ថៅកែ​រំលាយ​កិច្ចសន្យា ​កម្មករ​លើកគ្នា​តវ៉ា

រាជធានី​ភ្នំពេញ ៖ កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ​យីហោ វី​ន ស៊ី​ង តិច ប្រមាណ​ជាង​៥០០​នាក់ នាំ​គ្នា​បះបោរ​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ពេល​ដែល​ថៅកែ​ប្រកាស​រំលាយ​កិច្ចសន្យា​ការងារ និង​ឈាន​ដល់​ការ​បិទទ្វារ​រោងចក្រ​មួយ​នេះ ហើយ​ទៅ​បើក​រោងចក្រ​ថ្មី​មួយទៀត ដោយ​ពុំ​បាន​ទូទាត់​ប្រាក់​ឈ្នួល ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​បំណាច់​ផ្សេង​ៗ ។ ក្រុម​កម្មករ​ដែល​នាំ​គ្នា​តវ៉ា​ក៏​បាន​ហែ​ក្បួន​ទៅ​ក្រសួង​ការងារ​ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ ។

ហេតុការណ៍​តវ៉ា​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២១ មីនា នៅ​ចំណុច​មុខ​រោងចក្រ​កាត់ដេរ វី​ន ស៊ី​ង តិច ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ តាម​ប្រភព​ព័ត៌មាន​ពី​តំណាង​កម្មករ បាន​ឲ្យ​ដឹង​ថា រោងចក្រ​កាត់ដេរ​មួយ​នេះ​បាន​ដំណើរការ​ចាប់តាំងពី​អំឡុង​ឆ្នាំ​២០០៧​មក​ម្ល៉េះ ដែល​មាន​កម្មករ កម្មការិនី បម្រើ​ការងារ​សរុប​ចំនួន​៥៥០​នាក់ និង​មាន ថៅកែ​ឈ្មោះ Liang Xiu Juna ភេទ​ស្រី ជា​ជនជាតិ​ចិន ។

ថៅកែ​រំលាយ​កិច្ចសន្យា ​កម្មករ​លើកគ្នា​តវ៉ា

មូលហេតុ​ដែល​នាំ​ឲ្យ​កម្មករ លើកគ្នា​ដង្ហែ​ក្បួន​ទៅ​កាន់​ក្រសួង​ការងារ​នោះ គឺ​ដោយសារ​តែ​ថៅកែ​ប្រកាស​រំលាយ​កិច្ចសន្យាការងារ ដើម្បី​បិទទ្វារ​រោងចក្រ​មួយ​នេះ ដែល​គេ​ដឹង​ថា​បាន​ទៅ​បើក​រោងចក្រ​ផ្សេង​ថ្មី​មួយទៀត ។ កាយវិការ​ថៅកែ​ធ្វើ​នេះ​ដោយ​មាន​បំណង​បំបាត់​ប្រាក់​ឈ្នួល ប្រាក់​អតីតភាព​ការងារ ប្រាក់​បំណាច់​ផ្សេង​ៗ​ទៀត​ជូន​កម្មករ ដូច​ជា​ប្រាក់​ការ​ជូនដំណឹង​មុន​, ប្រាក់​បំណាច់​កិច្ចសន្យា​ដែល​នៅ​សល់​, ប្រាក់​បំណាច់​នៃ​កិច្ចសន្យាការងារ​ស្មើនឹង​៥​ភាគរយ​, ប្រាក់​បំណាច់​ឆ្នាំ​, ប្រាក់ខែ​ចុង​ក្រោយ និង​អត្ថប្រយោជន៍​ផ្សេង​ៗ, ប្រាក់​ជួស​ការ​ជូនដំណឹង​មុន​, ប្រាក់​បំណាច់​បណ្ដេញចេញ​, ប្រាក់​សោហ៊ុយ ជំងឺ​ចិត្ត​,​ប្រាក់​ជួសជុល​ការ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ដែល​នៅ​សល់ ។

កម្មករ​បាន​ឲ្យ​ដឹង​ថា ថៅកែ​រោងចក្រ​ខាងលើ បាន​ចេញ​លិខិត​ជូនដំណឹង​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​៥ មីនា ស្ដី​ពី​ការ​ប្រកាស​រំសាយ​កិច្ចសន្យាការងារ មុន​កាលកំណត់ ដោយ​លើកយក​ហេតុផល​ថា «​ក្រុមហ៊ុន​មិន​ទទួល​បាន​នូវ​ការ​បញ្ជា​ទិញ​ថ្មី នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ពី​អតិថិជន​នៅ​បរទេស ជា​ហេតុ​ធ្វើ​ឲ្យ​សង្វា​ក់​ផលិតកម្ម និង​ដំណើរការ​ផលិត​របស់​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ពុំ​អាច​ដំណើរការ​តទៅ​ទៀត​បាន ។ ក្រុមហ៊ុន​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​បង់ប្រាក់​ឈ្នួល ជូន​បុគ្គលិក កម្មករ និ​យោ​ជិ​ក និង​បង់ថ្លៃ​ចំណាយ​សម្រាប់​ដំណើរការ ផលិត​នៅ​ក្នុង​រោងចក្រ​បាន​ទេ​» ។

