ជីវិត​​របស់​ស្ត្រី​ឡើង​ត្នោត​ម្នាក់​នៅ​ខេត្ត​កំពង់ឆ្នាំង

ប្រជា​កសិករ​ខ្មែរ​មួយ​ចំនួន​តែងតែ​ប្រកប​មុខ​របរ​ឡើង​ត្នោត​យក​ទឹក​រម្ងាស់​ជា​ស្ករ​លក់ ក្រៅ​ពី​មុខរបរ​ធ្វើ​ស្រែចម្ការ​ប្រចាំ​ឆ្នាំ​របស់​ពួកគាត់។ អ្នក​ឡើង​ត្នោត ត្រូវ​ការ​មនុស្ស​ប្រុស​ដែល​មាន​ដៃ​រឹង ​ស្មា​មាំ និង​មាន​ស្មារតី​ខ្ពស់ ដើម្បី​បង្ការ​ភាព​តក់ស្លុត ឬ​គ្រោះ​ថ្នាក់​ពេល​ឡើង​ដើម​ត្នោត​ខ្ពស់ៗ។ ប៉ុន្តែ​ស្ត្រី​មិន​សូវ​មាន​កម្លាំង​មាំមួន​ម្នាក់​នៅ​ខេត្ត​កំពង់ឆ្នាំង បាន​តាំង​ខ្លួន​​ដូច​មនុស្ស​ប្រុស តស៊ូ​ឡើង​ត្នោត​ដើម្បី​ចិញ្ចឹម​កូន។

ម៉ោង​ជាង ៨​ព្រឹក​ទៅ​ហើយ លោកស្រី ញឹក ចំរើន ទើប​យក​ពពេល​ដាក់​ចូល​ក្នុង​បំពង់​ទឹក​ត្នោត​ជាមួយ​កូន​ប្រុស​ពីរ​នាក់ ដែល​ស្រាតននល​នៅ​ក្បែរ​គុក​ដុត​រម្ងាស់​ស្ករ ខណៈ​អ្នក​ភូមិ​ព្រះរាមរង្សី នៃ​ឃុំ​ជ្រៃបាក់ ស្រុក​រលាប្អៀរ ផ្សេង​ទៀត នាំ​គ្នា​ចេញ​ទៅ​ធ្វើ​ការងារ​រោងចក្រ ចំណែក​ក្មេងៗ ចេញ​ទៅ​រៀន​នៅ​សាលា​បឋមសិក្សា​មួយ ឋិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​អ្នក​ស្រុក​ស្ទើរ​ស្ងាត់​ភូមិ។

ភាព​យឺតយ៉ាវ​នៃ​ការ​ក្រោក​ឡើង​ត្នោត​ពី​ម៉ោង ៤ ឬ ៥​ទៀបភ្លឺ​ដូច​សព្វមួយដង​នោះ គឺ​បណ្ដាល​មក​ពី​លោកស្រី​វិល​មុខ និង​បញ្ហា​រោគ​ស្ត្រី​ប្រចាំ​កាយ។ ប៉ុន្តែ​គាត់​នៅ​តែ​តស៊ូ​ឡើង​ត្នោត​មិន​ដែល​ខាន​ទេ។

នៅ​ក្នុង​សំលៀកបំពាក់​ដាច់​រហែក ប្រឡាក់​ធ្យូង និង​ដី កំពុង​រៀបចំ​បំពង់​ទឹក​ត្នោត​ដើម្បី​ទៅ​ឡើង​ត្នោត​ដែល​ឋិត​​នៅ​ចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ​ពី​ផ្ទះ លោកស្រី ញឹក ចំរើន មាន​ប្រសាសន៍​បណ្ដើរ​ថា រយៈពេល​ជាង ៤​ខែ​ហើយ​ដែល​រូប​គាត់​សម្រេច​ចាប់​យក​របរ​ឡើង​ត្នោត ដើម្បី​ចិញ្ចឹម​កូន​ប្រុស​ពីរ​នាក់​បន្ថែម​ពី​លើ​ការ​ដើរ​ស៊ី​ឈ្នួល​ដក​ស្ទូង​ឲ្យ​គេ។

