លោកស្រី​ស៊ូ​ជី ត្រូវ​ចូល​ក្នុង​ផ្ទៃ​រដ្ឋាភិបាល​ថ្មី​ភូមា

នៅ​មុខ​បណ្តា​សមាជិក​សភា​ប្រធាន​សភា​លោក MANN WIN KHAING THAN ថ្លែង​កាលពី​ថ្ងៃ​ទី​២២ មីនា ថា លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ត្រូវ​ចូល​ក្នុង​ផ្ទៃ​រដ្ឋាភិបាល​ស៊ី​វិល​ដំបូង​កើតឡើង​ពី​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​១៩៦២​មក ។

ប្រធាន​សភា​រូប​នេះ​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​បណ្តា​អ្នក​ដែល​នឹង​ក្លាយជា​រដ្ឋមន្ត្រី​ដាក់​ជូន​សភា ដោយ​ប្រធានាធិបតី​ថ្មី លោក HTIN KYAW រួច​ក្នុង​បញ្ជី​នេះ​ក៏​មានឈ្មោះ​របស់​អតីត​មេដឹកនាំ​ប្រឆាំង​លោកស្រី​ស៊ូ​ជី​ផង​ដែរ ។ ទោះបី​យ៉ាងណា ប្រធាន​សភា​ពុំ​បាន​បញ្ជាក់​ថា តើ​លោកស្រី​ស៊ូ​ជី នឹង​កាន់​តំណែង​អ្វី​ក្នុង​ផ្ទៃ​រដ្ឋាភិបាល​ដែល​ត្រូវ​ចូល​កាន់​តំណែង​នា​ដំណាច់​ខែមីនា ដើម​ខែមេសា ដែរ ។ មាន​ពាក្យ​ចចាមអារ៉ាម​ខ្លះ​ថា លោកស្រី​ស៊ូ​ជី នឹង​កាន់​តំណែង​រដ្ឋមន្ត្រី​ការ​បរទេស ជា​តំណែង​មួយ​ដែល​អាច​ឱ្យ​លោកស្រី​ធ្វើ​តំណាង​ប្រទេស​លើ​ឆាក​អន្តរជាតិ ។

លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី បាន​សម្រេច​លើក​លោក HTIN HYAW ដែល​គេ​មិន​ស្គាល់​សោះ​នៅ​ឯ​បរទេស​ឱ្យ​កាន់​តំណែង​ប្រធានាធិបតី​ដែល​លោកស្រី​ស្រមៃ​ចង់​កាន់​ខ្លួន ឯង។ ក៏​ប៉ុន្តែ​លោកស្រី​ពុំ​អាច​កាន់​តំណែង​នេះ​បាន ព្រោះតែ​មាត្រា​មួយ​នៃ​រដ្ឋធម្មនុញ្ញ​ជា​មរតក​នៃ​របប​យោធា​ហាមឃាត់​គ្រប់​មនុស្ស​ដែល​កូន​មាន​សញ្ជាតិ​បរទេស​អាច​ឡើង​ធ្វើ​ប្រធានាធិបតី ។ កូនប្រុស​លោកស្រី​២​នាក់​មាន​សញ្ជាតិ​អង់គ្លេស ព្រោះតែ​លោកស្រី​រៀប​ការ​ជាមួយ​បុរស​អង់គ្លេស​ម្នាក់ លោក MICHAEL ARIS ដែល​ទទួលមរណភាព​កាលពី​ឆ្នាំ​១៩៩៩ ៕