អ្នកចាំទី​ក្លិប Burnley នឹង​ជំនួស​កន្លែង Joe Hart ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស

អ្នកចាំទី​របស់​ក្លិប Burnley កីឡាករ Tom Heaton ដែល​មិនដែល​បាន​ចូល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ អង់គ្លេស​សោះ ត្រូវបាន​កោះហៅ​ឲ្យ​ចូល​ក្រុម ដើម្បី​មក​ជំនួស​កន្លែង​របស់​អ្នកចាំទី​ដៃ​ទីមួយ Joe Hart សម្រាប់​ការប្រកួត​ជាមួយ​ប្រទេស អាល្លឺម៉ង់ និង​ហូ​ឡង់។

tom-heatonអ្នកចាំទី Hart និង​ខ្សែបម្រើ Raheem Sterling ត្រូវបាន​ប្តូរ​ចេញ ក្នុងអំឡុង​ការប្រកួត​របស់ Manchester City ចាញ់ Manchester United ១-០ កាលពី​ថ្ងៃអាទិត្យ។
Heaton វ័យ ២៩ ឆ្នាំ នឹងចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ក្នុងការ​ប្រកួត​លក្ខណៈ​មិត្តភាព​ត្រៀម Euro 2016 ជាមួយ​ប្រទេស​អាល្លឺម៉ង់ ក្នុង​ទីក្រុង Berlin នៅ​ថ្ងៃ​សៅរ៍​នេះ និង​ជាមួយ​ប្រទេស ហូ​ឡង់​នៅ Wembley ថ្ងៃទី ២៩ ខែមីនា​សប្តាហ៍​ក្រោយ។

លោក Roy Hodgson គ្រូបង្វឹក​ជម្រើសជាតិ និយាយថា រូបលោក​នឹងមិន​បន្ថែម​កីឡាករ​ខាងក្រៅ​ណា​ចូលក្នុង​ក្រុម​ឡើយ។ លោក​ថ្លែងថា «Tom Heaton នៅ​ជាមួយ​យើង​នា​ឳ​កាស​មួយចំនួន​មកហើយ ហើយ​ខ្ញុំ​ស្វាគមន៍​រូបគេ​ចូលមក​លេង​វិញ»។ លោក​បន្តថា «ការពិត​ណាស់ វា​ជា​រឿង​ខកចិត្ត​សម្រាប់​កីឡាករ Joe និង Raheem ដែល​ទទួល​រងរបួស ខណៈ​ពួកគេ​ត្រូវ​ដកចេញ​ពី​ការប្រកួត​ជាមួយ​អាល្លឺម៉ង់ និង ហូ​ឡង់»។ «ពួកគេ​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម​របស់​យើង»៕