ព្រឹកនេះ សម្តេច​តេ​ជោ​សែន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​១​នៅ​ចិន

រាជធានី​ភ្នំពេញ ៖​ ​តាម​ការ​អញ្ជើញ​របស់​លោកលី ខឺ​ឈាង ( Li Keqiang ) នាយក​រដ្ឋមន្ត្រី​ចិន និង​លោកហ្ស៊ូ វេន​ហ្ស៊ុ​ង (Zhou Wenzhong) អគ្គលេខាធិការ​នៃ​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២២ មីនា ២០១៦​ ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​១ និង​សន្និសីទ​ប្រចាំឆ្នាំ​២០១៦ នៃ​វេទិកា​
បូ​អាវ​ សម្រាប់​អាស៊ី ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២២​ដល់​ថ្ងៃ​ទី​២៤ មីនា ២០១៦ នៅ​ទីក្រុង​សាន​យ៉ា និង​ទីក្រុង​បូ​អាវ ក្នុង​ខេត្ត​ហៃ​ណា​ន សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃ​ទី​១៧ មីនា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា អំឡុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​១​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​ថ្លែង​សុន្ទរកថា​ក្រោម​ប្រធានបទ "​ការ​ចែក​រំ​លែង​ទន្លេ​-​ការ​ចែករំលែក​អនាគត​" និង​រួម​ជាមួយ​ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​មេគង្គ​និង ចិន អនុម័ត​លើ​ឯកសារ​ចំនួន​០៣​រួម​មាន​៖

០១-​សេចក្តីថ្លែងការណ៍​ទីក្រុង​សាន​យ៉ា នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​១​។

០២-​សេចក្តី​ប្រកាស​រួម ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សមត្ថភាព​ផលិតកម្ម​នៃ​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង ។

០៣-​គម្រោង​ឆាប់​ទទួល​បាន​ភ្លាម​ៗ​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ។

សេចក្តី​ជូន​ព័ត៌មាន​ដដែល​បាន​បន្ថែម​ទៀត​ថា នៅ​ថ្ងៃ​ទី​២៤ មីនា ២០១៦  សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​បើក​វេទិកា​ពេញអង្គ​របស់​សន្និសីទ​ប្រចាំឆ្នាំ ២០១៦ នៃ​វេទិកា​សម្រាប់​អាស៊ី​ក្រោម​ប្រធានបទ "​អនាគត​ថ្មី​របស់​អាស៊ី​៖ កម្លាំង​ច​លករ​ថ្មី​និង​ចក្ខុវិស័យ​ថ្មី​" ។

ក្រៅពី​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក លី ខឹ ឈាង នាយក​រដ្ឋមន្ត្រី​ចិន និង​លោក អារ​កា​ឌី ដ្វូ​រ​កូ​វី​ច (Arkady Dvokovich) ឧបនាយករដ្ឋមន្ត្រី​សហ​ព័​ន្ឋ​រុ​ស្ស៊ី ។

វេទិកា​បូ​អាវ​សម្រាប់​អាស៊ី គឺជា​វេទិកា​សំខាន់​បំផុត​សម្រាប់​ទ្វីបអាស៊ី ពីព្រោះ​ចាប់តាំងពី​ការ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០១​មក វេទិកា​នេះ​បាន​ដើរតួ​យ៉ាង​សកម្ម​ក្នុង​ការ​រៀបចំ​វេទិកា​សន្ទនា​សម្រាប់ វិស័យ​សាធារណៈ ឯកជន និង​បណ្ឌិតសភា ដើម្បី​ពិភាក្សា​និង​ផ្លាស់​ប្តូរ​ទស្សនៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា សេដ្ឋកិច្ច សង្គម បរិស្ថាន និង​បញ្ហា​បន្ទាន់​ផ្សេង​ៗ​ទៀត ៕