មន្ទីរ​សាធារណការ ​អំពាវនាវ​ដល់​បេក្ខជន​ប្រឡង​យក​ប័ណ្ណ​បើកបរ​រថយន្ត​មក​ដាក់ពាក្យ​ នៅ​មន្ទីរ​ដោយ​ផ្ទាល់​

មន្ទីរ​សាធារណការ ​អំពាវនាវ​ដល់​បេក្ខជន​ប្រឡង​យក​ប័ណ្ណ​បើកបរ​រថយន្ត​មក​ដាក់ពាក្យ​ នៅ​មន្ទីរ​ដោយ​ផ្ទាល់​



កំពង់ឆ្នាំង ​៖ លោក គង្គ ឃាង អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង បាន​អំ​ពា​វ​នាវ​ដល់​បេក្ខជន ​ដែល​ត្រូវ​ប្រឡង​យក​ប័ណ្ណបើកបរ​ទាំងអស់ ត្រូវ​មក​ដាក់ពាក្យ​ប្រឡង​នៅ​មន្ទីរ​សាធារណការ​ខេត្ត​ ដោយ​ខ្លួនឯង​ផ្ទាល់ ប្រសើរ​ជាង​ការ​ដាក់​ពាក្យ​ប្រឡង​តាមរយៈ​សាលា​បើកបរ​ដែល​នាំ​ឲ្យ​មាន​ការ​ចំណាយ​ថវិកា​ច្រើន​មិន​សមស្រប​។ លោក​បាន​អំពាវនាវ​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦ ក្នុង​ពេល​បើក​វគ្គ​ប្រឡង​ដៃចង្កូត​យក​ប័ណ្ណបើកបរ​រថយន្ត របស់​បេក្ខជន​ស្វៃ​រិន​ជាង​១០០​នាក់ នៅក្នុង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត។

​លោក គ​ង្គ ឃាង បាន​បន្ត​ថា​ ក្រោយពី​ច្បាប់​ចរាចរណ៍​ថ្មី​បាន​ចូល​ជា​ធរមាន យើង​ពិនិត្យ​ឃើញ​ថា​មាន​ប្រជាពលរដ្ឋ​បាន​មក​ធ្វើ​ឯកសារ​ពាក់ព័ន្ធ​នឹង​យានយន្ត​មានការ​កើនឡើង​ចាប់ពី​១០០​ទៅ​២០០​នាក់​ក្នុង​១​ថ្ងៃៗ ដែល​ពីមុន​មានតែ​ពី​២០​ទៅ​៣០​នាក់​ប៉ុណ្ណោះ​។ ដោយឡែក​ការ​ប្រឡង​យក​ប័ណ្ណ​បើក​បរ​រថយន្ត​វិញ ពី​មុន​មក​ក្នុង​១​ខែ​ប្រឡង​បានតែ​១​វគ្គ ដែល​មាន​បេក្ខជន​ប្រមាណ​តែ​៥០​នាក់ តែ​ដល់​ឥឡូវនេះ ការ​ប្រឡង​យក​ប័ណ្ណបើកបរ​រថយន្ត​នេះ​ក្នុង​១​វគ្គៗ​មាន​បេក្ខជន​ជាង​១០០​នាក់ ហើយ​នៅ​ក្នុង​រយៈពេល​២២​ថ្ងៃ នៅក្នុង​ខែមីនា ឆ្នាំ​២០១៦​នេះ មន្ទីរ​បាន​បើក​វគ្គ​ប្រឡង​បាន​ចំនួន​៥​វគ្គ​រួច​មក​ហើ​យ​។​

