មានការ​ផ្ទុះ​2​ក្នុង​ព្រ​លាន​យន្តហោះ​ក្រុង​ព្រុ​ច​សែ​លអាច​មាន​ជន​រង​គ្រោះ​ច្រើន​នាក់

ទីភ្នាក់ងារសារព័ត៌មាន​បែ​ល​ហ្ស៊ិ​ក BELGA រាយការណ៍​ថា មានការ​ផ្ទុះ​២​កើត​មាន​នា​ព្រឹក​ថ្ងៃ​ទី​២២ មីនា នៅ​កន្លែង​រង់ចាំ​ចេញដំណើរ​នៃ​ព្រ​លាន​យន្តហោះ​ក្រុង​ព្រុ​ច​សែ​ល BRUXELLES-ZA VENTEM ដោយ​របាយការណ៍​ផ្លូវការ​ដំបូង​និយាយ​ពី​មនុស្ស​ម្នាក់​ស្លាប់ និង​របួស​ច្រើន​នាក់ ។

BELGA បញ្ជាក់​ថា ប្រភព​នៃ​ការ​ផ្ទុះ​នៅ​ពុំ​ទាន់​អាច​កំណត់​ដឹង​នៅឡើយ​សម្រាប់​ពេល​នេះ ក៏​ប៉ុន្តែ​ស្នូរ​កាំភ្លើង និង​សំឡេង​ស្រែក​ជា​ភាសា​អា​រ៉ាប់​ត្រូវ​បាន​ស្តាប់​ឮ មុន​ការ​ផ្ទុះ​គ្រាប់បែក​ទាំង​២​គ្រាប់​នេះ ។

រាល់​ការ​ហោះហើរ​របស់​យន្តហោះ​ត្រូវ​ផ្អាក ហើយ​ព្រ​លាន​យន្តហោះ​ជម្លៀស​មនុស្ស​ចេញ ។ ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវដែក​មក​កាន់​ព្រ​លាន​យន្តហោះ ZAVENTEM ក៏​ត្រូវ​ផ្អាក​ដែរ ។

បណ្តា​រូបភាព​ផ្សាយ​តាម​ទូរទស្សន៍​បែ​ល​ហ្ស៊ិ​ក​បង្ហាញ​ពី​ការ​ខូចខាត​ធ្ងន់ធ្ងរ ។ ការ​ផ្ទុះ​គ្រាប់បែក​ទាំងនេះ​កើត​មាន​៤​ថ្ងៃក្រោយ​ការ​ចាប់ខ្លួន​នៅ MOLENBEEK ជា​សង្កាត់​មួយ​នៃ​ក្រុង​ព្រុ​ច​សែ​ល បុរស​ឈ្មោះ SALAH ABDESLAM ជនសង្ស័យ​សំខាន់​នៃ​ក្រុម​កុំម៉ង់ដូ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១៣ វិច្ឆិកា ឆ្នាំ​២០១៥ នៅ​ក្រុងប៉ារីស និង SAINT-DENIS ប្រទេស​បារាំង​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​១៣០​នាក់ ។

បណ្តា​រូបភាព​ផ្សាយ​តាម​បណ្តាញ​សង្គម​បង្ហាញ​ផ្សែងហុយ​ចេញពី​ទីតាំង​ព្រ​លាន​យន្តហោះ និង​បណ្តា​អ្នកដំណើរ​ដែល​នាំ​គ្នា​រត់គេច​ខ្លួន ។

យោង​តាម​សារព័ត៌មាន​បែ​ល​ហ្ស៊ិ​ក​ជា​ច្រើន​ថា ការ​ផ្ទុះ​កើត​មាននៅ​ក្បែរ​បញ្ជរ​ចុះ​ឈ្មោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អា​េ​ម​រិ​ក AMERICAN AIRLINE ។ នា​វេលា​ម៉ោង​៩​និង​៣៥​នាទី​ម៉ោង​នៅ​ក្រុង​ព្រុ​ច​សែ​ល ទូរទស្សន៍​បែ​ល​ហ្ស៊ិ​ក RTBF រាយការណ៍​ពី​មនុស្ស​ស្លាប់​យ៉ាងតិច​១០​នាក់ និង​របួស​៣០​នាក់ ។

នា​វេលា​ម៉ោង​៨​និង​៥៥​នាទី សារព័ត៌មាន​បែ​ល​ហ្ស៊ិ​កមួយ​ចំនួន​រាយការណ៍​រួច​ហើយ ពី​មនុស្ស​ស្លាប់​១១​នាក់ និង​របួស​២៥​នាក់ តែ​អាជ្ញាធរ​ទើប​អះអាង​ពី​មនុស្ស​ស្លាប់​ម្នាក់​ប៉ុណ្ណោះ​៕