អ្នក​មាន​រួម​ជា​មួយ​រដ្ឋ​អំណាច​ស្រុក ​រំលោភ​យក​បឹង​ធម្មជាតិ

ខេត្តក្រចេះ​ ៖ ​អ្នកភូមិ​​ជា​ខ្មែរអ៊ិស្លាមជាង​១​រយ​គ្រួសារ​នៅ​ជុំវិញ​បឹងធម្មជាតិ​ត្រពាំង​ស្បែក​ជាប់​ព្រំដែន​វៀតណាម​-​ស្រុក​ស្នួល ​ព្រួយបារម្ភ​ខ្លាច​បាត់បង់បឹង​ធម្មជាតិ​ដ៏​មាន​សក្តា​នុពល​មួយ​ បន្ទាប់​ពី​​អ្នកមាន​អំណាច​កំពុង​រំលោភ​យក ​។

បឹង​ត្រ​ពាំង​ស្បែក មាន​ទីតាំង​នៅ​​ចំណុច​ត្រពាំង​ស្បែក ក្នុងភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ជាប់​នឹង​​តំបន់​ព្រំដែន​វៀតណាម គឺជា​បឹង​មួយ​ដែល​អ្នក​ភូមិ​ចាត់​ទុក​ថា មាន​សក្តានុពល​ធំធេងលើ​ផ្ទៃក្រឡា​ទំហំ​ជាង​៤០​ហិ​កតា សម្បូរ​​ទៅ​ដោយ​​មច្ឆជាតិ និង​ជាអាង​ស្តុក​ទឹក​ដ៍​សំខាន់​សម្រាប់​​អ្នក​ភូមិ​​ដែល​តាំង​លំនៅ​ជុំវិញ​បឹង​មួយ​នេះ ។ ទាំង​ខ្មែរ​និង​ខ្មែរអ៊ិ​ស្លា​ម​ចំនួន​ជាង​១០០​គ្រួសារចាត់​ទុក​​សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​ប្រចាំ​ថ្ងៃ​ ដូច​ជា ការ​នេសាទ​​ សម្រាប់​ចិញ្ចឹមសត្វ និង​ទឹក​សម្រាប់​អាស្រ័យ​ផល​កសិកម្ម​​ផ្សេង​ៗ​ ។ 

តែ​អ្វី​ដែល​ពួក​គាត់​បាន​សម្តែង​​ពី​​​​​ក្តី​បារម្ភ បន្ទាប់​ពី​បឹង​ធម្មជាតិ​ដ៍​ធំ​ល្វឹង​ល្វើយ​​មួយនេះ សព្វថ្ងៃ​ត្រូវ​បាន​រីង​ហួត​ដល់​បាតដី ដោយសារ​តែ​មានការ​ចុះ​ទៅ​ជីក​កកាយ​យក​អាចម៍ដី​ពី​បាត​បឹង​ដឹក​តាម​រថយន្ត​លក់​តាម​កសិកម្ម​ចម្ការ​ម្រេច និង​រំលោភ​យក​ដី​បឹង​ទាំងមូល ដោយ​ប្រើប្រាស់​គ្រឿងចក្រ​ធំ​ៗ ជីក​កាយ​បង្ហូរទឹក​ចេញពី​បឹង​ទៅ​ស្រះ​ដើម្បី​ផ្គត់ផ្គង់​ និង​ប្រើប្រាស់​ជា​លក្ខ​ណៈ​បុគ្គល​ទៅ​វិញ ​។

សកម្មភាព​ជីក​កកាយ​រំលោភ​យក​ដី​បឹង​សមូ​លហ​ភាព​របស់​អ្នកមាន​អំណាច​ក្នុងស្រុក ត្រូវ​បាន​អ្នក​ភូមិ​លើក​ឡើង​ថា បាន​ធ្វើ​ឡើង​កាន់តែ​ខ្លាំង​​ឡើង​ៗ​ក្នុង​អំឡុង​២​ឆ្នាំ​ចុង ក្រោយ​នេះ​ ។ ជាមួយ​​នឹង​​ទ​ង្វើ​នេះ ពួក​គាត់​សម្តែង​​ក្តី​បារម្ភ​ពី​ការ​បាត់បង់​បឹង​ធម្មជាតិ​មួយ​នេះ ដោយសារ​តែ​ការ​រំលោភ​យក​ ៕