សេចក្តីថ្លែងការណ៍​រួម​ក្នុង​ទិវា​ព្រៃឈើ​អន្តរជាតិ​អំពាវនាវ​ការពារ​ព្រៃ​ឡង់

រាជធានី​ភ្នំពេញ ៖ ព្រៃឈើ​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​ផែនដី និង​ជីវិត​នៅ​លើ​ភព​ផែនដី ។ ព្រៃឈើ​ជា​សួត​នៃ​ពិភព​ផែនដី ហើយ​មាន​នាទី​ស្រូប​យក​ឧស្ម័ន​កាបូ​និក និង​បង្កើត​អុកស៊ីហ្សែន​សម្រាប់​ជីវិត​នៅ​លើ​ភព​ផែនដី ហើយ​ក៏​ជួយ​កាត់​បន្ថយ​ក​ណើ​ន​ឧស្ម័ន​ផ្ទះ​កញ្ចក់​ផង​ដែរ ។ នេះ​ជា​ការ​លើក​ឡើង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ស្ដី​អំពី​ទិវា​ព្រៃឈើ​អន្តរជាតិ​«​ព្រៃ​ឡង់ ប្រទេស​កម្ពុជា​» ខណៈ​ដែល​ព័ត៌មាន​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​បាន​ឈាន​ដល់​ចំណុច​គួរ​ឱ្យ​ព្រួយបារម្ភ ។

សេចក្ដីថ្លែងការណ៍​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៦ លើក​ឡើង​ថា ដោយសារ​តួនាទី​ដ៏​សំខាន់់​ទាំងនេះ និង​ការ​ប្រឈម​នឹង​ការ​បាត់បង់​ឈើ រួម​ទាំង​បម្រែបម្រួល​អាកាសធាតុ​សកល មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​អនុម័ត​សេចក្ដីសម្រេច​រួម​មួយ (A/RES/67/200) កាលពី​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១២ ដែល​បាន​ប្រកាស​ជា​សាកល​ថា នៅ​ថ្ងៃ​ទី​២១ ខែមីនា ជា​រៀង​រាល់​ឆ្នាំ​នឹង​ត្រូវ​បាន​ចាត់ទុកជា​ទិវា​ព្រៃឈើ​អន្តរជាតិ ។

ដោយឡែក​នៅ​ប្រទេស​កម្ពុជា ព្រៃ​ឡង់ និង​តំបន់​ព្រៃឈើ​ផ្សេង​ទៀត ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​សម្រាប់​កាត់​បន្ថយ​ភាព​ក្រីក្រ ចីរភាព​បរិស្ថាន និង​សន្តិសុខ​ស្បៀង ។

ព្រៃ​ឡង់ មាន​សារសំខាន់​បំផុត​សម្រាប់​មនុស្ស​ប្រមាណ​២០​ម៉ឺន​នាក់ ដែល​កំពុង​រស់នៅ​និង​ទទួលផល​នៅ​ជុំវិញ​ព្រៃ​ឡង់ ជា​ពិសេស​វា​មាន​សារសំខាន់​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ដល់​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ដែល​រស់នៅ​ពឹងផ្អែក​លើ​ផល​និង​អនុ​ផល​ព្រៃឈើ ។ របរ​សំខាន់​បំផុត​សម្រាប់​ប្រជា​សហគមន៍​កួយ​គឺ របរ​រក​ជ័រ​ឈើ (ជ័រ​ច្បោះ និង​ជ័រចុង​) ដែល​ជា​របរ​សម្រាប់​ចិញ្ចឹមជីវិត​របស់​ពួក​គេ ។

ព្រៃ​ឡង់ ជា​ព្រៃ​ដែល​មាន​សារសំខាន់ សម្រាប់​បឹង​ទន្លេសាប ក្នុង​ការ​ផ្តល់​ទឹក​គ្រប់​រដូវ​កាលដែល​ហូរ​ចាក់​តាម​ស្ទឹង​សែន ស្ទឹង​ជី​និ​ត ដែល​យើង​អាច​និយាយ​បាន​ថា ព្រៃ​ឡង់ គឺជា​បេះដូង​នៃ​បឹង​ទន្លេសាប ហើយ​ទន្លេសាប​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា ។ នៅ​ពេល​ដែល​បឹង​ទន្លេសាប​ជន់​លិច​ជា​រៀង​រាល់​ឆ្នាំ ព្រៃ​ឡង់​បាន​ផ្តល់​សារជាតិ​ចិញ្ចឹម​ដ៏​សំខាន់ ក្នុង​ការ​ជួយ​បង្កើន​ផលិតផល​កសិកម្ម និង​មាន​តួនាទី​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ធនធាន​ជលផល​ផង​ដែរ ។ លើស​ពី​នេះ​ទៀត ព្រៃ​ឡង់​ក៏​បាន​ផ្តល់​ទឹក​ដល់​ទន្លេមេគង្គ ដែល​ហូរ​ចាក់​តាម​ស្ទឹង​សៀម​បូក និង​បាន​ហូរ​នាំ​យក​នូវ​សារធាតុចិញ្ចឹម​ចាក់​ចូល​ទៅ​ក្នុង​ទន្លេ ។

