ស្នាដៃ​កូនប្រសា​ប្រុស ធ្វើ​ឱ្យ​គ្រប់​គ្នា​ខឹងសម្បារ មិន​ទទួលយក​បាន

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​មួយ​ខ្នង​មាន​ទំហំ​៣​ម៉ែត្រ គុណ​៤​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស្លឹក រួម​ទាំង​លុយ​ចំនួន​១៦​ម៉ឺន​បាត និង​សម្ភារៈ​ក្នុង​ផ្ទះ ត្រូវ​បាន​ក្លាយជា​ចំណី​អគ្គិភ័យ បន្ទាប់​ពី​ត្រូវ​កូនប្រសារ​ប្រុស​ខឹង​ជាមួយ​ឪពុកក្មេក ក៏​ដុត​ផ្ទះ​ចោល​ហើយ​គេចខ្លួន​បាត់ ដែល​ហេតុ​ការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០២ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២១ មីនា ២០១៦ ស្ថិត​នៅ​ភូមិ​ចក្រី ឃុំ​ជប់​វា​រី ស្រុក​ព្រះ​នេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ ។

ម្ចាស់ផ្ទះ​ខាងលើ ឈ្មោះ​ញិ​ប ផៅ ភេទ​ប្រុស អាយុ​៨៦​ឆ្នាំ មានកូន​ប្រសា​ឈ្មោះ​ឈុ​ន សូត្រ (​ជន​បង្ក​) អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា និង​មាន​ជំងឺសរសៃប្រសាទ (​មាន​លិខិតបញ្ជាក់​ពី​គ្រូពេទ្យ​) ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ បុរស​ជា​កូនប្រសា​មក​លេង​ផ្ទះ​ខាងលើ និង​បាន​ផឹកស្រា​ស្រវឹង ឃើញ​ដូច្នេះ ឪពុកក្មេក​បាន​ចេញ​ពីផ្ទះ ដើរទៅ​ផ្ទះ​កូនប្រសា​ម្នាក់​ទៀត ដែល​នៅ​ចម្ងាយ​ពី​ផ្ទះ​គាត់​៥​ម៉ែត្រ ។ ពេល​នោះ​ស្រាប់តែ​ឈ្មោះ​ឈុ​ន សូត្រ នេះ ខឹង ក៏​យក​ដែក​កេះ​មក​ដុត បណ្តាល​ឱ្យ​ឆាបឆេះ​សន្ធោសន្ធៅ​តែ​ម្តង ដែល​មិន​អាច​មាន​អ្នក​ណា​ជួយ​ពន្លត់​ទាន់​ទេ ព្រោះ​ផ្ទះ​ប្រក់​ស្លឹក​និង​ជញ្ជាំង​ក៏​ស្លឹក​នោះ ។ ក្នុង​ហេតុការណ៍​ឆេះ​នេះ មិន​បណ្តាល​ឱ្យ​អ្នក​ណា​ម្នាក់​រងគ្រោះថ្នាក់​ដែរ តែ​ទ្រព្យសម្បត្តិ​វិញ​គឺ​ឆេះ​អស់​ជា​ច្រើន។