លោកស្រី​កំពុង​ឡើង​ត្នោត ៦​ដើម ដែល​អាច​ផ្ដល់​ទឹក​រម្ងាស់​ចេញ​ជា​ស្ករ​ជាង ២​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ៖ «តាំង​ពី​ច្រូត​ហើយ​មក ខ្ញុំ​ធ្វើ​បំពង់​ធ្វើ​អី​ខ្លួន​ឯង​មួយ​ចប់។ ខ្ញុំ​រៀន​ចង​បង្អោង​ចេះ​វិល​ជុំវិញ​តែ​ដើម​ត្នោត​ដែរ​ហ្នឹង។ ពេល​ណា​អត់​ស្រួល ឬ​វិល​មុខ​ម្ដងៗ ខ្ញុំ​អង្គុយ​អោប​បណ្ដូល​ស្លឹក​ត្នោត​ដែរ​ហ្នឹង»

ស្ករ​ត្នោត​ដែល​រម្ងាស់​បាន​ជាង​ពីរ​គីឡូក្រាម ឬ​ស្មើ​នឹង​លុយ ៧.៥០០​រៀល​ក្នុង​មួយ​ថ្ងៃ​នោះ មិន​អាច​ទ្រទ្រង់​ជីវភាព​គ្រួសារ​លោកស្រី​ឲ្យ​ល្អ​ប្រសើរ​បាន​ទេ ខណៈ​ដែល​គាត់​ពុំ​មាន​ដីស្រែ​ចម្ការ​មួយ​ចំអាម​សម្រាប់​បង្កបង្កើនផល​កសិកម្ម ក្រៅ​ពី​ដី​ឡូត៍​ផ្ទះ​ទំហំ​ប្រហែល ៤០​ម៉ែត្រ​ការ៉េ។ លោកស្រី​មិន​ចង់​ទៅ​ធ្វើ​ការងារ​រោងចក្រ ដោយ​ទ្រាំ​ឡើង​ត្នោត ដើរ​ធ្វើ​ការ​សំណង់ និង​ស៊ីឈ្នួល​ដក​ស្ទូង​គេ​ជំនួស​វិញ។

លោកស្រី ញឹក ចំរើន អាយុ ៣៤​ឆ្នាំ បាន​កើត​ក្នុង​ត្រកូល​កសិករ​ក្រីក្រ​មួយ​នៅ​ក្នុង​ភូមិ​ព្រះរាមរង្សី និង​មាន​បងប្អូន​ប្រុស​ស្រី ៦​នាក់។ លោកស្រី​បង្ខំ​ចិត្ត​បោះបង់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​២ ដោយ​រវល់​មើល​ការ​ខុស​ត្រូវ​ប្អូនៗ និង​ជួយ​ឡើង​ត្នោត​ឪពុក។ ប៉ុន្តែ​បច្ចុប្បន្ន​បងប្អូន​រស់​នៅ​បែក​ខ្ញែក​គ្នា ដោយ​អ្នក​ខ្លះ​ទៅ​ធ្វើ​ជា​កម្មករ​នៅ​ប្រទេស​ថៃ ក្រោយ​ពេល​ម្ដាយ​ស្លាប់​ទៅ ចំណែក​ឪពុក​មាន​ប្រពន្ធ​ចុង​នៅ​ឆ្ងាយ​ភូមិ។

កាល​ពី​ឪពុក​ម្ដាយ​រស់​នៅ​ជួបជុំ​គ្នា ការងារ​ចង​បង្អោង​ និង​ការ​គាប​រឹត​ផ្កា​ត្នោត​យក​ទឹក​ទៅ​រម្ងាស់​ជា​ស្ករ គឺ​ជា​តួនាទី​របស់​ឪពុក ចំណែក​លោកស្រី​គ្រាន់​តែ​ឡើង​ត្រង និង​ដាក់​ទឹក​ត្នោត​ប៉ុណ្ណោះ។ ប៉ុន្តែ​បច្ចុប្បន្ន​គាត់​ត្រូវ​រៀន​ធ្វើ​គ្រប់​យ៉ាង និង​តស៊ូ​ឡើង​ត្នោត​ទាំង​ប្រថុយ​ម្នាក់​ឯង។

លោកស្រី​បាន​សុំ​ពពេល និង​បង្អោង​ចាស់ៗ​ពី​អ្នក​ស្រុក ចំណែក​ខ្ទះ​រម្ងាស់​ស្ករ​វិញ ជួល​គេ​ក្នុង​១​រដូវ​ស្ករ ៦​គីឡូក្រាម៖ «ពេល​អត់​អង្ករ​ហូប ទាល់​តែ​ខ្ញុំ​ឡើង​ត្នោត​សន្សំៗ​បាន​តិចតួច​មក។  (ជិន ជេដ្ឋា៖ ហេតុ​អី​មិន​ចាប់​យក​ការងារ​រោងចក្រ ឬ​ការងារ​ស្រីៗ​ផ្សេង​ទៀត?) ព្រោះ​ខ្ញុំ​អត់​មាន​អត្តសញ្ញាណប័ណ្ណ ទៅ​ប្រទេស​ម៉ាឡេស៊ី បាត់​អស់​ហើយ ហើយ​បាន​ស្នើ​សុំ​ម្ដង​ទៀត​ដែរ​គេ​ថា អត់​មាន គេ​ឲ្យ​ទៅ​យក​នៅ​ក្រសួង​ណា​ណោះ អ៊ីចឹង​ខ្ញុំ​ទ្រាំ​មិន​បាន​នៅ​ឡើង​ត្នោត​តិច​តួច»

