ក្រុមហ៊ុន​ធី​ង៉ា​ដាំ​កៅស៊ូ​នៅ​តំបន់​ព្រៃ​ឡង់​សង្ស័យ​ប្រមូល​កាកសំណល់​ព្រៃឈើ​មិន​ប្រក្រតី

ក្រុមហ៊ុន​ធី​ង៉ា​ដាំ​កៅស៊ូ​នៅ​តំបន់​ព្រៃ​ឡង់​សង្ស័យ​ប្រមូល​កាកសំណល់​ព្រៃឈើ​មិន​ប្រក្រតី



ព្រះវិហារ ​៖ ​ក្រុមហ៊ុន​ធី​ង៉ា​ ជា​ក្រុមហ៊ុន​វៀតណាម​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​កៅស៊ូ​លើ​ផ្ទៃដី​សរុប​ជាង​៦​ពាន់​ហិកតា​ ស្ថិតនៅ​ឃុំ​រៀបរយ ​ស្រុក​រវៀង​ ស្ថិត​ក្នុង​ព្រៃ​ឡង់ ​ដែល​សំបូរ​ប្រភព​ជីវចម្រុះ។ រហូត​មក​ដល់​ថ្ងៃ​ទី​២២ ខែ​មីនា​ ឆ្នាំ​២០១៦​នេះ​ ពាក្យ​ចចាមអារ៉ាម​នៅ​តាម​មូលដ្ឋាន​រាយការណ៍​ថា ​មាន​ការ​សង្ស័យ​ប្រមូល​កាកសំណល់​ព្រៃឈើ​ប្រភេទ​ឈើ​ហ៊ុប​មូល​តូច​ធំ​ពី​តំបន់​ព្រៃ​ឡង់​ក្បែរ​គ្នា​ចូល​ក្នុង​ដី​សម្បទាន​ក្រុមហ៊ុន​ដើម្បី​ឲ្យ​កាកសំណល់​ព្រៃឈើ​ទាំង​នោះ​ក្លាយ​ទៅ​ជា​ស្របច្បាប់។

តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ធី​ង៉ា​ទទួល​បាន​សិទ្ធ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ ដាំ​កៅស៊ូ​ពី​រាជរដ្ឋាភិបាល​តាំងពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ ​ហើយ​សព្វថ្ងៃ​ត្រូវ​បាន​គេ​ដឹង​ថា​ក្រុមហ៊ុន​មួយ​នេះ​ទើបតែ​ដាំ​ដើម​កៅស៊ូ​បាន​ចំនួន​ប្រមាណ​៣០០​ហិកតា​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ជិត​៨​ឆ្នាំ​មកនេះ។

ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទទូច​ឲ្យ​អ្នកសារព័ត៌មាន​កម្ពុជា​ថ្មី​ប្រចាំ​ខេត្ត​ព្រះវិហារ​ចុះ​យក​ព័ត៌មាន​ជាក់ស្ដែង​ដល់​ក្រុមហ៊ុន​ធី​ង៉ា​ផ្ទាល់​តែ​ម្ដង ​ទើប​អាច​ដឹង​ការពិត​ ឬ​មិន​ពិត​ចំពោះ​សកម្មភាព​របស់​ក្រុមហ៊ុន ​ថា​តើ ​កំពុង​ប្រមូល​ឈើ​ហ៊ុប​មូល​មកពី​កន្លែង​ណាខ្លះ​យក​មក​ដាក់​ក្នុង​ដី​សម្បទាន​ក្រុមហ៊ុន​ដើម្បី​ឲ្យ​ឈើ​ហ៊ុប​មូល​ទាំងនោះ​ក្លាយ​ជា​ឈើ​ស្របច្បាប់ សម្រាប់​អារ​កែច្នៃ​​​លក់​ចេញ។អ្នកសារព័ត៌មាន​ឆ្លើយតប​ទៅកាន់​ពួកគាត់​វិញ​ថា​មិន​អាច​ទៅ​បាន​ទេ​ ព្រោះ​តំបន់​នោះ​គ្មាន​សុវត្ថិភាព​ហើយ​ក្រុមហ៊ុន​ក៏​មិន​ឲ្យ​ចូល​ដែរ។

