សុខចិត្ត​ជ្រើស​ផ្លូវ​មិន​អាច​ត្រឡប់​ក្រោយ ដើម្បី​បំបាត់​ការ​ភ័យ​ខ្លាច

ខេត្តកណ្តាល ៖ បុរស​ម្នាក់​​ត្រូវ​គេ​ដឹង​​ថា បាន​ធ្វើ​អត្តឃាត​​ដោយ​​ចាក់​សាំង​ដុត​សម្លាប់​ខ្លួន​ឯង​នៅ​ក្នុង​ព្រៃ បង្ក​ឱ្យ​មាន​ការ​​​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​០២​​រសៀល​ថ្ងៃ​ទី​២១ មីនា ២០១៦ ស្ថិត​នៅ​ចំណុច​ទួល​ក្រហម​.​ក​មាត់បឹង​ត្នោត​បឹង​លិច ក្នុងភូមិ​កំពង់​ព្រីង ឃុំ​សិ​ត្បូ ស្រុក​​ស្អាង ខេត្ត​កណ្តាល ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ឈ្មោះ​ហាង យ៉ាំ​ង​ឃឿ​ង អាយុ​៥៣​ឆ្នាំ ជនជាតិ​វៀត​ណាម និង​ជា​ជាងសំណង់ មាន​ទីលំនៅ​ក្នុងភូមិ​រាស សង្កាត់​ចោម​ចៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ប្រភព​​បន្ត​ថា កាលពី​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​២១ មីនា ជនរងគ្រោះ​បាន​​ជិះ​ម៉ូតូ​ទៅ​ឃុំ​សិ​ត្បូ ស្រុក​ស្អាង (​កន្លែង​ធ្វើ​សំណង់​) រហូត​ដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែលនោះ ត្រូវ​ប្រពន្ធ​ទូរស័ព្ទ​រក តែ​​គ្មាន​អ្នក​​លើក​ទេ ដោយ​​បាត់​ដំណឹង​រហូត ។ លុះ​នៅ​រសៀល​ថ្ងៃ​ទី​២១ មីនា ស្រាប់តែ​មាន​​ក្មេង​ឃ្វាលគោ​ម្នាក់​ប្រទះ​ឃើញ​សាកសព​ត្រូវ​ភ្លើង​​ឆេះ រួច​ក៏​រត់​មក​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ពិនិត្យ ។

បន្ទាប់​ពី​កម្លាំង​ជំនាញ​ធ្វើ​កោសល្យវិច័យ​សាកសព​រួច​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​​ធ្វើ​អត្តឃាត​​សម្លាប់ខ្លួនឯង​​មែន ។ គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១១ មីនា កន្លង ជន​រង​គ្រោះ​ធ្លាប់​បាន​​អារ​.​ដៃ​សម្លាប់​ខ្លួន​ម្តង​រួច​មក​ហើយ ប៉ុន្តែ​ត្រូវ​គេ​ឃើញ​ទាន់​ក៏​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម ។

បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​ឱ្យ​ដឹង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ប្តី​របស់​គាត់​មិនដឹង​កើត​អី​ទេ ចេះ​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច​​រហូត និង​និយាយ​ថា មាន​គេ​ដេញ​តាម​សម្លាប់ ។