សកលវិទ្យាល័យ​មេគង្គ​កម្ពុជា បើក​វគ្គ​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍​ថ្នាក់​តំបន់​សម្រាប់​តំបន់​សៀមរាប​

សកលវិទ្យាល័យ​មេគង្គ​កម្ពុជា បើក​វគ្គ​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍​ថ្នាក់​តំបន់​សម្រាប់​តំបន់​សៀមរាប​



នៅ​សកលវិទ្យាល័យ​មេគង្គ​កម្ពុជា សាខា​ខេត្តសៀមរាប បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍​ថ្នាក់​តំបន់​សម្រាប់​តំបន់​សៀមរាប និង​តំបន់​ជុំវិញ ជំនា​ន់ទី​២២ ក្រោម​ការអញ្ជើញ​ចូលរួម​ពី​លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ រួម​នឹង​មន្ត្រីរាជការ​ក្រសួងទេសចរណ៍ និង​មន្ទីរ​ទេសចរណ៍​ខេត្ត តំណាង​សមាគម​ទេសចរណ៍ ថ្នាក់ដឹកនាំ និង​បុគ្គលិក​សកលវិទ្យាល័យ និង​សិក្ខាកាម​មគ្គុទ្ទេសក៍​ទេសចរណ៍ ប្រមាណ​១៤០​នាក់ កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៦។

ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍​នេះ លោក ប៉ាក់ សុខុម រដ្ឋ​លេខា​ធិការ​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា​ ការរៀបចំ​នូវ​ការ​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរ​ណ៍​បន្ថែម​នេះ គឺ​ឆ្លើយតប​ចំពោះ​កំណើន​ឡើងជា​បន្តបន្ទាប់​នូវ​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ខេត្ត​សៀមរាប ពោលគឺ​វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​គោលដៅ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​នូវ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ជា​វិស័យ​អាទិភាព​មួយ​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។

វគ្គ​បណ្ដុះបណ្ដាល​នេះ​ជាវ​គ្គមួយ​ នៃ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ដែល​ក្រសួងទេសចរណ៍​បាន​យកចិត្តទុកដាក់​ក្នុង​ការ​បណ្ដុះបណ្ដាល​ដល់​យុវជន​ឲ្យ​មាន​ជំនាញ​កម្រិត​ខ្ពស់ មានការ​ងារ​ធ្វើ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត។ សូម​រំលឹក​ថា ទេសចរណ៍​កម្ពុជា​បាន​បង្កើត​ការងារ​ផ្ទាល់​ចំនួន​៦០​ម៉ឺន​នាក់ ដែល​បាន​បង្កើត​ចំណូល​ឲ្យ​ប្រជាពលរដ្ឋ និង​ជាតិ​បាន​យ៉ាង​ច្រើន។

លោក បាន ថេ​រ៉ូ សកលវិទ្យាធិការ​រង នៃ​សកលវិទ្យាល័យ​មេគង្គ​កម្ពុជា​បាន​លើក​ឡើង​ថា “​វគ្គ​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍​នេះ​ត្រូវ​បាន​រៀបចំឡើង​ស្របតាម​បទដ្ឋាន​បច្ចេកទេស​របស់​ក្រសួងទេសចរណ៍ ហើយ​សាស្ត្រាចារ្យ​សម្រាប់​វគ្គ​បណ្ដុះបណ្ដាល​នេះ សុទ្ធសឹងតែ​មាន​បទ​ពិសោធន៍ និង​ជំនាញ​ឯកទេស​ច្បាស់លាស់។ ឈរ​លើ​បាវចនា​របស់​សកលវិទ្យាល័យ “​គឺជា​សកល​វិទ្យាល័យ ដែល​យកចិត្តទុកដាក់​ពី​តម្លៃ​នៃ​ការអប់រំ​ ” សកលវិទ្យាល័យ​មេគង្គ​កម្ពុជា​ នឹង​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បណ្ដុះបណ្ដាល ដើម្បី​ធ្វើ​ឲ្យ​សិក្ខាកាម​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ​ក្លាយទៅជា​ធនធានមនុស្ស​ប្រកបដោយ​សក្ដានុពល ចំណេះដឹង និង​សីលធម៌ ក្នុង​វិស័យ​ទេសចរណ៍។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​៤​ខែ និង​ការ​ចុះ​កម្មសិក្សា រយៈពេល​២​ខែ នៅ​តាម​បណ្ដា​ក្រុមហ៊ុន​ទេសចរណ៍ សិក្ខាកាម​អាច​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញាប័ណ្ណមគ្គុ​ទ្ទេស​ក៏​ទេសចរណ៍​ថ្នាក់​តំបន់​សម្រាប់​តំបន់​សៀមរាប និង​តំបន់​ជុំវិញ ស្របតាម​បទប្បញ្ញត្តិ​ជា​ធរមាន​របស់​ក្រសួងទេសចរណ៍​៕​