន់ ប៊ុនធឿន មាន​ប្រសាសន៍​ថា កង្វះ​ទឹក​ប្រើប្រាស់​នៅ​ក្រុង​បានលុង មិន​ឋិត​ក្នុង​ភាព​អាសន្ន​នោះ​ទេ។ ​លោក​ថា មន្ត្រី​ធនធាន​ទឹក​នឹង​ចុះ​ពិនិត្យ​អាង​ស្តុក​ទឹក​របស់​ស្ថានីយ​ផលិត​ទឹក​ស្អាត​ក្រុមហ៊ុន​ដើម្បី​សិក្សា​ពី​លទ្ធភាព​ស្តុក​ទឹក​បំពេញ​តម្រូវ​ការ​ប្រើប្រាស់​នៅ​រដូវ​ប្រាំង៖ «នៅ​ខេត្ត​យើង​អត់​មាន​បញ្ហា​ស្អី​ផង បើ​នៅ​ស្រុក​កូនមុំ ខ្វះ​ទឹក​ជាង​គេ។ បញ្ហា​អូរ​ចាំ​ខ្ញុំ​ទៅ​មើល​សិន»

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ឲ្យ​ប្រុង​ប្រយ័ត្ន​ប្រើ​ប្រាស់​ទឹក​ដោយសារតែ​រដូវប្រាំង​ឆ្នាំ​នេះ​អូស​បន្លាយ​រហូតដល់​ខែ​មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។