ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រ​ភាពយន្ត​ក្រុង​ពាលី​ថត​រឿង​ពីរ​ព្រម​គ្នា

ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រ​ភាពយន្ត​ក្រុង​ពាលី​ថត​រឿង​ពីរ​ព្រម​គ្នា



ភ្នំពេញ ៖ ស្រប​ពេល​ដែល​បច្ចុប្បន្ន​ខ្សែភាពយន្ត​ខ្មែរ​កំពុង​ទទួល​បាន​នូវ​ការ​គាំទ្រ​ឡើងវិញ​នោះ​ផ​លិច​ក្រ​វា​ឡ​ពេជ្រ​ភាពយន្ត​បាន​រៀបចំ​ធ្វើ​ពិធី​សម្ពោធ​ស្ទូ​ឌី​យោ​ថត​ខ្សែភាពយន្ត​បែប​បុរាណ​និង​ក្រុង​ពាលី​ថត​ខ្សែភាពយន្ត​ចំនួន​ពីរ​រឿង​ព្រម​គ្នា​គឺ​រឿង «​ចាប៉ី​នាគ​ត្រាច់ចរ​» និង​រឿង​«​ស្នេហ៍ បញ្ច្រាសទិស​»​។

អ្នកស្រី ថុង ស៊ីវ​ទៀង​អគ្គនាយិកា​ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រ​ភាពយន្ត បាន​បញ្ជាក់ថា ក្រោយពី​សង្កេត​ឃើញ​តម្រូវការ​នៃ​ការផលិត​ខ្សែភាពយន្ត ពិសេស​ខ្សែភាពយន្ត​ភាគ​អ្នកស្រី​បានសម្រេច​ចិត្ត​បង្កើត​ស្ទូ​ឌី​យោ​នេះ​ឡើង​។ ស្ទូ​ឌី​យោ​ផលិត​ខ្សែភាពយន្ត​ភាពយន្ត​ភាគ​បែប​បុរាណ​នេះ​ស្ថិតក្រោម​ការ​ចំណាយ​ប្រមាណ​ជិត​១០​ម៉ឺន​ដុល្លារ ដើម្បី​បម្រើ​ការផលិត​ខ្សែភាពយន្ត​ខ្មែរ​បែប​បុរាណ ដែល​មិន​មាន​ផលិតកម្ម​ច្រើន​ក្នុង​ការផលិត​។ អ្នកស្រី​បញ្ជាក់​បន្តថា​ស្ទី​ឌ​យោ ដែល​មាន​ទំហំ​ធំ​ទូលាយ​នេះ​បំពាក់​នូវ​សម្ភារៈ​បម្រើ​ឲ្យ​ការផលិត​ខ្សែភាពយន្ត​បែប​បុរាណ ដែល​មាន​ទាំង​ក្រឡាបន្ទំ​ទីប្រជុំ​សា​វនា​ការ​របស់​ព្រះរាជា​ជាដើម​។ សង្ឃឹមថា ស្ទូ​ឌី​យោ​នេះ​នឹង​ជួយ​ជំរុញ​លើកកម្ពស់​ខ្សែភាពយន្ត​ខ្មែរ​ឲ្យ​កាន់តែ​រីកចម្រើន​រស់​រវើក​។ ក្នុង​នោះដែរ ផលិតកម្ម​ក៏បាន​រៀបចំ​ក្រុង​ពាលី​ចេញ​ថត​ខ្សែភាពយន្ត​បែប​បុរាណ​និង​ខ្សែភាពយន្ត​ភាគ​បែប​សម័យ​ពីរ​រឿង​ព្រម​គ្នា​ផងដែរ គឺ​រឿង «​ចាប៉ី​នាគ​ត្រាច់ចរ​» និង រឿង «​ស្នេហ៍​បញ្ច្រាសទិស​»​ដែល​នឹង​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូត​ទស្សន៍​ប៉ុស្តិ៍​លេខ​៥​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​។​ ​នៅក្នុង​ពិធី​ក្រុង​ពាលី​នោះដែរ​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​លោក​ឆាយ បូរ៉ា បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​លោកស្រី​ថុង ស៊ីវ​ទៀង​អគ្គនាយិកា​ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រ ដែល​បាន​ចំណាយ​ទុន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​សម្រាប់​ប​ង្កើ​ត​ស្ទូ​ឌី​យោ​ថត​ខ្សែភាពយន្ត​បែប​បុរាណ​រួមទាំង​ការ​ខ្នះខ្នែង​ក្នុង​ការជំរុញ​ការផលិត​ខ្សែភាពយន្ត​ជា​បន្តបន្ទាប់​។ ការចំណាយ​ទុន​និង​ការខិតខំ​ប្រឹងប្រែង​និង​ការ​រូប​រួម​សាមគ្គី​ទាំង​ផលិតករ​អ្នកនិពន្ធ​និង​សិល្បករ​នៅពេលនេះ នឹង​ជំរុញ​ឲ្យ​វិស័យ​ភាពយន្ត​ខ្មែរ​ទទួល​បាន​ការគាំទ្រ​ច្រើន​ពី​មហាជន​៕