ជនជាតិ​បារាំង​២​នាក់​ សង្សារ​ចាប់​បាន​ចោរលួច​ម្នាក់​ ប្រគល់​ជូន​សមត្ថកិច្ច​

ជនជាតិ​បារាំង​២​នាក់​ សង្សារ​ចាប់​បាន​ចោរលួច​ម្នាក់​ ប្រគល់​ជូន​សមត្ថកិច្ច​



ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់ ត្រូវ​បាន​បុរស​និង​ស្ត្រី​ជនជាតិ​បារាំង​២​នាក់​ដេញ​តាម​ចាប់ខ្លួន​យក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ផ្សារ​កណ្ដាល​ទី​១ បន្ទាប់ពី​ជនសង្ស័យ​រូប​នេះ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​បានសម្រេច​ហើយ ព្យាយាម​រត់គេច​ខ្លួន​តែ​ត្រូវ​បុរស​ដែល​ជា​សង្សារ​ស្ត្រី​រងគ្រោះ​ដេញ​តាម​ចាប់​បាន​ម្នាក់ ចំណែក​ឯ​បក្ខពួក​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់។

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាង​លើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​រសៀល​ថ្ងៃទី​២១ ខែ​មិនា ឆ្នាំ ២០១៦ នៅ​ចំណុច​លើ​សួនច្បារ​មាត់ទន្លេ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌ​ដូនពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ អ៊ឹម សុភ័ក្ត្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​និង​ទីកន្លែង​ស្នាក់នៅ​មិន​ពិតប្រាកដ និង​បក្ខពួក​២​នាក់​ទៀត​ដែល​រត់​គេច​ខ្លួន​នោះ​មិន​ត្រូវ​បាន​ស្គាល់​ឈ្មោះ។ រីឯ​វត្ថុ​តាំង​មាន​ដកហូត​បាន​កាបូបស្ពាយ​១​មកវិញ។ចំណែក​ឯ​ស្ត្រី​រងគ្រោះ​ឈ្មោះ​sabadem bourj អាយុ​២៤​ឆ្នាំ ជនជាតិ​បារាំង មុខរបរ​ទេសចរណ៍ ស្នាក់​នៅផ្ទះ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។

ប្រភព​ដដែល បាន​បន្ត​ទៀត​ថា នៅមុន​ពល​កើតហេតុ​គឺ ស្ត្រី​រងគ្រោះ​និង​មិត្ត​ប្រុស​ជា​ជនជាតិ​បារាំង បាន​នាំគ្នា​ទៅ​អង្គុយលេង​នៅ​មាត់ទន្លេ ហើយ​ពេលនោះ​ស្ត្រី​រងគ្រោះ បាន​ដាក់​កាបូបស្ពាយ​នៅ​លើ​ថ្ម​ម៉ា​ត ស្រាប់តែ​ពេលនោះ​គេ​ឃើញ​មាន​ជនសង្ស័យ​៣​នាក់​ដើរមក​ក្បែរ ​រួច​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ពាយ​នោះ​បាន​សម្រេច​ហើយ ពួកគេ​ព្យាយាម​រត់​គេច​ខ្លួន ភ្លាមៗ​បុរស​ជា​សង្សារ​ស្ត្រី​រងគ្រោះ​បាន​ដេញ​តាម​ជនសង្ស័យ​ដោយ​ចាប់​បាន​ម្នាក់ ចំណែក​ឯ​២​នាក់​ទៀត​ភ័យ​ក៏បាន​បោះ​កាបូប​នោះ​ចោល​រត់​គេច​ខ្លួន​បាត់​តែម្តង។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ រួច​គេ​ឃើញ​នគរបាល​ប៉ុស្តិ៍​ផ្សារ​កណ្ដាល​ទី​១ ចុះ​មកដល់​កន្លែង​កើតហេតុ​បាន​នាំ​ជនសង្ស័យ​មក​សាកសួរ​នៅ​ប៉ុស្តិ៍​ រួច​បញ្ជូន​បន្ត​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ ចាត់ការ​តាមច្បាប់៕