ថៅកែ​រំលាយ​កិច្ចសន្យា ​កម្មករ​លើកគ្នា​តវ៉ា

បន្ទាប់​ពី​ទទួល​បាន​នូវ​សេចក្ដី​ប្រកាស​ខាងលើ បាន​បង្ក​ឲ្យ​កម្មករ​ទាំងអស់ មានការ​ជ្រួលច្របល់​យ៉ាង​ខ្លាំង ។ តាម​ព័ត៌មាន​ថា ពួក​គេ​បាន​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ និង​បានដឹង​ខ្លះ​ៗ​ថា ថៅកែ​មាន​បំណង​បិទទ្វារ​រោងចក្រ​មួយ​នេះ ហើយ​ទៅ​បង្កើត​រោងចក្រ​ថ្មី​មួយទៀត នៅ​កន្លែង​ផ្សេង ។ ប្រភព​ដដែល​បាន​បន្ត​ថា ពួក​គេ​មិន​ខ្វល់​ពី​ការ​បិទ​រោងចក្រ​ក្រោម​លេស​អ្វី​ទេ ប៉ុន្តែ​ថៅកែ​ត្រូវ​គោរព ច្បាប់​ស្ដី​ពី​ការងារ​ផង ចង់​បិទ​ចង់​បើក​ស្រេច​លើ​ថៅកែ​ទេ តែ​អ្វី​ដែល​សំខាន់ គឺ​ថៅកែ​ត្រូវ​តែ​ទូទាត់​ប្រាក់​ឈ្មួ​ល និង​ប្រាក់​បំណាច់​ពាក់ព័ន្ធ​ផ្សេង​ៗ ជាមួយ​កម្មករ​ឲ្យ​បាន​ដាច់​ស្រឡះ​សិន ។ កម្មករ​អាច​រក​ការងារ​កន្លែង​ផ្សេង​ទៀត​បាន ប៉ុន្តែ​អ្វី​ដែល​ប្រឈម​នោះ​គឺ បើ​គ្មាន​ការ​ទូទាត់​ទៅ​តាម​ច្បាប់​ការងារ​ទេ ពួក​គេ​គ្មាន​ប្រាក់​សម្រាប់​បង់ថ្លៃ ផ្ទះ​ជួល​ស្នាក់​នៅ ថ្លៃ​ធ្វើ​ដំណើរ ឬ​ការ​ចំណាយ​ដទៃ​ទៀត​នោះ​ឡើយ ពួក​គេ​ប្រឈម​មុខជា​មួយ​ម្ចាស់ផ្ទះ​ជួល​គ្រប់ពេល​ទាំងអស់ ។

ប៉ូលិស​បាន​និយាយ​ថា កម្មករ កម្មការិនី រោងចក្រ​ខាងលើ​បាន​ធ្វើការ​តវ៉ា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ មាន​ទាំង​ការ​ដុត​សំបក​កង់​រថយន្ត កង់​ម៉ូតូ​ចាស់​ៗ នៅ​ចំណុច​មុខ​រោងចក្រ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ថែម​ទៀត​ផង ។​ប៉ុន្តែ​ដោយសារ​តែ​គ្មាន​លទ្ធផល​ទើប​ពួក​គេ​នាំ​គ្នា​ដង្ហែ​ក្បួន​ចាកចេញ​ពីមុខ​រោងចក្រ​ក្នុង​បំណង​ទៅ​កាន់​ក្រសួង​ការងារ ហើយ​ពេល​ទៅ​ដល់​ចំណុច មុខ​ផ្សារ​ជម្ពូ​វ័ន ត្រូវ​បាន​អាជ្ញាធរ​ស្ទាក់​ឲ្យ​ចូល​ទៅ​ក្នុង​វត្ត​ជម្ពូ​វ័ន ហើយ​បាន​ហៅ​តំណាង​ចំនួន​១០​នាក់ ទៅ​ជួប​ចរចា​គ្នា​ជាមួយ​ថៅកែ​នៅ​ក្នុង​រោងចក្រ ។ ប៉ុន្តែ​រហូត​ដល់​វេលា​ម៉ោងជាង​១ រសៀល​ថ្ងៃ​ដដែល​នោះ​នៅ​មិន​ទាន់​ដឹង​ពី​លទ្ធផល​នៅឡើយ​ទេ ។

កម្មករ​រោងចក្រ​កាត់ដេរ​ ជី​អេ​ច អាយ​ លើកគ្នា​មក​សុំ​អន្តរាគមន៍​ពីសម្ដេច​តេ​ជោ
ខេត្តកណ្ដាល ៖ កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ ជី​អេ​ច​អាយ ហ្គា​មេន​(GHI Garments) ប្រមាណ​៤០០​នាក់​ក្នុង​ចំណោម​៩០០​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា បាន​នាំ​គ្នា​មក​លើ​បដា​នៅ​ខាង​មុខ​ភូមិ​គ្រឹះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ទួល​ក្រសាំង ក្រុង​តា​ខ្មៅ ក្នុង​គោលបំណង​សុំ​ឱ្យ​សម្ដេច​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​រវាង​កម្មករ​និង​ថៅកែ​រោងចក្រ ដែល​កម្មករ​បាន​ចោទ​ថា ថៅកែ​រោងចក្រ​គាបសង្កត់​មក​លើ​កម្មករ និង​មិន​គោរព​កិច្ចសន្យា​តាម​ច្បាប់​ស្តី​ពី​ការងារ ។

