កម្ពុជា​ ទទួល​បាន​ចំណូល​ជាង​៨០​លាន​ដុល្លារ​ពី​វិស័យ​ធានារ៉ាប់រង​នៅ​ឆ្នាំ​២០១៥

កម្ពុជា​ ទទួល​បាន​ចំណូល​ជាង​៨០​លាន​ដុល្លារ​ពី​វិស័យ​ធានារ៉ាប់រង​នៅ​ឆ្នាំ​២០១៥



ភ្នំពេញ​ ៖ ប្រាក់ចំណូល​បាន​មកពី​វិស័យ​ធានារ៉ាប់រង​នៅ​ក្នុង​ឆ្នាំ​២០១៥​កន្លងមកនេះ ​មាន​ប្រមាណ​៨៣​លាន​ដុល្លារ​អាមេរិក ​មានការ​កើន​ឡើង​បើ​ធៀប​នឹង​ឆ្នាំ​២០១៤​ មានតែ​ជាង​៦០​លាន​ដុល្លារ​អា​មេរិក​ប៉ុណ្ណោះ។

លោក​ ឆាយ រតនៈ ​អគ្គនាយករង ​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ទី​២២​មីនា​ថា ​នៅ​ក្នុង​ឆ្នាំ​២០១៥​ ចំណូល​បាន​មកពី​វិស័យ​ធានារ៉ាប់រង​មាន​ប្រមាណ​៨៣​លាន​ដុល្លារ​ទាំង​ធានារ៉ាប់រង​អាយុជីវិត​ និង​ធានារ៉ាប់រង​ទូទៅ​មានការ​កើន​ឡើង​ដោយ​ឆ្នាំ​២០១៤​ទទួល​បាន​ចំណូល​ប្រមាណ​៦០​លាន​ដុល្លារ​អាមេរិក។​

លោក ​ឆាយ ​រតនៈ​ បាន​បន្ត​ថា ​ក្នុងចំណោម​ចំណូល​ប្រមាណ​៨៣​លាន​ដុល្លារ​អាមេរិក​នោះ​មាន​ផ្នែក​ធានារ៉ាប់រង​អាយុជីវិត​ប្រមាណ​២២​លាន​ដុល្លារ​ មានការ​កើន​ឡើង​ចំនួន​៣​ដង​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៤​កន្លងទៅ​ដោយមាន​អតិថិជន​ប្រមាណ​ចំនួន​៥​ម៉ឺន​នាក់​បាន​ប្រើប្រាស់​សេវា​ធានា​រ៉ាប់រង​អាយុជីវិត។

លោក​បាន​បន្ថែម​ថា​ «​វិស័យ​ធានារ៉ាប់រង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​តាមរយៈ​ការ​កៀរគរ​មូលធន​ពី​ក្រៅ​ប្រទេស​ និង​ក្នុង​ប្រទេស​ហើយ​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​អាយុជីវិត​បាន​ជួយ​បង្កើន​សមត្ថភាព​ផលិតកម្ម​ និង​ការ​លើក​កម្ពស់​ស្តង់ដារ​ផលិតផល​ធានារ៉ាប់រង​ដែល​ជា​ការ​រួមចំណែក​បង្កើន​នូវ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​»។
លោក​ថា ​បច្ចុប្បន្ន​នេះ​នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ចំនួន​៤​ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ចំនួន​៧​ និង​ម៉ា​យ​ក្រូ​វីន​សល​មាន​៥​សម្រាប់​លក់​ឲ្យ​អ្នកមាន​ចំណូល​ទាប​។

​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​មាន​ពីរ​បី​ទៀត​បាន​មក​សុំ​អាជ្ញាប័ណ្ណ​ដែរ​ តែ​ក្រសួង​កំពុងតែ​ពិនិត្យ​គួរ​ឲ្យ​ ឬ​អត់ ​ព្រោះ​យើង​មានការ​ប្រុងប្រយ័ត្ន​ដោយសារ​មាន​ក្រុមហ៊ុន​ខ្លះ​មិនទាន់មាន​បទពិសោធន៍​ត្រឹមត្រូវ​ ដោយសារតែ​វា​ជា​រឿង​ប្រាក់​សន្សំ​ដែល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​។ ​បើ​គាត់​ដាក់​លុយ​ទៅ​១០​ ទោ​២០​ឆ្នាំ​ ក្រុមហ៊ុន​រត់ចោល​វា​នឹង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។

លោក​ ឆាយ​ រតនៈ​ បាន​បញ្ជាក់​ថា​ «​យើង​មិន​បិទ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ទេ​ តែ​យើង​នឹង​ពិនិត្យ​មើល​ឲ្យ​បានច្បាស់លាស់​មុននឹង​ចេញ​ឲ្យ​បើក​ក្រុមហ៊ុន​ បើក​ហើយ​ការ​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ច្រើនពេក​ វា​ក៏​អាច​មិនល្អ​ដែរ​ ព្រោះថា​កាលណា​មាន​ច្រើន​ការប្រកួតប្រជែង​ក៏​មាន​ច្រើន​ដែរ​ ដោយ​អាច​មាន​ក្រុមហ៊ុន​ខ្លះ​ចង់បាន​អតិថិជន​ច្រើន​បាន​ទម្លាក់​តម្លៃ​»​។​

លោក ​ឆាយ ​រតនៈ​ បាន​ឲ្យ​ដឹង​ទៀតថា​ នៅក្នុង​រយៈពេល​កន្លងមក​នេះ​ ភាព​រីកចម្រើន ​នៃ​វិស័យ​ធានារ៉ាប់រង​បាន​ជំរុញ​ឲ្យ​បញ្ញាតិករ​ត្រូវ​រៀបចំ​ក្របខ័ណ្ឌ​គតិយុត្តិ​ជាច្រើន​ឲ្យ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ និង​មាន​សង្គតិភាព​ជាមួយនឹង​បណ្តា​ប្រទេស​ផ្សេងៗ​នៅក្នុង​តំបន់​ស្របតាម​«​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១១-២០២០»​ដែល​ផ្តោត​សំខាន់​ក្នុងការ​អភិវឌ្ឍ និង​ការ​បង្កើត​ក្របខ័ណ្ឌ​បទបញ្ញត្តិ​សម្រាប់​គ្រប់គ្រង​វិស័យ​នេះ​ ប្រកបដោយ​ប្រសិទ្ធភាព​។​ ដូចនេះ​បញ្ញា​ត្តិ​ករ​បាន​និង​កំពុង​កែសម្រួល​បទបញ្ញត្តិ​ប្រុងប្រយ័ត្ន​នានា ​ក្នុង​នោះ​បទបញ្ញត្តិ​ប្រុងប្រយ័ត្ន​សម្រាប់​គ្រប់គ្រង​ភ្នាក់ងារ​ធានារ៉ាប់រង ​ក៏​ត្រូវ​បាន​កែសម្រួល​ផងដែរ ​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ភ្នាក់ងារ​ធានារ៉ាប់រង​ជា​រូបវន្ត​បុគ្គល​ និង​Bancassurance​ដែល​ជា​អន្តរ​វិស័យ​ថ្មី​នៅ​ក្នុង​វិស័យ​ធានារ៉ាប់រង​៕
កម្ពុជា​ ទទួល​បាន​ចំណូល​ជាង​៨០​លាន​ដុល្លារ​ពី​វិស័យ​ធានារ៉ាប់រង​នៅ​ឆ្នាំ​២០១៥