ព្រៃ​ឡង់ ជា​តំបន់​ដែល​គ្របដណ្តប់​ដោយ​តំបន់​ព្រៃឈើ​ដ៏​ធំ​បំផុត​របស់​កម្ពុជា ដែល​មាន​ស្លឹកឈើ​ពណ៌​បៃតង​គ្រប់​រដូវ​កាល ដែល​មិន​ទាន់​ស្ថិត​នៅ​ក្រោម​កិច្ច​ការពារ​ជា​ផ្លូវការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅឡើយ ។ តំបន់​នេះ​ស្ថិត​ក្នុង​ចំណោម​ថ្នាក់​ជា​តំបន់​មួយ​ដ៏​មាន​សក្តានុពល ក្នុង​ចំណោម​តំបន់​ជា​ច្រើន​ទៀត​នៃ​ទំនាប​ព្រៃ​ស្បោង​ក្នុង​តំបន់​ឥណ្ឌូ​ភូមា ដែល​ជា​តំបន់​ជីវចម្រុះ​សំខាន់​ជាងគេ​មួយ ក្នុង​ចំណោម​តំបន់​សំខាន់​ជាងគេ​បំផុត​ទាំ​ង​១០​នៅ​លើ​ពិភពលោក ពោល​គឺ​ស្ថិត​ក្នុង​ចំណោម​តំបន់ ដែល​មាន​ភាព​សម្បូរ​បែប​បំផុត​ផ្នែក​ជីវសាស្ត្រ និង​រង​ការ​គំរាមកំហែង​បំផុត​នៅ​លើ​ភព​ផែនដី​នេះ ។

ឆ្លើយ​តប​នឹង​បម្រែបម្រួល​អាកាសធាតុ​សាកល ថ្មី​ៗ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ដ្រ គឺ​មិន​គ្រាន់តែ​ចង់​អភិរក្ស​ព្រៃឈើ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ចង់​ការពារ​គម្រប​ព្រៃ​បច្ចុប្បន្ន​៥៧​ភាគរយ​(​ឆ្នាំ​២០១០) នៅ​កម្ពុជា​ផង​ដែរ ។ គោលបំណង​របស់​រាជរដ្ឋាភិបាល គឺ​ពិត​ណាស់​ដើម្បី​បង្កើត​ឱ្យ​មាន​គម្រប​ព្រៃឈើ​នៅ​កម្ពុជា ដែល​អាច​កើន​ដល់​៦០​ភាគរយ​ទូ​ទាំង​ផ្ទៃ​ប្រទេស​នៅ​ឆ្នាំ​២០៣០ ។ រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​ការ​កាប់​បំផ្លាញ និង​ការ​ជួញដូរ​ឈើ​ខុសច្បាប់ នៅ​ពេល​ដែល​ស្ថានភាព​នៃ​ការ​កាប់​បំផ្លាញ​និង​ដឹក​ជញ្ជូន​ឈើ​កំពុង​តែ​មាន​សកម្មភាព​យ៉ាង​ខ្លាំង ។

ស្រប​ពេល​ដែល​សកម្មភាព​ទប់ស្កាត់ និង​បទល្មើស​ព្រៃឈើ​កំពុង​តែ​អនុវត្ដ​ក៏​ដោយ ក៏​ស្ថានភាព​កាប់​បំផ្លាញ​ព្រៃ​ឡង់ ដែល​បាន​រាយការណ៍​ដោយ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត​រួម​មាន ក្រចេះ ស្ទឹង​ត្រែង ព្រះ​វិហារ និង​កំពង់ធំ ថា នៅ​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ក្នុង​ការ​កាប់​ទន្ទ្រានព្រៃ​នៅឡើយ និង​តំបន់​ព្រៃឈើ​ផ្សេង​ៗ​ទៀត​ប្រឈម​នឹង​ការ​បាត់បង់ ដែល​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល និង​គណៈ​កម្ម​ធិ​ការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ មាន​វិធានការ​តឹង​រ៉ឹ​ង​បន្ថែម​ទៀត បើ​ពុំ​ដូច្នេះ​ទេ ព្រៃ​ឡង់​នឹង​ឈាន​ដល់​ការ​វិនាស​អន្ដរាយ​មិន​ខាន​ឡើយ ។