លោកស្រី ញឹក ចំរើន មាន​ភេទ​ជា​ស្រី ប៉ុន្តែ​អត្តចរិត​ជា​មនុស្ស​ប្រុស ហើយ​ធ្លាប់​ចេញ​មុខ​ស្លៀកពាក់ និង​កាត់​សក់​តាំង​ខ្លួន​ជា​មនុស្ស​ប្រុស​ទៀត​ផង ប៉ុន្តែ​ដោយ​ញាតិ​និន្ទា​ពេក គាត់​ក៏​លាក់លៀម​ទៅ​វិញ។

ការ​ប្រកាន់​ខ្លួន​មិន​សូវ​ចូល​ចិត្ត​ការងារ​​ដែល​ស្រីៗ តែង​និយម​ធ្វើ​ និង​តាំង​ខ្លួន​ជា​មនុស្ស​ប្រុស​ដោយ​ស្រឡាញ់​ស្រីៗ​គ្នា​ឯង និង​ធ្លាប់​ភ្លាត់​មាន​ផ្ទៃពោះ​ជាមួយ​ប្រុស​ឈ្មោល​ផង​នោះ បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​មួយ​ចំនួន​រើសអើង។ ប៉ុន្តែ​ដើម្បី​កូន​ដែល​គ្មាន​ឪពុក​ទទួល​ស្គាល់​មាន​ម្នាក់​អាយុ ៨​ឆ្នាំ និង​កូន​ម្នាក់​ទៀត​អាយុ​ជាង ២​ឆ្នាំ ឲ្យ​រស់​នៅ​មាន​ក្ដី​សុខ​ដូច​ជា​កុមារ​ដទៃ​នោះ គឺ​លោកស្រី​សុខ​ចិត្ត​ធ្វើ​អ្វីៗ​សព្វ​បែប​យ៉ាង ដើម្បី​សម្រេច​នូវ​បំណង​នេះ។

បច្ចុប្បន្ន​កូន​ប្រុស​ច្បង​អាយុ ៨​ឆ្នាំ បាន​ចូល​រៀន​ថ្នាក់​ទី​៣ និង​កូន​ប្រុស​ទី​២ អាយុ ២​ឆ្នាំ នឹង​បញ្ជូន​ទៅ​សាលា​នៅ​ឆ្នាំ​ក្រោយ។ លោក​ស្រី​ថា បើ​កូន​ចង់​រៀន ហើយ​គាត់​នៅ​មាន​កម្លាំង​ធ្វើ​ការ​រក​ប្រាក់​ទ្រទ្រង់​ជីវភាព​គ្រួសារ​បាន​ប្រសើរ​នោះ គាត់​នឹង​ប្ដូរ​ការ​ហត់នឿយ​ផ្ទាល់​ខ្លួន ដើម្បី​ឲ្យ​កូន​រៀន​ចប់​បាន​ធ្វើ​ការ។

អ្នក​ភូមិ​រស់​នៅ​ផ្ទះ​ក្បែរ​ខាង​គ្នា គឺ​លោកស្រី ចាន់ សារ៉េត សម្ដែង​ការ​អាណិតអាសូរ​ចំពោះ​ជីវភាព​ក្រលំបាក​របស់​លោកស្រី ញឹក ចំរើន។ ប៉ុន្តែ​មាន​អ្នក​ភូមិ​ខ្លះ​ខកចិត្ត​នឹង​ទង្វើ​សេពគប់​មិត្តភ័ក្ដិ​ផឹកស៊ី និង​តាំង​ខ្លួន​ឯង​ដូច​ជា​មនុស្ស​ប្រុស​ដូច​សព្វថ្ងៃ។ លោកស្រី​ចង់​ឲ្យ​ឃើញ ចំរើន កែប្រែ​ចិត្ត​គំនិត​ជា​មនុស្ស​ស្រី​វិញ៖ «កើត​មក​ជា​មនុស្ស​ស្រី យើង​កែ​គំនិត អត្តចរិត​ឲ្យ​ដូច​ស្រី​ទៅ កុំ​ឲ្យ​ទៅ​ជា​ប្រុស​អ៊ីចឹង គេ​ពិបាក​ដែរ»

