អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អស់​ប្រាំ​ខ្នង ខណៈ​ម្ចាស់​រវល់​ទៅ​ការ​បងប្អូន​

កំពង់ស្ពឺ:
ផ្ទះ​ប្រាំ​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង ខណៈ​ម្ចាស់​រវល់​ទៅ​ការ​បងប្អូន​។ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រលប់ ថ្ងៃទី​២១ ខែមីនាស្ថិតនៅ​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

​ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ​សុខ សុខន ភេទ​ប្រុស អាយុ​៥៨ បាន​រៀបរាប់ថា មុនពេលកើតហេតុ រូបគាត់​និង​ក្រុមគ្រួសារ​បាននាំគ្នា​ចូល​​រួម​ពិធីមង្គលការ​បងប្អូនពេល​កំពុងតែ​ហូប​អាហារ ស្រាប់​តែមាន​អ្នកភូមិ​ទូរស័ព្ទ​ប្រាប់ថា ផ្ទះ​របស់គាត់ត្រូវ​អគ្គីភ័យ​ឆាបឆេះ ឮដូច្នេះ រូបគាត់​ក៏​ប្រញាប់​មក​ផ្ទះ ពេលមកដល់ស្រាប់តែ​ឃើញ​ភ្លើង​កំពុងតែ​ឆាបឆេះ​ពេញបន្ទុក​ទៅហើយ ។​

​បុរស​រូបនេះ​បាន​បន្តថា ទ្រព្យសម្បត្តិ និង​លុយកាក់​មួយចំនួនធំ​នៅលើផ្ទះ​ត្រូវបានអគ្គិភ័យ​ឆេះ​អស់​គ្មាន​សល់ ។​

​សមត្ថកិច្ច​ក្រុង​ច្បារមន​បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​លំនៅឋាន​ប្រាំ​ខ្នងរង​ការខូចខាត ។​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​ដោយសារ​ការឆ្លងចរន្តអគ្គិសនី ៕​