តំណាង​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ សមាគម អង្គការ​សង្គម​ស៊ីវិល បាន​សំណូមពរ​ដោយ​ទទូច​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​ចាត់វិធានការ​សម​ស្រប​តាម​សំណូមពរ​ខាងក្រោម ៖

១-​សូម​ឱ្យ​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាត់វិធានការ​និង​អន្តរាគមន៍​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ។

២-​សូម​ឱ្យ​រាជរដ្ឋាភិបាល ចាត់វិធានការ​ដកហូត​ម៉ាស៊ី​នរណារ​យន្ត​ខុសច្បាប់​ចេញពី​ភូមិ ឃុំ ស្រុក និង​ទីតាំង​ធ្វើ​អាជីវកម្ម​នៅ​ជុំវិញ​ព្រៃ​ឡង់ ។

៣-​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដល់​មន្ត្រី អាជ្ញាធរ​ដែនដី និង​មេ​ឈ្មួញ​មួយ​ចំនួន ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម​ឈើ និង​ការ​កាប់​បំផ្លាញ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ដោយ​ខុសច្បាប់ ។

៤-​សូម​ដាក់​បង្ហាញ​សេចក្តី​ព្រាង​អនុក្រឹត្យ ស្តី​ពី​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ជីវចម្រុះ​ព្រៃ​ឡង់ និង​ដាក់​ឱ្យ​មានការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ជាមួយ​សហគមន៍​ព្រៃ​ឡង់ និង​អ្នក​ពាក់ព័ន្ធ ។

៥-​ដាក់​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត​ជា​តំបន់​គ្រប់គ្រង​រួម​គ្នា ដោយ​ផ្តល់​ភាព​ស្របច្បាប់​តាម​រយៈ​ការ​ដាក់​បញ្ចូល​សិទ្ធិ និង​តួនាទី​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ក្នុង​អនុក្រឹត្យ​ស្តី​ពី​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ជីវចម្រុះ​ព្រៃ​ឡង់ ។

៦-​សូម​រក្សា​ទុក​តំបន់​ព្រៃ​ឡង់​ជា​តំបន់​សិក្សា​ស្រាវជ្រាវ​អប់រំ សម្រាប់​បណ្តុះបណ្តាល​ធនធានមនុស្ស ក្នុង​ការ​លើក​ស្ទួយ​វិស័យ​អប់រំ​ផ្នែក​បរិស្ថាន ធនធាន​សេ​នេ​ទិ​ក រក្សា​លំនឹង​បរិស្ថាន និង​ជីវចម្រុះ ធនធានធម្មជាតិ និង​អេកូ​ទេសចរណ៍ ។

៧-​សូម​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួងបរិស្ថាន ក្រសួង​ធនធានទឹក​និង​ឧតុនិយម ក្រសួង​រ៉ែ និង​ថាមពល ជា​សេនាធិការ គួរតែ​ព​ន្លឿ​ន​ការ​ទទួលស្គាល់​សហគមន៍​ដែល​មាន​ស្រាប់​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់ ដូច​ជា​សហគមន៍​ព្រៃឈើ សហគមន៍​តំបន់​ការពារ សហគមន៍​នេសាទ​ជាដើម ដើម្បី​ឱ្យ​ពួក​គាត់​មាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​ចូលរួម​ការពារ​ទប់ស្កាត់​បទល្មើស និង​ប្រើប្រាស់​ធនធាន​ព្រៃ​ឡង់​ប្រកបដោយ​និរន្តរភាព ។

៨-​សូម​ឱ្យ​រាជរដ្ឋាភិបាល​ត្រួតពិនិត្យ និង​ធ្វើការ​ស៊ើ​ប​អង្កេត​លើ​ការ​ប្រើប្រាស់​សម្បទាន​ដី សង្គមកិច្ច ដី​សម្បទាន​សេដ្ឋកិច្ច និង​រោង​សិប្បកម្ម​កែ​ច្នៃ​នៅ​ជុំវិញ​ព្រៃ​ឡង់ ៕