លោក​ស៊ុំ ​សុវត្ថា​ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​ទើប​ឡើង​កាន់​តំណែង​ថ្មី​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ​ខែ​មីនា ឆ្នាំ​២០១៦​នេះ​ថា​ កន្លងមក​យូរហើយ​ ដោយសារ​ឮ​ពាក្យ​ចចាមអារ៉ាម​ថា ​ក្រុមហ៊ុន​ធី​ង៉ា​បាន​ប្រមូល​កាកសំណល់​ឈើ​មូល​ពី​ព្រៃ​ឡង់​កន្លែង​ផ្សេង​ចូល​ក្នុង​ដី​សម្បទាន​ក្រុមហ៊ុន​នោះ ​ខាង​ថ្នាក់ដឹកនាំ​រដ្ឋបាល​ព្រៃឈើ​បាន​ចុះ​ត្រួតពិនិត្យ​ដល់​ក្រុមហ៊ុន​ផ្ទាល់​តែម្ដង។

លោក​បន្ត​ថា​ ជា​លទ្ធផល​វា​ជា​ពាក្យ​ចចាមអារ៉ាម​មិន​ពិត​ដូច​ការចោទប្រកាន់​នោះ​ទេ​ ហើយ​ការ​ចុះ​អង្កេត​នោះ​បាន​ប្រព្រឹត្តទៅ​ដដែលៗ​ចំនួន​៤​ទៅ​៥​លើក​រួច​មក​ហើយ។ លោក​នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​រវៀង​ថ្លែង​ដូច្នេះ​ថា ​ឈើ​ហ៊ុប​មូល​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ធី​ង៉ា​ភាគច្រើន​ជាដើម​ត្រាច​ដើម​ផ្លុង ​ដើម​ត្បែង​ និង​ដើម​ផ្ចឹក។
អ្នកសារព័ត៌មាន​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​ធី​ង៉ា​បាន​ទេ​នៅ​ថ្ងៃនេះ​ពាក់ព័ន្ធ​ទៅ​នឹង​សេចក្ដី​រាយការណ៍​​​ខាងលើ​ថា​មានការ​សង្ស័យ​ទៅ​នឹង​ក្រុមហ៊ុន​បាន​ប្រតិបត្តិការ​ប្រមូល​កាកសំណល់​ឈើ​ហ៊ុប​មូល​មួយ​ចំនួន​ពី​តំបន់​ព្រៃ​​ឡង់​ក្បែរៗ​ព្រំប្រទល់​ដី​សម្បទាន​ក្រុមហ៊ុន។ វា​អាច​មាន​ផល​ចំណេញ​ច្រើន​ណាស់​បើ​សិន​ឈើ​ហ៊ុប​មូល​ខុសច្បាប់​ទាំង​នោះ​បាន​ប្រមូល​យក​មក​ដាក់​ក្នុង​ដី​សម្បទាន​ក្រុមហ៊ុន​ខ្លួនឯង​ដើម្បី​ឲ្យ​ឈើ​ហ៊ុប​មូល​ទាំង​អស់​នោះ​ក្លាយ​ជា​ឈើ​ស្របច្បាប់​នៅ​ពេល​ទទួល​បាន​ការ​វាយ​ត្រា​ក្រហម​សម្គាល់​ពីលើ​ឈើ​ហ៊ុប​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ។

អ្នកសារព័ត៌មាន​រង់ចាំ​ទទួល​នូវ​ការ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​ខាងលើ​ជានិច្ច ​បើ​ទោះ​បី​ថ្ងៃនេះ​យើង​មិន​អាច​ធ្វើការ​ភ្ជាប់​ទំនាក់​ទំនង​បាន​ក៏ដោយ៕
ក្រុមហ៊ុន​ធី​ង៉ា​ដាំ​កៅស៊ូ​នៅ​តំបន់​ព្រៃ​ឡង់​សង្ស័យ​ប្រមូល​កាកសំណល់​ព្រៃឈើ​មិន​ប្រក្រតី