NOCC ព្រមាន​ចាត់ការ​តាម​ច្បាប់​ដល់​អ្នក​យកឈ្មោះ​ និង​និមិត្តសញ្ញា​កង​ប្រាំ​​អូ​ឡាំ​ពិ​កទៅ​ធ្វើ​អាជីវកម្ម

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ គណៈកម្មាធិការ​ជាតិ​អូ​ឡាំពិ​ក​កម្ពុជា (NOCC) បាន​ធ្វើ​សំណើ​មួយ​ទៅ​កាន់​ក្រសួងពាណិជ្ជកម្ម​សុំ​ចាត់វិធានការ​រក្សា​កម្មសិទ្ធិ​«Olympic Properties»​ដោយសារ​តែ​មួយ​រយៈ​មកនេះ មាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​មួយ​ចំនួន​យក​និមិត្តសញ្ញា​របស់​អូ​ឡាំ​ពិ​ក​ប្រើប្រាស់​ជា​ប្រយោជន៍​របស់​ខ្លួន​នាំ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កិត្តិយស​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំពិ​ក​កម្ពុជា ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ដើម្បី​រក្សា​កម្មសិទ្ធិបញ្ញា​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ឱ្យ​បាន​ល្អ និង​ទប់ស្កាត់​សកម្មភាព​ជនខិលខូច​មួយ​ចំនួន​ដែល​តែងតែ​យក​និមិត្តសញ្ញា​កង​ប្រាំអូ​ឡាំ​ពិ​ក និង​ឈ្មោះ​អូ​ឡាំ​ពិ​ក​ទៅ​ធ្វើ​អាជីវកម្ម គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​ធ្វើ​លិខិត​មួយ​ផ្ញើ​ជូន​ក្រសួងពាណិជ្ជកម្ម​ចុះ​ថ្ងៃ​ទី​២៦ មក​រា ឆ្នាំ​២០១៦ សុំ​ឱ្យ​ជួយ​ចាត់វិធានការ​អំពី​បញ្ហា​នេះ ។ លោក​បានឱ្យ​ដឹង​បន្ថែម​ថា កម្ម​សិ​ទិ្ធ​បញ្ញា​របស់​គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ​គឺ​យោង​តាម​មាត្រា​៦​ស្ទួន​៣(​ខ​) អនុសញ្ញា​នៃ​ទី​ក្រុងប៉ារីស​និង​មាត្រា​៤ (​ឃ​) ​នៃ​ច្បាប់​ស្ដី​ពី​ម៉ាក ពាណិជ្ជ​នាម និង​អំពើ​នៃ​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ ។ ប្រទេស​កម្ពុជា​ជា​សមាជិក​នៃ​អនុសញ្ញា​ទី​ក្រុងប៉ារីស​ស្ដី​ពី​សិទ្ធិ​ការពារ​កម្មសិទ្ធិ​ឧ​ស្សហកម្ម​(Paris Convention on the Protection of Industrial Property) ​ចាប់តាំងពី​ឆ្នាំ​១៩៩៨ ។

យោង​តាម​មាត្រា​៦​ស្ទួន​៣(​ខ​) នៃ​អនុសញ្ញា​ទី​ក្រុងប៉ារីស ចែង​ថា ការ​ចុះបញ្ជី ឬ​ការ​ប្រើប្រាស់ ឬ​ការ​កត់ត្រា​តាម​ឈ្មោះ ឬ​និមិត្តសញ្ញា​របស់​អង្គការ​អន្តររដ្ឋាភិបាល​ដែល​ក្នុង​នោះ​មាន​ប្រទេស​មួយ​ឬ​ច្រើន​របស់​អនុសញ្ញា​នេះ ជា​សមាជិក​ត្រូវ​បាន​បដិសេធ ឬ​ហាមឃាត់ លុះត្រាតែ​មានការ​អនុញ្ញាត​ពី​ស្ថាប័ន​ទាំងនោះ​។​ជាង​នេះ​ទៅ​ទៀត មាត្រា​៤(​ឃ​)​ស្ដី​ពី​ម៉ាក​ពាណិជ្ជ​នាម និង​អំពើ​នៃ​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ ក៏​បាន​ចែង​អំពី​កិច្ច​ការពារ​មិន​ឱ្យ​ប្រើប្រាស់​ឈ្មោះ ឬ​និមិត្តសញ្ញា​នេះ​ផង​ដែរ ។

ជាមួយ​គ្នា​នេះ ក្រសួងពាណិជ្ជកម្ម​ក៏​បាន​ចេញ​សេចក្ដីជូនដំណឹង​ជា​សាធារណៈ ដោយ​បាន​បង្ហោះ​តាម​Facebook និង​គេហទំព័រ​របស់​ក្រសួងពាណិជ្ជកម្ម និង​លេខាធិការ​ដ្ឋាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា ដល់​រូប​វ័​ន្ត​បុគ្គល និង​នីតិបុគ្គល​អំពី​ការ​រំលោភ​បំពាន​ដែល​នាំ​ឱ្យ​មានទោស​ក្នុង​ការ​ប្រើប្រាស់​ឈ្មោះ «​អូ​ឡាំ​ពិ​ក​»​និង​«​និមិត្ត​សញ្ញា​​កង​ប្រាំ​អូ​ឡាំ​ពិ​ក​»​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក អន្តរជាតិ​។

ទន្ទឹម​នឹង​នេះ​ដែរ ក្រសួងពាណិជ្ជកម្ម​ក៏​បាន​ប្រកាស​ជា​សាធារណៈ​ដល់​បណ្ដា​សហគ្រាស និង​ក្រុមហ៊ុន​ថា ទ​ង្វើ​បែប​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​រំលោភ​បំពាន​សិទ្ធិ​របស់​ម្ចាស់​ម៉ាក ហើយ​ម្ចាស់​ដើម​នៃ​ម៉ាក​គេ​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ ឬ​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ប្រឆាំង​នឹង​បុគ្គល​ណាមួយ​ដែល​ប្រើប្រាស់ ឬ​ត្រាប់​តាម​ដោយ​រំលោភ​បំពាន​នៃ​ម៉ាក​របស់​ខ្លួន​ដោយ​គ្មាន​ការ​អនុញ្ញាត ។ ជនល្មើស​ទាំងនេះ ត្រូវ​ផ្ដន្ទា​ទោសពិន័យ​ជា​ប្រាក់ និង​ដាក់​ពន្ធនាគារ​ទៅ​តាម​ទោស​ណាមួយ​នៃ​ទោស​ទាំង​២​នេះ ។ ក្រសួង​សង្ឃឹ​មថា បណ្ដា​សហគ្រាស​និង​ក្រុមហ៊ុន​ទាំងអស់​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​ប្រើប្រាស់​រូប​សញ្ញា​ឬ​និមិត្តសញ្ញា​ដែល​នាំ​ឱ្យមានការ​ភាន់ច្រឡំ​ទៅ​នឹង​ឈ្មោះ​ «​អូ​ឡាំ​ពិ​ក​» និង​«​និមិត្តសញ្ញា​កង​ប្រាំ​អូ​ឡាំ​ពិ​ក​» ក៏​ដូច​ជា​និមិត្តសញ្ញា​អង្គការ​អន្តរជាតិ​នានា​ដែល​ត្រូវ​បានការ​ពារ ៕