លោក​ទេស​រដ្ឋ​មន្ត្រី ប៉ែន ស៊ី​ម៉​ន ចូលរួម​ពិធី​បុណ្យពុទ្ធាភិសេក ព្រះ​អង្គ​បរិនិព្វាន

ព្រឹក​ថ្ងៃ​ទី​២០ មីនា ២០១៦ លោក​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ប៉ែន ស៊ី​ម៉​ន ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ពុទ្ធា​ពិ​សេក ព្រះ​អង្គ​បរិនិព្វាន និង​សមិទ្ធផល​នានា ស្ថិត​ក្នុងភូមិ​តា​អង្គ សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ខេត្តកំពត ដោយ​មានការ​ចូលរួម​ពី​លោក​ជំទាវ អ៊ុ​ន សុ​គ​ន្ធា តំណាងរាស្ត្រ​មណ្ឌល​កំពត អាជ្ញាធរ​ខេត្ត​-​ក្រុង ព្រះសង្ឃ ពុទ្ធិ​បរិស័ទ សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។

លោក នាក់ សុ​វ​ណ្ណា​រី អភិបាលក្រុង​កំពត បាន​គូសបញ្ជាក់​ថា សមិទ្ធផល​ដែល​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​តាម​ពុទ្ធានុញ្ញាត​នៅ​ពេល​នេះ រួម​មាន​ប្រាសាទ​ពុទ្ធិ​បរិស័ទ បូជនីយដ្ឋាន ព្រះ​អង្គ​បរិនិព្វាន មាន​បណ្តោយ​១០.៨​ម៉ែត្រ ទទឹង​៤.២​ម៉ែត្រ កម្ពស់​១១.៦០​ម៉ែត្រ ចំណាយ​ថវិកា​អស់​២១.៥០០​ដុល្លារ​អា​មេ​រិ​ក មហា​កុ​ដ្ឋ មួយ​ខ្នង​ប្រវែង​១៨​ម៉ែត្រ ទទឹង​១៣​ម៉ែត្រ កម្ពស់​១៣.៥​ម៉ែត្រ អស់​ថវិកា​១២៥.៩០០​ដុល្លារ​អា​មេ​រិ​ក ផ្លូវ​ចូល​វត្ត​ត្រើយ​កោះ​មួយ​ខ្សែរ​ប្រវែង​២៩៣​ម៉ែត្រ ទទឹង​៥​ម៉ែត្រ​អស់​ថវិកា​២១.៩៧៥​ដុល្លារ​អា​មេ​រិ​ក នាគ និង​បង្គោល​ភ្លើង​តាម​បណ្តោយ​មាត់​ព្រែក​ប្រវែង​២១៦​ម៉ែត្រ ចំណាយ​ថវិកា​អស់​៥.៣២០​ដុល្លារ​អា​មេ​រិ​ក ។

មាន​ប្រសាសន៍ សំណេះសំណាល​លោក​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ប៉ែន ស៊ី​ម៉​ន បាន​ពាំនាំ​នូវ​ការ​នឹករលឹក​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​តែងតែ​ផ្សា​ភ្ជាប់​សុខទុក្ខ របស់​សម្តេច​ជាមួយ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​តាម​គ្រប់​រូបភាព បើ​ទោះបី​សម្តេច មាន​ភារកិច្ច​មមាញឹក​ក្នុង​ការ​ដោះស្រាយ​ប្រឈម​នានា​ជា​អាយុជីវិត​ជាតិ ក្នុង​ស្មារតី​ម្ចាស់​ប្រទេស​ធានា​ឱ្យ​បាន​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ជូន​ជាតិ មាតុភូមិ​ក្តី ។

លោក​បណ្ឌិត​ទេស​រដ្ឋមន្ត្រី បាន​លើក​ឡើង​ពី​អត្ថន័យ​នៃ​ពិធីបុណ្យ​ឆ្លង​នានា និង​តួរ​នាទី​វត្ត​អា​រ៉ា​ម​ក្នុង​សង្គម​កម្ពុជា ដោយ​ចាត់​ទុក​ថា ការ​បុណ្យ​ឆ្លង​សមិទ្ធផល​នានា​នៅ​ពេល​នេះ ពិតជា​បាន​រួមចំណែក​យ៉ាង​ធំធេង​ជាមួយ​ព្រះសង្ឃ​ក្នុង​ការ​ធ្វើ​សង្ឃកម្ម​តាម​ពុទ្ធានុញ្ញាត ។ លោក​បណ្ឌិត​បាន​លើក​ឡើង​ពី​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​កន្លង​មក ដែល​បង្ក​ឱ្យ​មានការ​រស់រាន​កកើត​ឡើង​វិញ​ដំណាលគ្នា​នូវ​ព្រះពុទ្ធ​សាសនា ក៏​ដូច​ជា​សាសនា​ផ្សេង​ៗ​ទៀត​នៅ​កម្ពុជា នា​ថ្ងៃ​ទី​៧ មក​រា ១៩៧៩ ។

លោក​បណ្ឌិត​បាន​ជំរាប​ជូន​ពី​កាតព្វកិច្ច​ពលរដ្ឋ​ក្នុង​ការ​រួម​គ្នា ថែរក្សា​ការពារ​គរុ​ភ័​ណ្ឌ​នានា​ក្នុង​វត្ត ការ​ការពារ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ដ៏​ផូរផង់​របស់​ជាតិ ទល់​នឹង​ការ​ហូរ​ចូល​នូវ​វប្បធម៌​របស់​បរទេស​ជាដើម ។ តមកលោក​បណ្ឌិត​បាន​ប្រគេន​ព្រះរាជក្រឹត្យ ប្រកាស​នី​យ​ប័ត្រ ប្រគេន​ដល់​ព្រះសង្ឃ​តាម​ឋានានុក្រម និង​ប្រគេន​ថវិកា​១០​លាន​រៀល ដល់​ព្រះ​ចៅអធិការ​វត្ត​ត្រើយ​កោះ ជូន​តាជី យាយជី ២០០​នាក់ ម្នាក់​ៗ​ក្រណាត់​ស​០១​ដុំ ប្រាក់​១​ម៉ឺន​រៀល ក្រុម​យុវជន​កាយ​រិ​ទ្ធិ​១០០​នាក់ ក្រុម​យុវជន​កាកបាទក្រហម​១០០​នាក់ ម្នាក់​ៗ​ប្រាក់​១​ម៉ឺន​រៀល ជូន​សៀវភៅ​សិក្សា​ភាសា​អង់គ្លេស ភាសា​ថៃ ចំនួន​២០០​ក្បាល សម្រាប់​សាលា​បឋម​សិក្សា​ត្រើយ​កោះ ៥០​ក្បាល សាលា​បឋម​សិក្សា​បឹង​តា​ព្រាម​៥០​ក្បាល អនុ​វិទ្យាល័យ​ត្រើយ​កោះ​៥០​ក្បាល  សាលា​ព្រះរាជ​សម្ភារ​៥០​ក្បាល និង​អញ្ជើញ​រាប់បាត្រ​ព្រះសង្ឃ​១០៨​អង្គ​ផង​ដែរ ៕