មាន​ប៉ុន្មាន​នាក់​ទៀត ឃើញ​ជិត​ស្លាប់​ហើយ​មិន​ជួយ សុខចិត្ត​ទម្លាក់​ចោល​តាម​ផ្លូវ

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹងថា ​កាលពីវេលាម៉ោង​១១ និង​៣០នាទីព្រឹកថ្ងៃទី​២២ មីនា ២០១៦ ស្ថិតនៅ​ភូមិ១ ឃុំ​ព្រែក​ខ្សាយ «ខ» ស្រុកពាមរក៍ មាន​ករណី​មួយ​មិន​គួរ​ឱ្យ​​ជឿ​​មួយ បន្ទាប់​ពី​បុរសម្នាក់​​​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ រួមទាំងក្មេងស្រី​ម្នាក់​អាយុ​៤​ឆ្នាំ (ជា​ចៅ) ត្រូវ​​បាន​រថយន្ត​ក្រុងទម្លាក់​ចោល​នៅ​​តាមផ្លូវ​រួម​ទាំងអីវ៉ាន់​​ ដោយសារតែ​​បុរស​ខាងលើ ​កើត​ខ្យល់.គរហើយ​​​ខាង​​រថយន្ត​ក្រុង ​​ខ្លាច​​​ដាច់ខ្យល់ស្លាប់ ក៏​​យកចេញពី​រថយន្ត​តែម្តង (ធ្វើ​ដំណើរ​ចេញពី​ក្រុង​តាខ្មៅ ទៅ​ខេត្តស្វាយរៀង) ។

​ត្រូវប្រភព​បន្ត​ថា ក្រោយពីរថយន្ត​ក្រុងនោះ ទម្លាក់​បុរស​ខាងលើចុះ​ឱ្យ​ដេកនៅចិញ្ចើម​ផ្លូវ ក៏​ត្រូវប្រជាពលរដ្ឋ​នាំគ្នា​​ផ្អើលមើល និង​ជួយ​កោស​ខ្យល់ និងលាប​ប្រេង​កូឡា​ឱ្យ​ ​មួយសន្ទុះ​ទើប​ដឹងខ្លួនវិញ​ ។ ប៉ុន្តែ​​ជនរងគ្រោះ​ហាក់​ដូច​ជា​នៅ​រឹង​​ថ្គាម​ ហាមាត់និយាយ​មិន​កើត​នោះទេ ។ ដូច្នេះ គេ​គ្រប់គ្នា​មិន​អាចដឹង​ថា ជនរងគ្រោះ​ធ្វើ​ដំណើរ​ទៅមក​មកណា​នោះទេ ។

លុះ​ដល់វេលាម៉ោង១១ និង​៤៥នាទី​ព្រឹកថ្ងៃដដែល ជនរងគ្រោះ​រាងស្វាងបន្តិច និយាយ​បានមួយម៉ាត់ៗថា ​​រស់នៅ​ខេត្ត​ស្វាយរៀង ​​តែ​ស្មារតី​គាត់​នៅរវើរវាយនៅឡើយ ។ ប្រជាពលរដ្ឋ​​នាំគ្នា​គ្រាហ៍គាត់​ឱ្យ​សម្រាក​នៅ​កន្លែង​​​​​​សមរម្យ ​និង​ព្យាយាម​ទាក់ទង​ទៅក្រុមគ្រួសារ​គាត់​ផងដែរ រហូតទាក់ទងដល់​កូនប្រុសរបស់ជនរងគ្រោះ​មកដល់ ក៏បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ខេត្តស្វាយរៀង ។