រឿងរ៉ាវ​ចាក់​ធ្លាយ​ដៃ​ពី​ម្ខាង​ទៅ​ម្ខាង, ​ជនរងគ្រោះ​ចោទ​សមត្ថកិច្ច​យក​បក្សពួក​ជាធំ

រឿងរ៉ាវ​ចាក់​ធ្លាយ​ដៃ​ពី​ម្ខាង​ទៅ​ម្ខាង, ​ជនរងគ្រោះ​ចោទ​សមត្ថកិច្ច​យក​បក្សពួក​ជាធំ



កំពង់ស្ពឺ ​៖ ​បុរស​ម្នាក់​បាន​ស្វែងរក​ការ​ជួយ​អន្តរាគមន៍​ពី​សំណាក់​អ្នក​សារព័ត៌មាន​ក្នុង​ខេត្ត​កំពង់ស្ពឺ​ក្នុង​រឿង​ទំនាស់​គ្នា​រហូត​ត្រូវ​ម្ចាស់​ហាង​កាហ្វេ​ចាប់​ព្រួត​វាយ ​និង​ចាក់​បាតដៃ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​ដេរ​ជាច្រើន​ថ្នេរ។ ក្រោយ​កើតហេតុ​ក្នុង​បទល្មើស​ជាក់ស្ដែង​ជនរងគ្រោះ​បាន​ទៅ​ប្ដឹង​ដោយ​ផ្ទាល់​មាត់​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ភ្លាមៗ​ តែ​អស់លោក​ប៉ូលិស​ទាំងនោះ​មិនបាន​មាន​ចំណាត់​ការ​ភ្លាមៗ​ទៅលើ​ជនល្មើស​ឡើយ ដែល​ការ​ពន្យារ​នេះ​ត្រូវ​ជនរងគ្រោះ​បាន​និយាយ​ថា ជា​ការ​ទទួល​សំណូក​ពី​ម្ចាស់​ហាង​ខាង​លើ​ ក្នុង​រឿង​បើកដៃ​ឲ្យ​លេងល្បែង​ក្នុង​ផ្ទះ​នេះ។

ខាង​ក្រោម​នេះ​ជា​រឿង​ពិត​ ដែល​បុរស​ម្នាក់​ផ្ញើ​ឲ្យ​អ្នក​សារព័ត៌មាន​ចុះ​ផ្សាយ​ពី​ភាព​អយុត្តិធម៌​របស់​គាត់។ បុរស​ម្នាក់​ បាន​អះអាង​ថា ខ្លួន​ទទួល​រង​ភាព​អយុត្តិធម៌ ក្រោយ​​ពី​​ត្រូវ​ម្ចាស់​ហាង​កាហ្វេ​​ ចាក់​ឲ្យ​ធ្លាយ​ដៃ ពី​ម្ខាង​ទៅ​ម្ខាង​​កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៦។ ករណី​នេះ​ជា​រឿង​បង្ក​​របួស​ស្នាម​ដោយ​ចេតនា​មួយ ដែល​បង្ក​ឡើង​ដោយ​ម្ចាស់​ហាង កាហ្វេ​មួយ​កន្លែង មាន​ទីតាំង​ជិត​វត្ត​ខ្នារ ស្រុក​គង​ពិសី ខេត្ត​កំពង់ស្ពឺ ​ហើយ​​មក​ដល់​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦​នេះ​ សមត្ថកិច្ច​នៅ​មិន​ទាន់​មាន​ចំណាត់ការ​ណាមួយ​ក្នុង​រឿង​នេះ​ទេ​ ដោយ​លោក​មេ​ប៉ុស្តិ៍ ស្នំ​ក្រពើ មិនដែល​ចូល​ធ្វើ​ការ​នោះ​ឡើយ។

ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ជា​ជនរងគ្រោះ ឈប់​ម៉ូតូ​នៅ​លើ​ថ្នល់ ជិត​មុខ​កន្លែង​កើតហេតុ ដោយ​ក្នុង​ដៃ​មាន​កាន់​ទូរស័ព្ទ​ដៃ​ និង​មើល​ទៅ​ក្នុង​ហាង​កាហ្វេ​ ដោយសារតែ​បាន​ឮ​មាត់​ក្រុម​អ្នក​ភ្នាល់​ល្បែង​ឡូឡា​ផង​ដែរ។ ពេល​នោះ​ស្រាប់តែ​​​មាន​ស្ត្រី​ម្នាក់​ទៅ​សួរនាំ​ជនរងគ្រោះ​ ​​ក្នុង​ន័យ​ខ្លាច​គាត់​​​ថត​យក​រូបភាព​នៃ​ការប្រព្រឹត្ត​ល្បែងស៊ីសង​របស់​ខ្លួន។ បន្ទាប់មក​ម្ចាស់​ហាង​ប្ដី​និង​ប្រពន្ធ​ បាន​ទាញ​ដៃ ជនរងគ្រោះ ចូល​ទៅ​ហាង​របស់​ខ្លួន​ ហើយ​ក៏​មាន​មនុស្ស​២​នាក់​ផ្សេង​ទៀត​ ដែល​​នៅ​ទីនោះ​ស្រាប់ ​បាន​វាយតប់​យ៉ាង​ធ្ងន់ធ្ងរ ​និង​ចាក់​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ធ្លាយ​ដៃ ពី​ម្ខាង​ទៅ​ម្ខាង ដេរ​ជាច្រើន​ថ្នេរ។

ជនរងគ្រោះ​បាន​អះអាង​ថា​ ខ្លួន​មាន​ឈ្មោះ​ភា មាន​ទីលំនៅ​ភូមិ​ស្តុក ស្រុក​បាទី ​ខេត្ត​តាកែវ។ ចំណែក​ជន​បង្ក​, ជនរងគ្រោះ​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ច្បាស់​ទេ ​តែ​បាន​ស្គាល់​ម្ចាស់​ហាង​កាហ្វេ​ដែល​ជា​អ្នក​អូស​ដៃ​ចូល​ឲ្យ​គ្នា​គេ​វ៉ៃ ក្នុង​នោះ​ដើមហេតុ​ក៏​បណ្ដាលមកពី​ម្ចាស់​ហាង​នោះ​ដែរ។

នៅ​ពេល​កើតហេតុ​ភ្លាមៗ ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្តិ៍​នគរបាល​ស្នំ​ក្រពើ​ដែល តែ​មិន​មាន​ការ​ជួយ​អន្តរាគមន៍​សោះ ពី​សមត្ថកិច្ច​នៅ​ទីនោះ។

សូម​បញ្ជាក់​ថា រហូតមកដល់​ពេល​នេះ ពាក្យបណ្ដឹង​របស់​ជន​រងគ្រោះ ​មិន​ត្រូវ​សមត្ថកិច្ច​ធ្វើការ កោះហៅ​ជន​បង្ក​នៅឡើយ​ទេ ព្រោះ​អាច​ត្រូវ​ថ្នាំ​សណ្ដំ​ម្ចាស់​ហាង ដែល​មាន​បើក​ល្បែងស៊ីសង​ហើយ​មើល​ទៅ។

ហេតុការណ៍​នេះ​ត្រូវ​បាន​មហាជន​រិះគន់​មក​លើ​ស្ថាប័ន​នគរបាល​ប៉ុស្តិ៍ ស្នំ​ក្រពើ និង​អធិការ​ស្រុក ថា​មិនបាន​យកចិត្ត​ទុកដាក់​បម្រើ​រាស្ត្រ គិតតែ​ពី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ មិន​យក​ការងារ​ជាតិ​ជាធំ ហើយ​ទទូច​សុំ​ឲ្យ​លោកស្នងការ​កោះហៅ​មក​ងូតទឹក​ដុះ​ក្អែល​ម្ដង​កុំ​ឲ្យ​អសកម្ម​ការងារ​បែបនេះ​ពេក​ងាប់​រាស្ត្រ​អស់ហើយ៕

រឿងរ៉ាវ​ចាក់​ធ្លាយ​ដៃ​ពី​ម្ខាង​ទៅ​ម្ខាង, ​ជនរងគ្រោះ​ចោទ​សមត្ថកិច្ច​យក​បក្សពួក​ជាធំ

រឿងរ៉ាវ​ចាក់​ធ្លាយ​ដៃ​ពី​ម្ខាង​ទៅ​ម្ខាង, ​ជនរងគ្រោះ​ចោទ​សមត្ថកិច្ច​យក​បក្សពួក​ជាធំ