ថៅកែ​រំលាយ​កិច្ចសន្យា ​កម្មករ​លើកគ្នា​តវ៉ា

ការ​មក​រក​អន្តរាគមន៍​នេះ​គឺ បន្ទាប់​ពី​ក្រុម​កម្មករ​កម្មការិនី កាលពី​ថ្ងៃ​ទី​១៨ ខែមីនា បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​លើ​ផ្លូវជាតិ ដោយ​លើក​បដា​ទាមទារ​សិទ្ធិ​ការងារ​របស់​ខ្លួន និង​បាន​នាំ​គ្នា​យក​មែកឈើ​ដាក់​ទ​ទឹ​ផ្លូវ​ង និង​ឈរ​បិទផ្លូវ​ជាតិ​លេខ​២ នៅ​ខាង​មុខ​រោងចក្រ ស្ថិត​នៅ​ភូមិប​ត្តាជី​១ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ អស់​រយៈពេល​ជាង​៤​ម៉ោង នៅ​តែ​មិន​ទទួល​បាន​ដំណោះស្រាយ ។

តំណាង​កម្មករ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ ការ​ទាមទា​តវ៉ា​របស់​កម្មករ​កម្មការិនី​សុំ​ឱ្យ​សម្ដេច​ជួយ​អន្តរាគមន៍​គឺ ៖
ទី​១-​សុំ​ឲ្យ​ថៅកែ​រោងចក្រ​ទទួលយក​កម្មករ​ដែល​បាន​បញ្ឈប់​កន្លង​មក​ចូល​ធ្វើការ​វិញ និង​ទាមទា​សុំ​កុំ​បញ្ឈប់​កម្មករ​ពី​ការងារ​ដោយ​គ្មាន​មូលហេតុ ។
ទី​២-​សុំ​ទាមទារ​ប្រាក់​ថ្លៃ​បាយ​មួយ​ថ្ងៃ​៣ពាន់​រៀល
ទី​៣-​សុំ​ទាមទារ​កុំឱ្យ​ថៅកែ​រោងចក្រ​គាបសង្កត់​មក​លើ​កម្មករ​ខុស​ពី​ច្បាប់​ស្ដី​ពី​សិទ្ធិ​ការងារ ។

ថៅកែ​រំលាយ​កិច្ចសន្យា ​កម្មករ​លើកគ្នា​តវ៉ា

តំណាង​កម្មករ​និយាយ​ទៀត​ថា បន្ទាប់​ពី​ក្រុម​កម្មករ​បាន​ឈរ​លើក​បដា​នៅ​ខាង​មុខ​ភូមិ​គ្រឹះ​អស់​រយៈពេល​ជាង​២​ម៉ោង ខាង​តំណាង​ខុទ្ទកាល័យ​របស់​សម្ដេច បាន​អនុញ្ញាត​ឱ្យ​តំណាង​កម្មករ​យក​ញ​តិ្ត​ទៅ​ដាក់​និង​និយាយ​ថា នឹង​យក​ញត្តិ​ទាមទា​របស់​កម្មករ​ស្នើ​សុំ​អន្តរាគមន៍​នេះ​ទៅ​រាយការណ៍​ជូន​សម្ដេច និង​រាយការណ៍​ជូន​មន្ត្រី​រាជរដ្ឋាភិបាល​ឱ្យ​ជួយ​ដោះស្រាយ​ជូន​កម្មករ​កម្មការិនី ។

នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល ក្រុម​កម្មករ​កម្មការិនី ក៏​បាន​បែក​គ្នា​ចាកចេញ​ពីមុខ​ភូមិ​គ្រឹះ​សម្ដេច ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។

គួរ​រំឭក​ថា កាលពី​ព្រឹក​ថ្ងៃ​១៨ ខែមីនា ក្រុម​កម្មករ​កម្មការិនី​រោងចក្រ​ខាងលើ បាន​ធ្វើ​បាតុកម្ម​បិទផ្លូវ​ជាតិ​លេខ​២ អស់​រយៈពេល​ជាង​៤​ម៉ោង ធ្វើ​ឲ្យ​ចរាចរណ៍​ត្រូវ​គាំង​ស្ទើរ​ទាំងស្រុង ដោយ​រថយន្ត​ធំ​ៗ​រាប់រយ​គ្រឿង​ចត​ត្រៀបត្រា​នៅ​លើ​ផ្លូវជាតិ​ចម្ងាយ​រាប់​ពាន់​ម៉ែត្រ​។ ចំណែក​រថយន្ត​ធុន​តូច​និង​ទោច​ក្រ យានយន្ត ត្រូវធ្វើ​ចរាចរណ៍​តាម​ផ្លូវ​វាង ៕