ខណៈនេះ ​អ្នករាយការណ៍ពិសេសអ.ស.ប​កំពុងពិភាក្សាជាមួយ​រដ្ឋមន្រ្តីក្រសួងយុត្តិធ៌ម

រាជធានីភ្នំពេញ ៖ ​រដ្ឋមន្រ្តីក្រសួងយុត្តិធ៌ម លោក អង្គវង្ស វឌ្ឍានា​ បានអនុញ្ញាតឲ្យអ្នក​សរសេរ​របាយការណ៍​​ពិសេស​​របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ​ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ​លោកស្រី​​ រ៉ូ​ណា​ ស្មី​ត(Rhona Smith) ​​ចូលជួបសម្តែងការគួរសមនិងធ្វើសវនាការ ​នៅទីស្តីការក្រសួងវេលា​ម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២២ មីនា ២០១៦ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងថា​ នៅក្នុងជំនួបខាងលើលោកស្រី ​​រ៉ូណា ស្មីត ​នឹងនិយាយពីបញ្ហាសិទ្ឋិមនុស្ស​នៅក្នុងប្រទេសកម្ពុជា ។

សូមបញ្ជាក់ថា ​អំឡុង​ពេល​ទស្សនកិច្ច​លើក​ទី​២​​នៅ​កម្ពុ​ជា​រយៈពេល១០ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី២១ដល់៣១មីនា​ ​លោក​ស្រី រ៉ូ​ណា ស្មី​ត នឹង​ពិនិត្យ​​មើល​ពី​​ស្ថានភាព​សិ​ទ្ឋិ​មនុស្ស​ពិសេស​លើ​ការ​រើសអើង​របស់​​ ក្រុម​ដែល​បាត់បង់​ឱកាស ​និង​អ្នក​ដែល​មិនសូវ​ទទួល​បានការ​គិតគូរ​ដូច​ជា​ ​ ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ ​និង​ជន​រង​គ្រោះ​ដោយ​ការ​​រើស​អើង​ពូជសាសន៍​ និង​ជាតិ​ពន្ធ​ជាដើម ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ​លោកស្រី រ៉ូ​ណា ស្មី​ត ​​បាន​ត្រូវ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ ​តែងតាំង​ជា​អ្នករាយការណ៍​ពិសេស​ផ្នែក​​សិ​ទ្ឋិ​មនុស្ស​ប្រចាំ​កម្ពុជា​ ​ជំនួស​លោក​សាស្ត្រាចារ្យ​ច្បាប់ ស៊ូ​ប៊ែ​រ​ឌី ​កាលពី​ខែមីនា ឆ្នាំ​២០១៥ ​។​ អ្នកស្រី​ជា​សាស្ត្រាចារ្យ​សិទ្ធិ​មនុស្ស​អន្តរជាតិ​​នៅ​ចក្រភព​អង់គ្លេស​​ និង ធ្លាប់​បង្រៀន​មុខ​វិជ្ជា​ច្បាប់ ​​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ​នៅ​ប្រទេស​ចិន ​និង​កា​ណា​ដា ជាដើម និង​ ​ធ្លាប់​ធ្វើ​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​​ បញ្ញា​សាស្ត្រ កម្រិត​បរិ​ញ្ញា ​​ផ្នែក​ច្បាប់​សិទ្ធិ​មនុស្ស ផង​ដែរ ។

អំឡុង ​ពេល​ដំណើរ​ទស្សនកិច្ច​លើក​ទី​១​​​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៤ កញ្ញា​ ២០១៥​ លោកស្រី រ៉ូ​ណា ស្មី​ត ​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​​​ក្រោយ​បញ្ចប់​ទស្សនកិច្ច​​ដោយ​បញ្ចា​ក់ថា​ បញ្ហា​តុលាការ ​​គឺ​នៅ​តែ​ជា​បញ្ហា​ប្រឈម​មួយ​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា ។​​ អ្នកស្រី​ឲ្យ​ដឹង​ដែរ​ថា ​​កម្ពុជា​ចាំបាច់​ត្រូវ​តែ​មាន​ប្រព័ន្ធ​តុលាការ​មួយ​ខ្លាំង​​ប្រកបដោយ​ភាព​ ឯករាជ្យ ​​ដើម្បី​ធានា​ការ​គោរព និង​ការពារ​សិទ្ធិ​មនុស្ស​​ជា​​ទូទៅ​នៅ​កម្ពុជា ៕