លោកតា​ម្នាក់​រស់នៅ​ជាមួយ​ជំងឺ​ខ្លនលូន​ជិត​៤០​ឆ្នាំ​ ទីបំផុត​ទទួល​បាន​ការ​ព្យាបាល ​ដោយ​​ឥតគិតថ្លៃ

លោកតា​ម្នាក់​រស់នៅ​ជាមួយ​ជំងឺ​ខ្លនលូន​ជិត​៤០​ឆ្នាំ​ ទីបំផុត​ទទួល​បាន​ការ​ព្យាបាល ​ដោយ​​ឥតគិតថ្លៃ



ភ្នំពេញ​ ៖ ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦ ​ លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​ឆ្លៀត​ពេល​វេលា​ដ៏​មមាញឹក​អញ្ជើញ​សួរសុខទុក្ខ​អ្នក​ជំងឺ​ ខ្លនលូន ​ធ្ងន់ធ្ងរ​ម្នាក់​ ដែល​ក្រុមការងារ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​(TYDA)​បាន​នាំ​យក​មក​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៦​ និង​បាន​វះកាត់ ដោយ​ជោគជ័យ។

លោកតា លាស់ សឿង អាយុ ៧៦ រស់នៅ ភូមិ​ដើម​ស្លែង សង្កាត់​ច្បា​អំពៅ​២ ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ ដែល​បានកើត​ជំងឺ ខ្លន​លូន តាំង​ពីមុន​ឆ្នាំ​១៩៧៩ បានឲ្យដឹងថា លោកតា​រស់នៅ​ជាមួយ​ជំងឺ​នេះ អស់​រយៈពេល ជិត​៤០​ឆ្នាំ​មកហើយ ដោយ​ពុំមាន​លទ្ធភាព​រកប្រាក់ ដើម្បី​ធ្វើការ​វះកាត់​ព្យាបាល​ជំងឺ​នេះ​បាន។ ជាង​នេះ​ទៅ​ទៀត លោកតា​ត្រូវ​រក​ប្រាក់​មក ចិញ្ចឹម​កូន​ក្នុង​បន្ទុក​ចំនួន​០៦​នាក់​ថែមទៀត។

លោកតា លាស់ សឿង បាន​និយាយថា លោកតា​មិន​នឹក​ស្មាន​ថា​មាន​សំណាង​ បាន​ទទួល​ការ​ជួយ​ពី​សំណាក់​សប្បុរសជន​ណា​នោះ​ទេ។ លោកតា​គាត់​និយាយ​បន្ត​ទៀត​ថា សម្តេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ធ្វើ​ឲ្យ​គាត់​រស់រាន​មានជីវិត​ម្ដង​ទៀត ពីមុន​លោកតា​ជា​អ្នក​បើកឡាន​ឲ្យ​គេ បន្ទាប់មក​ក៏​ទិញ​ម៉ូតូ​រត់​ឌុប ដំបូង​ឡើយ​អាច​រក​ប្រាក់​ចំណូល​បាន​ទប់ទល់​ជីវភាព តែ​ដោយសារ​ជំងឺ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ ធ្វើ​ឲ្យ​អ្នកដំណើរ មិន​ហ៊ាន​ជិះ​ម៉ូតូ​គាត់​ទៀត ដែល​ធ្វើ​ឲ្យ​គាត់​មិន​អាច​រក​ប្រាក់​ចំណូល​ជួយ​ជីវភាព​បាន​ ណាមួយ​ជំងឺ​ក៏​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ កូនចៅ​ក៏​អស់សង្ឃឹម​ដែរ។

លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ សាកសួរ​សុខទុក្ខ រួមជាមួយ​អំណោយ​ជា​សម្ភារៈ​ឧបភោគបរិភោគ និង​ថវិកា ផ្ទាល់​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់ជូន​ដល់​លោកតា និង​ក្រុមគ្រួសារ​ដោយផ្ទាល់។

លោកជំទាវ ចូលរួម​រីករាយ​ជាមួយ​គ្រួសារ​របស់​លោកតា និង​សូម​អរគុណ ដល់​ក្រុមការងារ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ដែល​បាន​វះកាត់​ព្យាបាល​ជូន​លោកតា​ឲ្យ​ជាសះស្បើយ អាច​រស់នៅ​ជួបជុំ​កូនចៅ​ឡើងវិញ និង​អាច​ធ្វើ​ការងារ​ផ្សេងៗ​ទៀត​បាន។

គួរ​រំលឹក​ដែរ​ថា ក្រោយពី​ទទួល​បាន​នូវ​ព័ត៌មាន​ដែល​ប្រកាស​រក​ជំនួយ​ដល់​លោកតា​កើត​ជំងឺ ខ្លន​លូន តាមរយៈ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក​(Facebook) លោក​ ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី បាន​ឲ្យ​ក្រុមការងារ នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ចុះទៅ​ដល់ផ្ទះ​លោកតា​ផ្ទាល់ ដើម្បី​យក​លោកតា​មកកាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល៕

លោកតា​ម្នាក់​រស់នៅ​ជាមួយ​ជំងឺ​ខ្លនលូន​ជិត​៤០​ឆ្នាំ​ ទីបំផុត​ទទួល​បាន​ការ​ព្យាបាល ​ដោយ​​ឥតគិតថ្លៃ

លោកតា​ម្នាក់​រស់នៅ​ជាមួយ​ជំងឺ​ខ្លនលូន​ជិត​៤០​ឆ្នាំ​ ទីបំផុត​ទទួល​បាន​ការ​ព្យាបាល ​ដោយ​​ឥតគិតថ្លៃ