លោក​គី​ម ជុង​អ៊ុ​ន ពិនិត្យ​ការ​បាញ់​សាកល្បង​កាំជ្រួច​ហ្វូង​ទំហំ​ធំ​ថ្មី

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA រាយការណ៍​កាលពី​ថ្ងៃ​ទី​២២ មីនា ថា មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន បាន​ដឹកនាំ​ការ​បាញ់​សាកល្បង​កាំជ្រួច​ហ្វូង LRM ប្រភេទ​ថ្មី ។

KCNA រៀបរាប់​ថា លោក​គី​ម ជុង​អ៊ុ​ន បាន​សម្តែង​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ភាព​សុក្រឹត​នៃ​កាំជ្រួច​ហ្វូង​នេះ ដោយ​ពិនិត្យ​លទ្ធផល​នៃ​ការ​បាញ់​សាក ។ លោក​គី​ម ជុង​អ៊ុ​ន វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រួមចំណែក​របស់​បណ្តា​មន្ត្រី បណ្តា​អ្នក​វិទ្យាសាស្ត្រ និង​អ្នកបច្ចេកទេស​ខាង​វិស័យ​ការពារ ព្រមទាំង​បណ្តា​ពលករ​នៃ​រោងចក្រ​ផលិត​គ្រាប់ ។

មេដឹកនាំ​កូរ៉េ​ខាងជើង​គូសបញ្ជាក់​ថា រ៉ុក្កែត​ហ្វូង​ថ្មី​នេះ​នឹង​បង្កើន​សមត្ថភាព​របស់​កងទ័ព​ប្រជាជន​កូរ៉េ ដើម្បី​បង្កើន​ភាព​ច្បាស់លាស់​នៃ​ការ​វាយប្រហារ​ប្រឆាំង​បណ្តា​គោលដៅ​របស់​ពួក​សត្រូវ​នៅ​ផ្នែក​កូរ៉េ​ខាងត្បូង ។ សារព័ត៌មាន​នេះ​របស់​កូរ៉េ​ខាងជើង ពុំ​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការ​ត្រួតពិនិត្យ​ការ​បាញ់​សាក​កាំជ្រួច​ហ្វូង​ថ្មី​នេះ​របស់​លោក​គី​ម ជុង​អ៊ុ​ន ឡើយ ។

កាលពី​ថ្ងៃ​ទី​២១ មីនា កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​៥​គ្រាប់​ប្រហែលជា​មី​ស៊ី​ល​រយៈ​ខ្លី​ទៅ​កាន់​សមុទ្រ​ខាងកើត ដើម្បី​ជា​ការ​តវ៉ា​ប្រឆាំង​សមយុទ្ធ​យោធា​រួម​កូរ៉េ​ខាងត្បូង​-​អា​មេ​រិ​ក ដែល​កំពុង​តែ​ធ្វើ ។

កូរ៉េ​ខាងជើង​បាន​បញ្ចេញ​វោហា​សាស្ត្រ​ប្រទូស្ត​រ៉ា​យ​នានា​ដោយ​គំរាម​វាយប្រហារ​នុយក្លេអ៊ែរ បន្ទាប់​ពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ។

កាលពី​ស​ប្តា​ហ៍​មុន​ក្រុង​ព្យុ​ង​យ៉ាង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​មធ្យម​២​គ្រាប់ ដោយ​មួយ​គ្រាប់​ផ្ទុះ​ពេល​កំពុង​ហោះហើរ ។ កាលពីដើម​ខែមីនា ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប បាន​ដាក់​ទណ្ឌកម្ម​ខ្លាំង​បំផុត​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង ដោយសារ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤ និង​ការ​បាញ់​កាំជ្រួច​រយៈ​ឆ្ងាយ ៕