ក្រុមការងារ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប ចុះ​បោះ​បង្គោល​ស្ថានីយ​បុរាណ​ទួល​អំបែង ​

ក្រុមការងារ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប ចុះ​បោះ​បង្គោល​ស្ថានីយ​បុរាណ​ទួល​អំបែង ​



ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ ២០១៦ ក្រុមការងារ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្ប​ដឹកនាំ​ដោយ លោក វឿន វុទ្ធី ប្រធាន​នាយកដ្ឋាន​បុរាណវិទ្យា និង​បុរេប្រវត្តិ​វិទ្យា សហការ​ជាមួយ មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្ប​ខេត្ត​ព្រៃវែង នគរបាល​ការពារ​បេតិកភណ្ឌ​ខេត្ត មេឃុំ​បារាយ​លិច ក្រុមការងារ​ក្រុង​ព្រៃវែង ប៉ុស្តិ៍​រដ្ឋបាល​បារាយណ៍ និង​ប្រជាពលរដ្ឋ​ឃុំ​បារាយណ៍​ដែល​មាន​ការ​ពាក់ព័ន្ធ​ដី​ស្ថានីយ​ទួល​អំបែង​ដែល​ជាប់​ព្រុំ​ទាំងអស់ ទូល​អំបែង​នេះ​ដែលមាន​អាយុកាល​ជាង​១៦០០​ឆ្នាំ​មក​ហើយ។

លោក វឿន វុទ្ធី បាន​មានប្រសាសន៍ថា កន្លងមក បាន​ធ្វើការ​ផ្សព្វផ្សាយ ច្បាប់ ស្តីពី​កិច្ចការពារ​បេតិកភណ្ឌ អាជ្ញាធរ សមត្ថកិច្ច និង​ជូន​ប្រជា​ពលរដ្ឋ​បាន​ជ្រាប​រួច​មកហើយ ដែល ច្បាប់​នេះ​មាន​គោលដៅ​ថែរក្សា​ការពារ​បេតិកភណ្ឌ​វប្បធម៌​ជាតិ និង​សប្ប​ត្តិ​វប្បធម៌​ទូទៅ​ប្រឆាំង​និង​ការ​បំផ្លិចបំផ្លាញ ការ​ប្រែក្លាយ ការប្តូរ​រូបរាង ការជីក​រុករក ការផ្ទេរកម្មសិទ្ធិ ការនាំចេញ និង​ការ​នាំចូល​ដោយ​ខុសច្បាប់​។

លោក​បាន​ណែនាំ​បន្ថែម​ដល់ អ្នក​អាស្រ័យ​ផល​លើ​ទួល​អំបែង ហាម​សាងសង់​សំណង់​រឹង ហាម​ជីក​កកាយ បំផ្លិចបំផ្លាញ ហាម​លក់ដូរ តែ​បងប្អូន​អាច​នៅ​បន្ត​អាស្រ័យ​ផល​លើដី​ទួល​អំបែង​បន្តទៀត​បាន ការ​បោះបង្គោល ដើម្បី​អភិរក្ស និង​អភិវឌ្ឍ ទៅតាម​គោលនយោបាយ​ជាតិ​ស្តីពី​វិស័យ​វប្បធម៌ និង​ទុកជា​អត្តសញ្ញាណ​សម្រាប់​មនុស្ស​ជាតិ​ទូទៅ​ត​កូន​តចៅ​ជា​រៀង​រហូត មិនមែន​សម្រាប់​បុគ្គល​ណា​ម្នាក់​នោះ​ទេ​។ លោក​បន្ត​បង្គោល​ដែល​ត្រូវ​បោះ​មាន​ចំនួន​១៦​បង្គោល បន្ទាប់ពី​បោះ​រួច មិន​ត្រូវ​បាន​អ្នកណាម្នាក់​ដក ឬ​ដាក់​ខុស​កន្លែង​ដើម​នោះ​ទេ បើ​មាន​ករណី​បាក់ ដក ឬ​បាត់​ពី​កន្លែង​ដើម សូម​ឲ្យ​​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្ប អាជ្ញាធរ​ឃុំ ប៉ុស្តិ៍​រដ្ឋបាល និង​អ្នក​ពាក់ព័ន្ធ ត្រូវ​រាយ​ការ​ជូន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​បើ​ករណី​មានការ​បាត់បង់​បង្គោល ឬ​ខិត​បង្គោល ការ​ជីក​រុករក វត្ថុ​បុរាណ សមត្ថកិច្ច អាជ្ញាធរ និង​អង្គភាព​ពាក់ព័ន្ធ មិន​រាយ​ការ​មានន័យថា បាន​ឃុបឃិត បំផ្លិចបំផ្លាញ និង​រុករក​វត្ថុ បុរាណ​ដោយ​ខុសច្បាប់ ត្រូវ​មានទោស​ទាំងអស់​គ្នា៕