អាជ្ញាធរ​រាជធានី ពន្លឿន​ការស្ថាបនា​ផ្លូវអាកាស​ថ្មើរជើង​លើកដំបូង​ នៅ​ទីប្រជុំជន​ជំពូវ័ន្ត​

អាជ្ញាធរ​រាជធានី ពន្លឿន​ការស្ថាបនា​ផ្លូវអាកាស​ថ្មើរជើង​លើកដំបូង​ នៅ​ទីប្រជុំជន​ជំពូវ័ន្ត​



​ភ្នំពេញ​ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បាន​ពន្លឿន​ការស្ថាបនា​ផ្លូវអាកាស​ថ្មើរជើង​ជា​លើកដំបូង​នៅត្រង់​តំបន់ ទីប្រជុំជន​ជំពូវ័ន្ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ដែ​ល​បណ្ដាលមកពី​ការ​ឆ្លង​ផ្លូវ​របស់​ប្រជាពលរដ្ឋ ​ពិសេស​សិស្សានុសិស្ស​រៀន​នៅ​អនុ ​និង​វិទ្យាល័យ​ជម្ពូ​វ័ន​នេះ​។​

មន្ត្រី​ជំនាញ​សាលា​រាជធានី​ភ្នំពេញ​បាន​សិក្សា​គំរូ​ប្លង់​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​រួច​រាល់​ហើយ ដោយ​គ្រោង​បើក​ការដ្ឋាន​ស្ថាបនា​ជា​ផ្លូវការ​នា​ពេល​ឆាប់ៗ​នេះ រួម​ជាមួយនឹង​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​៤​ និង​ការស្ថាបនា​ប្រឡាយ​អម​សងខាង​ផ្លូវ​ចាប់ពី​រង្វង់​មូល​ចោមចៅ ដល់ ផ្លូវ​បំបែក​ទំនប់​កប់​ស្រូវ​។​

នេះ​បើ​តាម​ការ​បង្ហាញ​ឲ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​មន្ត្រី​ជំនាញ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា​នេះ ក្រោម​អធិបតីភាព​ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​។​

លោក ប៉ា សុជាតិ​វង្ស​ បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​ផ្លូវ​នេះ​មាន​ស្ថានភាព​មមាញឹក​ខ្លាំង រួម​ជាមួយ​នឹង​រថយន្ត​ដឹកទំនិញ​ធំៗ​ឆ្លងកាត់​ច្រើន ដែល​ធ្វើឲ្យ​អ្នកដំណើរ​ងាយ​ប្រឈម​គ្រោះថ្នាក់​ដើរ​ឆ្លងកាត់​ផ្លូវ ​ដាច់ខាត​តម្រូវ​ឲ្យ​មាន​ការសាងសង់​ផ្លូវអាកាស​ថ្មើរជើង​នេះ​ឡើង​។​

លោក​ មុន្នី​ ជា​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ បាន​គាំទ្រ​ចំពោះ​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នេះ ព្រោះ​វា​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ និង​សិស្សានុសិស្ស​មិន​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព នៅពេល​ធ្វើដំណើរ​ឆ្លងផ្លូវ​។​

លោក​បាន​បញ្ជាក់​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំពោះ​អ្នក​ឆ្លងកាត់​ផ្លូវ​កន្លង​ ដោយ​សារ​អ្នក​បើកបរ​មួយ​ចំនួន​ធំ​មិន​គោរព​គំនូស​ចរាចរណ៍​ និង​ស្លាក​សញ្ញា​ចរាចរណ៍​ ដែល​បង្ហាញ​ពី​តំបន់​​មាន​មនុស្ស​ឆ្លងកាត់ ចំណែក​អ្នក​ថ្មើរជើង​វិញ​ក៏​មាន​ការ​យល់​ដឹង​នៅ​មាន​កម្រិត​នៅ​ឡើយ​។

គួរ​បញ្ជាក់​ដែរ​ថា គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ជា​លើកដំបូង​នៅ​រាជធានី​ភ្នំពេញ​ ដែល​ត្រូវ ឆ្លង​កាត់​ផ្លូវ​ជា​លេខ​៤​ត្រង់​ចំណុច​វត្ត​ និង​វិទ្យាល័យ​ជំពូវ័ន្ត​នេះ​មាន​ប្រវែង​៤៥.៧ ម៉ែត្រ ទទឹង​៣,៦​ម៉ែ​ត្រ និង​កម្ពស់​៥,៥​កន្លះ​។ គម្រោង​នេះ​នឹង​អនុវត្ត​ព្រមៗ​គ្នា​ជាមួយនឹង​ការ​ដាក់​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ដើម្បី​ពង្រីក​ជា​ផ្លូវ​៣​គន្លង​ទៅ​៣​គន្លង​មក បន្ថែម​ពី​នេះ​ទៀត​នៅ​អម​សងខាង​ផ្លូវ​ក៏​មាន​ប្រឡាយ​ និង​មាន​ផ្លូវ​បេតុង​ផង​ដែរ​។​

លោក​អភិបាល​រាជធានី​ភ្នំពេញ​អះ​អាង​ថា បន្ទាប់ពី​ស្ថាបនា​គម្រោង​នេះ​រួចរាល់​អាជ្ញាធរ​នឹង​សិក្សា​គ​ម្រោង​ស្ថាបនា​ស្ពាន​អាកាស​នៅ​ត្រង់​ចំណុច​ប្រសព្វ​រង្វង់​មូល​ចោមចៅ​បន្ថែម​ទៀត ដើម្បីឲ្យតំបន់​នេះ​កាន់​តែ​មាន​ស្ថានភាព​ចរាចរណ៍​កាន់តែ​ល្អ​ប្រសើរ​៕​

អាជ្ញាធរ​រាជធានី ពន្លឿន​ការស្ថាបនា​ផ្លូវអាកាស​ថ្មើរជើង​លើកដំបូង​ នៅ​ទីប្រជុំជន​ជំពូវ័ន្ត​

អាជ្ញាធរ​រាជធានី ពន្លឿន​ការស្ថាបនា​ផ្លូវអាកាស​ថ្មើរជើង​លើកដំបូង​ នៅ​ទីប្រជុំជន​ជំពូវ័ន្ត​

អាជ្ញាធរ​រាជធានី ពន្លឿន​ការស្ថាបនា​ផ្លូវអាកាស​ថ្មើរជើង​លើកដំបូង​ នៅ​ទីប្រជុំជន​ជំពូវ័ន្ត​