ថ្ងៃ​ទី​២៤​មីនា ទើប​ACU​សម្រេច​ថា​ទទួលយក​ពាក្យ​បណ្ដឹង​របស់​ក្រុម​យុវជន ឬ​មិន​ទទួល

ថ្ងៃ​ទី​២៤​មីនា ទើប​ACU​សម្រេច​ថា​ទទួលយក​ពាក្យ​បណ្ដឹង​របស់​ក្រុម​យុវជន ឬ​មិន​ទទួល



​ភ្នំពេញ ៖ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​កិច្ចប្រជុំ​ពិភាក្សា​លើ​ពាក្យបណ្ដឹង​របស់​ក្រុម​យុវជន និង​និស្សិត កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​មុន​នេះ​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ទទួល​យកពាក្យ​បណ្ដឹង របស់​ក្រុម​យុវជន​មក​ពិនិត្យ និង​ពិចារណា ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៤ ខែមីនា​ខាងមុខ ទើប​អង្គភាព​សម្រេច ថា ត្រូវ​ទទួល​យក​មក​បើក​ការស៊ើបអង្កេត ដោយ​រង់ចាំ​ការ​ធ្វើ​កោសល្យវិច័យ​សំឡេង​នោះ​សិន។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា និង​ពិចារណា​ទៅលើ​ពាក្យបណ្ដឹង​របស់​ក្រុម​យុវជន និង​និស្សិត ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​លោក​កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ សង្ស័យ​បាន​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​ភ្ជាប់​អង្គហេតុ​មួយ​ចំនួន ក្នុងនោះ​មាន​ខ្សែអាត់​សំឡេង​ដែល​លោក កឹម សុខា​ទំនាក់ទំនង​ដាក់​លុយ​តាម​ធនាគារ​ទៅ​ឲ្យ​ស្ត្រី​ម្នាក់​ចំនួន​៤​ពាន់​ដុល្លារ ក្នុង​ការទិញ​ដី និង​ទិញ​ផ្ទះមួយ​ចំនួន​ថែមទៀត​។​

បន្ទាប់ពី​កិច្ចពិភាក្សា​នេះ​ លោក​ស្រី ចំរើន ដែលជា​តំណាង​យុវជន និង​និស្សិត​បាន​ចូលរួម​ក្នុង​ពិធី​នោះ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោក កឹម សុខា ជា​បុគ្គល​សាធារណៈ ហើយ​បាន​យកលុយ​ទៅ​ចាយវាយ​ទិញ​ផ្ទះ ទិញ​ដី​ឲ្យ​ស្រី ដូច្នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវតែ​បើក​ការស៊ើបអង្កេត​លើ​ករណីនេះ ហើយ​ប្រសិនបើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​បើក​ការស៊ើបអង្កេត​ទេ ក្រុម​របស់​លោក នឹង​បើក​យុទ្ធនាការ​ធំ​មួយទៀត​លើ​ករណី​នេះ។

ទាក់ទង​នឹង​ការ​លើកឡើង​របស់​លោក ស្រី ចំរើន ដែល​ជា​តំណាង​យុវជន​នេះ ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​បញ្ជាក់​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​ខ្វល់ ទៅ​នឹង​ការ​មាន​ស្រី​ញី របស់លោក កឹម សុខា នោះទេ ប៉ុន្តែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អាច​ស៊ើបអង្កេត​ទៅលើ​ភាព​មិន​ប្រក្រតី ដែល​ទាក់ទង​ទៅ​នឹង​អំពើពុករលួយ​របស់​លោក កឹម សុខា មានន័យថា មិន​ខ្វល់​ពី​លោក កឹម​សុខា មាន​ស្រី​ណា​ទេ ប៉ុន្តែ​តើ​លោក កឹម សុខា បាន​លុយ​ពី​ណា​ទិញ​ផ្ទះ​ដី​ឲ្យ​ស្រី៕
ថ្ងៃ​ទី​២៤​មីនា ទើប​ACU​សម្រេច​ថា​ទទួលយក​ពាក្យ​បណ្ដឹង​របស់​ក្រុម​យុវជន ឬ​មិន​ទទួល

ថ្ងៃ​ទី​២៤​មីនា ទើប​ACU​សម្រេច​ថា​ទទួលយក​ពាក្យ​បណ្ដឹង​របស់​ក្រុម​យុវជន ឬ​មិន​ទទួល