​ទន្ទឹម​នោះ​ដែរ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង​សុំ​អំពាវនាវ​ដល់​បេក្ខជន​ ដែល​បាន​រៀន​ដៃចង្កូត​នៅ​សាលា​បើកបរ​រថយន្ត​ឯកជន​ទាំងអស់ មក​ដាក់ពាក្យ​ប្រឡង​យក​ប័ណ្ណបើកបរ​ដោ​យ​ផ្ទាល់​ខ្លួនឯង​នៅ​មន្ទីរ​សាធារណការ​ខេត្ត ព្រោះថា​ សេវា​បង់ថ្លៃ​ការ​ប្រឡង​របស់​ក្រសួង​កំណត់​យក​តែ​៩​ម៉ឺន​រៀល ​ចំពោះ​រថយន្ត​តូច និង​៩​ម៉ឺន​៥​ពាន់​រៀល​ចំពោះ​រថយន្ត​ធំ​។ ដោយឡែក​ចំពោះ​ប្រ​ជា​ពលរដ្ឋ​ដែល​ចេះ​បើកបរ​រួចហើយ​ដូចជា អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​រោងចក្រ អ្នកបើកបរ​រថយន្ត​តាក់ស៊ី តែ​ពុំ​ទាន់​មាន​ប័ណ្ណបើកបរ ក៏​​អាច​មក​ដាក់ពាក្យ​ប្រឡង​យក​ប័ណ្ណបើកបរ​ដោយ​ផ្ទាល់​នៅ​មន្ទីរ​សាធារណការ​ខេត្ត​ផង​ដែរ ដោយ​មិនបាច់​មានការ​បញ្ជាក់​សិក្សា​ពីសា​លា​បើកបរ​ឯកជន​នោះ​ឡើយ​។

ដោយឡែក​តាម​គោលការណ៍​របស់​អគ្គនាយក​ដ្ឋាន​ដឹកជញ្ជូន​របស់​ក្រសួង​សាធារណការ គឺ​តម្រូវ​ឲ្យ​សាលាបង្រៀន​បើកបរ​ឯកជន​ទាំងអស់​យក​ថ្លៃ​សេវា​បង្រៀន​ពី​សិស្ស​ម្នាក់ៗ មិន​ឲ្យ​លើស​ពី​៨០​ដុល្លា​រ​ឡើយ​។
​ ​
តាម​ការ​បញ្ជាក់​ពី​បេក្ខជន​ស្វៃរិន​ ដែល​បាន​មក​ប្រឡង​យក​ប័ណ្ណបើកបរ​រថយន្ត នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៦​នេះ នៅក្នុង​មន្ទីរ​សាធារណការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ កន្លងមក​ពួកគាត់​បាន​រៀន​នៅក្នុង​សាលា​បើកបរ​ឯកជន បាន​បង់ប្រាក់​ថ្លៃ​រៀន​ដៃចង្កូត និង​ប្រាក់​សុំ​ប្រឡង​យក​បើកបរ​ពី​១៣០​ទៅ​១៤​០​ដុល្លារ ដែល​ក្នុង​នោះ​គេ​ថា ប្រាក់​ពី​៣០​ទៅ​៤០​ដុល្លារ​ជា​ប្រាក់​សម្រាប់​រត់ការ​ចុះឈ្មោះ​ប្រឡង​យក​ប័ណ្ណបើកបរ​រថយន្ត ហើយ​បើ​មិន​ចំណាយ​ប្រាក់​នេះ​ឲ្យ​គណៈកម្មការ​ប្រឡង​ទេ ក៏​មិនអាច​ប្រឡង​ជា​ប់​ដែរ ប៉ុន្តែ​ជាក់ស្តែង​នៅពេល​ពួកគាត់​មក​ប្រឡង​នៅ​ព្រឹក​នេះ មន្ទីរ​សាធារណៈ​ខេត្ត​តម្រូវ​ឲ្យ​បង់​សេ​វា​ប្រឡង​តែ​៩​ម៉ឺន​រៀល​ប៉ុណ្ណោះ ហេតុនេះ​សូម​បេក្ខជន​ទាំងអស់​ឈប់​ចាញ់បោក​សាលា​បើកបរ​ឯក​ជន​មួយចំនួន​តទៅទៀត​៕

មន្ទីរ​សាធារណការ ​អំពាវនាវ​ដល់​បេក្ខជន​ប្រឡង​យក​ប័ណ្ណ​បើកបរ​រថយន្ត​មក​ដាក់ពាក្យ​ នៅ​មន្ទីរ​ដោយ​ផ្ទាល់​

មន្ទីរ​សាធារណការ ​អំពាវនាវ​ដល់​បេក្ខជន​ប្រឡង​យក​ប័ណ្ណ​បើកបរ​រថយន្ត​មក​ដាក់ពាក្យ​ នៅ​មន្ទីរ​ដោយ​ផ្ទាល់​

មន្ទីរ​សាធារណការ ​អំពាវនាវ​ដល់​បេក្ខជន​ប្រឡង​យក​ប័ណ្ណ​បើកបរ​រថយន្ត​មក​ដាក់ពាក្យ​ នៅ​មន្ទីរ​ដោយ​ផ្ទាល់​