គ្រូបង្វឹកវេលស៍លោក Coleman ហាមមិនឲ្យប្រពន្ធ ឬមិត្តស្រីកីឡាករចូលក្នុង Euro

លោក Chris Coleman អ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ នឹងហាមមិនឲ្យភរិយា និងមិត្តស្រីរបស់កីឡាករលោកមិនឲ្យនៅសណ្ឋាគារជាមួយនឹងពួកគេក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ ឡើយ។
1
លោក Coleman ដឹងយ៉ាងច្បាស់ថា វត្តមានរបស់ភរិយា និងមិត្តស្រីរបស់កីឡាករ បានក្លាយជា បានក្លាយជាបញ្ហាដ៏ចម្បងមួយក្នុងយុទ្ធនាការធំៗ បើគិតចាប់តាំងពីយុទ្ធនាការ World Cup ឆ្នាំ២០០៦ របស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសនៅប្រទេសអាល្លឺម៉ង់ ត្រូវបានគេមើលរំលងដោយសារតែវត្តមានរបស់នាង Victoria Beckham, Coleen Rooney និងតារាផ្សេងទៀត។ ខណៈដែលក្រុមជម្រើសជាតិវេលស៍ សង្ឃឹមថា នឹងបង្កើតភាពអស្ចារ្យក្នុងយុទ្ធនាការធំជាលើកទីមួយរបស់ពួកគេក្នុងរយៈពេល៥៨ឆ្នាំ លោក Coleman បានប្រកាសកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់អំឡុងការប្រកួតជម្រុះតាមពូលនៃយុទ្ធនាការ Euro ក្នុងប្រទេសបារាំង លោកចង់ឲ្យកីឡាកររបស់លោកផ្តោតទៅលើកីឡាបាល់ទាត់ ដោយគ្មានឥទ្ធិពលពីក្រុមគ្រួសារ។

នេះមានន័យថា ភរិយាផ្ទាល់របស់លោក ដែលជាអ្នកអធិប្បាយតាមទូរទស្សន៍គឺអ្នកស្រី Charlotte Coleman និងនាង Emma Rhys-Jones ដែលជាដៃគូរបស់តារាឆ្នើម Gareth Bale នៃក្លិប Real Madrid នឹងត្រូវតែស្នាក់នៅឯផ្ទះ។ លោក Coleman ដែលក្រុមរបស់លោកត្រូវបោះទីតាំងនៅរមណីយដ្ឋាន Brittany នៃកោះ Dinard នោះ បានឲ្យដឹងថា៖ «យើងមានបីប្រកួត និងទីនោះនឹងគ្មានសមាជិកក្រុមគ្រួសារ គ្មានមិត្តស្រី គ្មានភរិយាក្នុងសណ្ឋាគាររបស់យើងឡើយអំឡុងដំណាក់កាលដំបូងនៃការប្រកួតវគ្គចែកពូល»៕

ប្រភពព័ត៌មាន៖ BBC