ស្ត្រី​ម្នាក់​ទិញ​ថ្នាំ​បំពុល​សត្វល្អិត និង​ប្រេងម៉ាស៊ូត​ផឹក​សម្លាប់ខ្លួន​

ឧ​ត្ត​រ​មានជ័យ:
ស្ត្រី​ម្នាក់​បាន​យក​ថ្នាំ​កណ្តៀរ​មក​លាយ​ជាមួយ​ប្រេងម៉ាស៊ូត​ផឹក បណ្តាល​ឲ្យ​ពុល​ស្លាប់។​ដែល​ហេតុការណ៍​នេះ​បានកើត​​ឡើង កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​២១ ខែមីនាឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​យាង​ខាងត្បូង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រមានជ័យ ។​

​ស្ត្រី​ដែល​ផឹកថ្នាំ​កណ្តៀរ​មក​លាយ​ជាមួយ​ប្រេងម៉ាស៊ូត បណ្តាល​ឲ្យ​ស្លាប់មាន ឈ្មោះសង សេម អាយុ​៣២​ឆ្នាំ មាន​ស្រុកកំណើត​ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើខេត្តសៀមរាប មាន​ប្តី​ឈ្មោះ​សៅ ហឿន អាយុ​៣៨​ឆ្នាំ ស្រុកកំណើត​នៅ​ភូមិ​ត្រាច​ឃុំបា​លាំង ស្រុក​ប្រាសាទ​បា​គង់ ខេត្តសៀមរាប ។ ប​ច្ច​ប្បន្ន រស់នៅ​ក្នុងភូមិ​-​ឃុំកើតហេតុ​ខាងលើ ។​

​បើតាម​អ្នកភូមិ​បាន​ឲ្យ​ដឹងថា ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ គឺជា​ស្ត្រី​មេម៉ាយ និង​ពោះម៉ាយមានកូន​២​ដូចគ្នា ហើយក៏​ចាប់ដៃគ្នា​ធ្វើជា​ប្តី​-​ប្រពន្ធ​រយៈពេល​ជាង​២​ឆ្នាំមកហើយ ។ ប៉ុន្តែ​ការរស់នៅ​របស់​ពួកគេ មិនសូវ​ចុះសម្រុង​ទេ ឈ្លោះ​គ្នា​ស្ទើរ​រាល់ថ្ងៃហើយ​ត្រូវ​បុរស​ជា​ប្តី​ចាកចេញ​​ពី​ផ្ទះ​បាត់​ប្រហែល​ជាង​១​ខែ​មកហើយ ។​

​ប្រភព​ដែល​បាន​បន្តទៀតថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​រងគ្រោះ​បាន​ទិញប្រេងម៉ាស៊ូត​៥​លីត្រ និង​ថ្នាំ​សម្លាប់សត្វ​ល្អិត​ចំនួន​៣ ទៅ​៤​កញ្ចប់ ។​តែ​នឹកស្មានថាគាត់​ទិញ​យកមក​ដាក់​ដំណាំ​របស់គាត់ ។ លុះ​វេលា​ម៉ោង​កើតហេតុខាងលើ ស្រាប់តែ​គេ​ឃើញ​មាន​អណ្តាត​​ភ្លើង​ឆេះ​ចេញ​តាម​បង្អួច​ផ្ទះ ចំណែកអ្នក​ជិត​ផ្អើល​នាំគ្នារ​ត់ទៅ​ជួយ​ពន្លត់ ស្រាប់តែ​ឃើញ​ទ្វារផ្ទះ​ជាប់គន្លឹះ មិនអាចចូល​បាន ក៏​នាំគ្នា​វាយ​ទម្លាយ​ទ្វារ ដើម្បី​ចូល​ពន្លត់ភ្លើង ហើយក៏​ប្រទះឃើញ​ស្ត្រីរងគ្រោះ​ដេក​ដួល​ស្តូកស្តឹង​ស្លាប់បាត់​ទៅហើយ ។​

​ក្រោយពី​កើតហេតុ កំលាំង​បាន​ចុះទៅ​ធ្វើការ​ពិនិត្យ ឃើញ​មាន​កញ្ចប់​ថ្នាំពុល​សម្លាប់សត្វល្អិត និង​ប្រេង​មា​ស៊ូ​ត​ហើយ​សន្និដ្ឋានថា ស្ត្រី​រងគ្រោះ​មាន​វិបត្តិ​ដោះស្រាយមិន​ចេញ ទើប​សម្លាប់ខ្លួន​ដោយ​យក​ថ្នាំ​លាយ​និង​ប្រេង​មា​ស៊ូ​ត​ផឹក រួចព្យាយាម​ចាក់​ប្រេង​ដុត​ផ្ទះ​ទៀត ប៉ុន្តែ​ត្រូវ​អ្នកជិតខាង​ពន្លត់​បាន​ទាន់ពេល​៕​