ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​គ​គីរ​ ឃាត់ខ្លួន​បុរស​ម្នាក់​ ពី​បទ​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​

ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​គ​គីរ​ ឃាត់ខ្លួន​បុរស​ម្នាក់​ ពី​បទ​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​



កណ្តាល ​៖​ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ​បានធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​ ដែល​ប្រព្រឹត្ត​ឡើង​កាលពី​យប់​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​២០ និង​៣០​នាទី​ ចំណុច​កើតហេតុ​ភូមិ​ចិន​កោះ ​ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។​

ជនរងគ្រោះ​ឈ្មោះ​ យស់ យ៉ា​ត​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល (​ប្រពន្ធ​)។ ជនសង្ស័យ ឈ្មោះ អ៊ូច សៅ ភេទ​ប្រុស ​អាយុ​៤២​ឆ្នាំ មុខរបរ​សន្តិសុខ ​មាន​ទីលំនៅ​ភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ​ត្រូវជា​ប្ដី​។

មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​អំពើ​ហិង្សា​នេះ​ គឺ​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ​ជនសង្ស័យ​ត្រូវជា​ប្ដី​បាន​ផឹក​ស្រា​ស្រ​វឹង​ លុះ​មកដល់​ផ្ទះវិញ ក៏បាន​រករឿង​ប្រពន្ធ​ កូន ​និង​ដេញ​​វាយ​បំផ្លិចបំផ្លាញ​ផ្ទះ​សំបែង​ខូច​ខាត និង​មិន​ឲ្យ​ជនរងគ្រោះ​ដេក​ផ្ទះ​ឡើយ(​បញ្ជាក់​ជនសង្ស័យ​ធ្លាប់​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ ​កូន និង​លើ​ឪពុកក្មេក​ជា​ច្រើនលើកច្រើនសា​)​។

ក្រោយពី​ទទួល​បណ្ដឹង​ពី​ជនរងគ្រោះ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​គគីរ​បាន​ចុះទៅ​ដល់​កន្លែង​កើតហេតុ ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