អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ កំពុង​ពិនិត្យមើល​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​

លោកស្រី រ៉ូ​ណា ស្មី​ត​(Rhona Smith) អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា​រយៈពេល​១០​ថ្ងៃ ដើម្បី​តាមដាន​ស្ថានភាព​សិទ្ធិមនុស្ស​និង​បញ្ហា​ផ្សេងៗ​ដែល​កើតឡើង​នៅ​កម្ពុជា​។ កាលពី​ថ្ងៃ​ច័ន្ទ ទី​២១ ខែមីនា ឆ្នាំ​២០១៦ ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​របស់​ពួកគេ​ប្រាប់​ទៅ​លោកស្រី រ៉ូ​ណា ស្មី​ត អំពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ជាពិសេស​ទាក់ទង​ទៅនឹង​ការ​រឹតត្បិត​សេរីភាព​ក្រុម​សង្គម​ស៊ីវិល ការគំរាមកំហែង​ទៅលើ​សេរីភាព​នៃ​ការបញ្ចេញមតិ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​(Facebook) ព្រមទាំង​ការបោះឆ្នោត​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​២០១៧-២០១៨​ខាងមុខ​ជាដើម​។​

ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​ជួបពិភាក្សា​ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត បានលើកឡើង​ពី​លំហ​នៃ​លទ្ធិប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា ដែល​ត្រូវ​ទទួលរង​នូវ​ការគំរាមកំហែង​កាន់តែខ្លាំង​ឡើងៗ ក្នុងនោះ​រដ្ឋាភិបាល​កម្ពុ​ជា​បានចេញ​ច្បាប់​ជាច្រើន​ដែលមាន​លក្ខណៈ​ដាក់​កំហិត​ទៅលើ​សេរី​ភាពជា​មូលដ្ឋាន​របស់​ក្រុម​សង្គម​ស៊ីវិល និង​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ បញ្ហាសំខាន់​នោះ គឺ​ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា​បានលើកឡើង​ចំពោះមុខ​លោកស្រី រ៉ូ​ណា ស្មី​ត ពាក់ព័ន្ធ​ទៅនឹង​សេចក្ដី​ព្រួយបារម្ភ​ជុំវិញ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​ខាងមុខ​។ ដោយហេតុថា​មួយរយៈ​ពេល​ចុងក្រោយ​នេះ រដ្ឋាភិបាល​នៃ​គណបក្សកាន់អំណាច​បាន​ប្រើប្រាស់​ប្រព័ន្ធតុលាការ​ដែលជា​ឧបករណ៍​របស់ខ្លួន​គាបសង្កត់​ទៅលើ​គូប្រជែង​កាន់តែខ្លាំង​ឡើងៗ​។

ក្នុងពេល​ជួបពិភាក្សា​ជាមួយ​ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត ក៏បាន​ផ្ដោតទៅលើ​ក្ដីកង្វល់​របស់​ក្រុម​សង្គម​ស៊ីវិល​នៅ​កម្ពុជា ជុំវិញ​បញ្ហា​ដែល​កើត​ឡើងជា​បន្តបន្ទាប់​ផងដែរ​។ លោកស្រី រ៉ូ​ណា ស្មី​ត បាន​ស្ដាប់​និង​កត់ត្រា​ដោយ​យកចិត្តទុកដាក់​ទៅលើ​អ្វីដែល​ក្រុម​សង្គម​ស៊ីវិល​បានផ្ដល់​ជា​យោបល់​សម្រាប់​លោកស្រី​យកទៅ​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​លោក ហ៊ុន សែន​។ មានន័យថា​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ​និង​អំពើ​រំលោភសិទ្ធិ​មនុស្ស​ក្នុងប្រទេស​កម្ពុជា គឺជា​រឿង​ដែល​មន្ត្រី​រដ្ឋាភិបាល​លោក ហ៊ុន សែន មិនអាច​បិទបាំង​បានឡើយ​។ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស បាន​ឲ្យ​ដឹងថា​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី រ៉ូ​ណា ស្មី​ត រយៈពេល​១០​ថ្ងៃ​នៅ​កម្ពុជា​គឺ​លោកស្រី​នឹង​ជួប​ផ្ទាល់​ជាមួយ​មន្ត្រី​សំខាន់ៗ​នៃ​រដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន សមាជិក​រដ្ឋសភា ព្រឹទ្ធសភា មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​ទូត​នៃ​បណ្ដា​ប្រទេស​នានា​ប្រចាំ​នៅ​កម្ពុជា​ផងដែរ​៕

0,,18741856_303,00លោក ស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ D0EF5F47-62E2-422A-AFE4-230637CC2AB1_w640_r1_s3259CFB1-14A1-409F-A7D0-AC40CF0230F7_w640_s