ប៉ុន្តែ​លោកស្រី ញឹក ចំរើន បាន​ស្អប់​មនុស្ស​ប្រុស​កាន់​តែ​ខ្លាំង​ឡើង ក្រោយ​ពី​ភ្លាត់​មាន​ផ្ទៃ​ព្រោះ​លួច​លាក់​ជាមួយ​ប្រុស​ក្នុង​ភូមិ​ពីរ​នាក់ ហើយ​គេ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​កូន​នៅ​ក្នុង​ផ្ទៃ។ លោកស្រី​ចាប់​ផ្ដើម​សេព​គ្រឿង​ស្រវឹង​ច្រើន​ពេល​មាន​វិបត្តិ​នេះ ប៉ុន្តែ​បច្ចុប្បន្ន​បាន​កាត់​បន្ថយ​ច្រើន​ហើយ។ លោកស្រី​ថា សព្វថ្ងៃ​មាន​សាច់ញាតិ និង​អ្នក​ភូមិ​មួយ​ចំនួន​នៅ​តែ​រិះគន់​របៀប​លេង​សើច​ផង ប៉ុន្តែ​គាត់​មិន​ខ្វល់។

យ៉ាងណា​មេភូមិ​ព្រះរាមរង្សី លោក ចាន់ គឹមហាក់ ថ្លែង​ថា អាជ្ញាធរ​ភូមិ​ឃុំ មិន​បាន​រើសអើង​គាត់​ទេ ថែម​ទាំង​បាន​ផ្ដល់​ដំបូន្មាន និង​ជួយ​ឧត្ដម​សម្ភារៈ​ផ្សេងៗ​នៅ​ពេល​សម្រាល​កូន​ម្ដងៗ​ទៀត​ផង៖ «ខាង​ទូរទស្សន៍ និង​ហ្វេសប៊ុក (Facebook) ឃើញ​ស្ត្រី​នេះ​ឡើង​ត្នោត ហើយ​កូន​ដេក​នៅ​ខាង​ក្រោម​ដើម​ត្នោត​ក៏​ល្បី​ខ្ចរខ្ចាយ អ៊ីចឹង​ហើយ​ខាង​លោក​ជំទាវ កែ ច័ន្ទមុនី លោក​អភិបាល​ស្រុក និង​អាជ្ញាធរ​ឃុំ​ក៏​បាន​សម្រេច​ផ្ដល់​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ និង​សំបុត្រ​កំណើត​ជូន​គាត់»

មន្ត្រី​សម្របសម្រួល​គម្រោង​និន្នាការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក នួន ស៊ីដារ៉ា មាន​ប្រសាសន៍​ថា ការ​រើសអើង ឬ​និន្ទា​លើ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា គឺ​ជា​ការ​រំលោភ​សិទ្ធិ​របស់​មនុស្ស។

លោក​យល់​ថា ដើម្បី​ជួយ​កូន​ប្រុស​របស់​លោកស្រី ចំរើន ទាំង​ពីរ​នាក់ គឺ​ត្រូវ​ជួយ​គាត់​ឲ្យ​មាន​មុខរបរ​ខ្នាត​តូច​មួយ​នៅ​នឹង​ដី ព្រោះ​ការងារ​ឡើង​ត្នោត​ប្រឈម​នឹង​គ្រោះ​ថ្នាក់៖ «សម្រាប់​អ្នក​រស់នៅ​សហគមន៍ សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា គឺ​នៅ​តែ​មាន​បញ្ហា​ការ​រើសអើង! ចំណែក​នៅ​សាលា​រៀន​តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​របស់​គម្រោង​និន្នាការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ មាន​រហូត​ដល់ ៦២​ភាគរយ នៃ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ដែល​គេ​ធ្វើ​បាប»

សកម្មភាព​ឡើង​ត្នោត​ដែល​កម្រ​មាន​មនុស្ស​ស្រី​ណា​មាន​លទ្ធភាព​នេះ ត្រូវ​លោកស្រី ញឹក ចំរើន គិត​ថា នឹង​បន្ត​ឡើង​រហូត​ដល់​ចាស់​តោង​បង្អោង​លែង​ជាប់​ ទើប​គាត់​នឹង​រក​ការងារ​ធ្វើ​នៅ​នឹង​ដី​វិញ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។