«ចុះត្រង់​ឯង​មានស្រី ​អញ​មានប្រុសវិញ​មិនបានឬ?» កាប់​​ស្ទើរស្លាប់​

ខេត្តកំពត ៖ ករណី​ហិង្សា​កើតឡើង​នៅ​ក្នុង​គ្រួសារមួយ​ ដែល​ផ្តើម​ចេញពី​បុរស​ប្តី​ខឹង​ទប់​លែងបាន ក៏​រត់ទៅ​យក​កាំបិត​ផ្គាក់​​កាប់​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ​ជា​ច្រើន​​កាំបិត បណ្តាល​ឱ្យ​រង​របួស​​ធ្ងន់សន្លប់​ក្នុងថ្លុកឈាម​ រួច​​បុរស​បង្ក​​គេចខ្លួន​បាត់ ដែល​ហេតុការណ៍​នេះ​កើត​ឡើង ​កាលពី​វ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២១ មីនា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ជ្រុង​ស្រឡៅ ឃុំ​ស្តេច​គង់​ខាងជើង ស្រុក​បន្ទាយមាស ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​ជា​ប្តី​ដៃដល់​ឈ្មោះ​ខែ​ន បុ​ណ្ណា អាយុ​៤៦​ឆ្នាំ និង​ស្ត្រី​ប្រពន្ធ​រង​គ្រោះ​ឈ្មោះ​សែ​ម លាន អាយុ​៣៤​ឆ្នាំ មានកូន​៣​ប្រុស​-​ស្រី​៣​នាក់​។

បើ​តាម​ប្រភព​ជំហាន​ដំបូង​ឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២០ មីនា ទាំង​២​នាក់​ប្តី​-​ប្រពន្ធ​ខាងលើ នាំ​គ្នា​ទៅ​ចូលរួម​កាត់​ចំណងដៃ​កូន​ស្ថិត​នៅ​ភូមិ​ព្រៃ​ទន្លេ ឃុំ​ព្រៃ​ទន្លេ ស្រុក​បន្ទាយមាស ។ លុះ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​កណ្តាលអធ្រាត្រ ខណៈ​ស្ត្រី​ជា​ប្រពន្ធ​ទៅ​ងូត​ទឹក ហើយ​ប្តី​ក៏​សួរ​ប្រពន្ធ​ដោយ​ត្រង់​ៗ​ថា «​ឯង​មាន​លួច​ស្នេហា​ជាមួយ​តៃកុង​ឡាន​ទេ?» ។ ពេល​នោះ​ត្រូវ​ប្រពន្ធ​ឆ្លើយ​វិញ​ថា «​ចុះ​ត្រង់​ឯង​មាន​ស្រី អញ​មាន​ប្រុស​វិញ​មិន​បាន​ឬ​?» ។

សោយ​សារ​តែ​ដ​ខឹង​ប្រពន្ធ​បាន​ឆ្លើយ​បែប​នេះ បុរស​ជា​ប្តី​ទ្រាំ​លែង​បាន ក៏​រត់​ទៅ​យក​កាំបិត​ផ្គាក់​កាប់​ប្រហារ​ប្រពន្ធ​ទាំង​កំរោល របួស​ជា​ច្រើន​កន្លែង បណ្តាល​ឱ្យ​សន្លប់​ក្នុង​ថ្លុកឈាម ។ ពេល​ដែល​កាប់​ប្រពន្ធ​រួច បុរស​នោះ​បាន​ដើរ​ឆ្លង​ទៅ​ព្រែក​ត្រើយ​ខាងជើង ហើយ​ទៅ​ប្រាប់​ឈ្មោះ​ប៉ែ​ត ថា អញ​កាប់​ប្រពន្ធ​ងាប់​ហើយ ទៅ​មើលទៅ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

បើ​តាម​ប្រភព​មួយទៀត​ឱ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ​ខែ​ន បុ​ណ្ណា កន្លង​មក ក៏​ត្រូវ​ប្រពន្ធ​ប្រចណ្ឌ​ជាមួយ​ស្ត្រី​ម្នាក់​នៅ​ផ្សារ​កំពង់ត្រាច ដែល​​ជា​អាជីវករ​លក់ដូរ​ម្នាក់ ។ កាល​ណោះ ស្ត្រី​ជា​ប្រពន្ធ​បាន​ទៅ​ជេរ​ដៀល​លើ​ស្ត្រី​ម្នាក់​នោះ​យ៉ាង​ចាស់ដៃ​ផង​ដែរ ។ បន្ទាប់​ត្រូវ​ឈ្មោះ​​ខែ​ន បូ​ណា ដោះស្រាយ​បញ្ចប់រឿង​ទៅ ។