បាត់​ប្រពន្ធ​១​ថ្ងៃ​១​យប់ ​​ពេល​រក​ឃើញ រន្ធត់​ស្ទើរឆ្កួត

ខេត្ត​ប៉ៃលិន ៖ មាន​​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​​​កើតឡើង​ បន្ទាប់​ពី​​​គេ​​ប្រទះ​ឃើញ​​​សព​ស្ត្រី​​ម្នាក់​ ត្រូវភ្លើងឆេះ​​ខ្លោច​​ពេញ​រាង​កាយ ស្ទើរ​មើល​មិន​​យល់​នៅ​ក្នុង​ចម្ការ​​តា​ង៉ែ​ន​ហៅ​មៀន​ប៉ៃលិន​របស់​ស្ត្រីរងគ្រោះ​ ដែល​ឆ្ងាយ​ពី​ភូមិ​ប្រហែល​៤ ​ទៅ​៥​គីឡូ​ម៉ែ​ត្រ ហើយ​ករណី​នេះ​​ត្រូវ​​គេ​​សង្ស័យ​ថា អាច​គាត់​រ​ត់ទៅ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ ដែល​​រាល​មក​ឆេះ​ចម្ការ​គាត់​ ហើយរត់​ទាក់​វ័​រ​ដួល​​ងើប​មិន​រួច ក៏​ត្រូវ​ភ្លើង​​ឆេះ​ស្លាប់​រលេស​រលួយ​តែ​ម្តង ។

ហេតុការណ៍​ប្រទះ​ឃើញ​សព​ស្ត្រី​រង​គ្រោះ​នេះ បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ​មីនា ​​ស្ថិត​នៅ​ចំណុច​ក្បែរ​​​បន្ទាយ​យោធា​វរ​សេនា​តូច​លេខ​៥០៧ ជាប់​​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ភូមិប​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ា​ខា ក្រុង​ប៉ៃលិន ។

​សព​ស្ត្រី​រង​គ្រោះមាន​ឈ្មោះ​ណឹ​ប លាង អាយុ​៣៥​ឆ្នាំ ជា​ចុងភៅ​ធ្វើ​ម្ហូប ​ក្នុង​បន្ទាយ​យោធា​ខាងលើ មាន​ប្តី​ឈ្មោះ​ឈឺ ធី អាយុ​​៣៦​ឆ្នាំ ជា​​​យោធា ​ស្នាក់​នៅ​ក្នុង​​បន្ទាយ​យោធា​​ខាងលើ ។ ប្រភព​បន្ត​​ថា ​រយៈ​ពេ​ល​ប៉ុន្មាន​ថ្ងៃ​កន្លង​​មកនេះ អាកាសធាតុ​​ក្តៅ​ខ្លាំង ​គួរ​ឱ្យ​កត់​សម្គាល់ ហើយ​ក៏​មាន​អ្នក​លួច​​ដុត​ព្រៃ​ក្បែរ​ចម្ការ​នោះ​ជា​ញឹកញាប់​​ដែរ ។ លុះ​រហូត​ដល់​ថ្ងៃ​ទី​២០ ​មីនា កន្លង​​ទៅ ភ្លើងព្រៃ​​បន្ត​ឆាបឆេះ​លើ​​ភ្នំ​ក្បែរ​ចម្ការ​តា​ង៉ែ​ន​របស់​ពួក​គាត់ ដោយ​បាន​នាំ​គ្នា​ចេញ​​ទៅ​ពន្លត់​ម្តង​រួច​ទៅ​ហើយ ក្រោយមក​នាំ​គ្នា​ត្រឡប់​ទៅ​ស្នាក់​នៅ​ក្នុង​បន្ទាយ​វិញ ។

លោក​បញ្ជាក់​ថា កាលពី​​រសៀល​ថ្ងៃ​កើតហេតុ ​ប្តី​របស់​ស្ត្រី​រង​គ្រោះ​​មិន​នៅទេ ដោយ​ជាប់រវល់​ទៅ​ទិញ​សម្ភារ​នៅ​ឯ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ​​ហើយប្រហែល​ស្ត្រីរងគ្រោះ​​ឃើញ​ភ្លើង​កំពុង​ឆាប​ឆេះ​ព្រៃ​​ភ្នំ រាលដាល​ចូល​ទៅ​ឆេះ​ចម្ការ​របស់​​ខ្លួន ទើប​ស្ទុះរ​ត់ទៅ​ម្នាក់ឯង​ ដើម្បី​ពន្លត់​ភ្លើង​នោះ ។ តែ​ជា​អកុសល ​ដោយសារ​ទាក់​ជើង​នឹង​ខ្សែ​វ័​ល្លិ៍​​ដួល​សន្លប់​នៅ​នឹង​កន្លែង លុះ​ភ្លើង​ឆេះ​សន្ធោរ​សន្ធៅ ក៏​រា​លម​ក​លេប​ត្របាក់​ជន​រង​គ្រោះ​​ស្លាប់​តែ​ម្តង ។

ចំណែក​បុរសឈ្មោះ​ឈឺ ធី ជា​ប្តី​ស្ត្រី​រង​គ្រោះ​​ឱ្យ​ដឹង​​ដែរ​ថា មុន​ពេល​កើតហេតុ គាត់​មិន​បាន​ដឹង​ថា ប្រពន្ធ​របស់​ខ្លួន​ទៅ​កន្លែង​ភ្លើង​ឆេះ​ចម្ការ​​នោះ​ឡើយ ខណៈ​ពេល​ត្រឡប់​មកពីផ្សារ​ដល់​​បន្ទាយ​វិញ ស្រាប់តែ​បាត់​ប្រពន្ធ ។ លុះ​សួរនាំ​មិត្តភក្តិ និង​យោធា​នៅ​ក្នុង​បន្ទាយ គ្មាន​នរណា​ម្នាក់​ដឹង​ថា ​គាត់​​ទៅ​​ណា​នោះទេ ហើយ​ក៏​បាត់​ខ្លួន​អស់​រយៈពេល​១​យប់  ។ លុះ​ព្រឹក​ឡើងស្រាប់តែ​មាន​គេ​មក​ប្រាប់​ថា ប្រពន្ធ​​របស់​ខ្លួន​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​បាត់​ទៅ​ហើយ ទើប​​បង្ការភ្ញាក់ផ្អើលតែម្តង ។