អាជ្ញាធរ​វៀតណាម​ចាប់​បញ្ជូន​​ពលរដ្ឋ​ខ្មែរ​​​៣១​នាក់​​មក​កម្ពុជាវិញ

​រាជ​ធានីភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូ​ជី​មិញ ប្រទេស​វៀតណាម ​​​សហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច​ទីក្រុង​ហូ​ជី​មិ​ញ រៀបចំ​ការ​ធ្វើ​មាតុភូមិនិវត្ត​ន៍​របស់​ពលរដ្ឋ​ខ្មែរ​ចំនួន​៣១​នាក់​ (​មនុស្ស​ចាស់​១១​នាក់​ កុមារ​១៩​នាក់​ និង​ទារក​​១​នាក់)​ ​មានស្រុក​កំណើត​នៅ​ស្រុក​ច​ន្ទ្រា និង​​ស្រុក​កំពង់​រោ​រិ៍ ខេត្តស្វាយរៀង ​ដែល​ពួក​គាត់​​ចូល​ទៅ​ប្រទេស​វៀត​ណាម​​ប្រកប​របរ​លក់​ឆ្នោត​ខុសច្បាប់​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​ ។​

លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ​ទាំង​៣១​នាក់​​នោះ​ បាន​ធ្វើ​ដំណើរ​​តាម​រថយន្តក្រុងមក​ដល់​កម្ពុជា​វិញ​ហើយ ​កាលពី​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៦ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ុកបាយ​-​បា​វិត ​និង​ត្រូវ​បាន​ទទួល​ដោយ​មន្ទីរ​សង្គមកិច្ច និង​អាជ្ញាធរខេត្តស្វាយរៀង ។

លោក ជុំ សុន្ទរី បាន​រំឭក​​ថា កាលពី​ថ្ងៃ​ទី​១០ ​ខែមីនា​ ឆ្នាំ​២០១៦ ក្រសួងការបរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ បាន​ចេញផ្សាយ​ព័ត៌មាន​ពី​ការ​រៀបចំ​របស់​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​ហូ​ជី​មិញ ​អំពី​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ចំនួន២៣​នាក់ ​ដែល​បាន​​ឆ្លង​ចូល​ទៅ​រកស៊ី​លក់​ឆ្នោត​ខុសច្បាប់នៅ​ទីក្រុង​ហូ​ជី​មិ​ញ ឲ្យ​បាន​ត្រឡប់​មក​កម្ពុជា​វិញ ក្នុង​ស​ប្តា​ហ៍​ទី​៣ ​ខែមីនា​ ឆ្នាំ​២០១៦ ដែល​ចំនួន​នេះបាន​កើន​ពី​២៣​នាក់ ដល់៣១​​នាក់​ ​​រហូត​មក​​​ដល់​ពេល​នេះ ៕