ស្នងការ​ខេត្ត​កំពត​ ​​ហៅ​មេ​ប៉ុស្តិ៍​ម្នាក់​ និង​អធិការរង​ស្រុក​បន្ទាយមាស​​ម្នាក់​ឡើង​មក​ធ្វើ​សារណា

ស្នងការ​ខេត្ត​កំពត​ ​​ហៅ​មេ​ប៉ុស្តិ៍​ម្នាក់​ និង​អធិការរង​ស្រុក​បន្ទាយមាស​​ម្នាក់​ឡើង​មក​ធ្វើ​សារណា



កំពត​ ៖​ លោក​ឧត្ដមសេនីយ៍ត្រី​ម៉ៅ ច័ន្ទមធុ​រិ​ទ្ឋ ​ស្នងការ​ខេត្ត​កំពត ​បាន​មាន​ចំណាត់​ការ​កោះ​អញ្ជើញ​លោក​អនុសេនីយ៍ទោ​ ភី នៅ នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បន្ទាយមាស​ខាងលិច​ និង​លោក​អនុសេនីយ៍ឯក​គឹម សុ​ផន​ អធិការរង​ស្រុក​បន្ទាស​មាស ​ទទួលបន្ទុក​ព្រហ្មទណ្ឌ​ឡើង​មក​កាន់​ស្នងការ​ខេត្ត​ដើម្បី​ធ្វើ​សារណា ដោយ​មាន​បាតុភាព​ពី​បទ​ជំរិត​ទារ​ប្រាក់​ពី​ជនល្មើស ​និង​ពលរដ្ឋ​ពីរ​គ្រួសារ​ពាក់ព័ន្ធ​នឹង​ជនល្មើស​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា​ ឆ្នាំ​២០១៦។

បើ​តាម​ចម្លើយ​របស់​មន្ត្រី​នគរបាល​ទាំងពីរ​រូប​ដែល​ឡើង​មក​សរសេរ​សារណា​លាតត្រដាង​ពី​កំហុស​ឆ្គង​របស់​ខ្លួន​បាន​ឲ្យ​ដឹង​ថាៈ ខ្លួន​ពិតជា​មាន​កំហុស​ឆ្គង​បន្តិចបន្តួច​ពិតប្រាកដ​មែន ​ដោយ​មាន​រឿងរ៉ាវ​កើត​ឡើង​នៅ​ក្នុង​មូលដ្ឋាន​ម្ដង​មិន​ជា​ធ្ងន់ធ្ងរ​អ្វី​នោះ​ទេ ហើយ​លោក​បាន​ធ្វើការ​ផ្សះផ្សា​បញ្ចប់​រឿង​ដោយ​ភាគី​ទាំងសងខាង​ព្រម​ទទួល​ទើ ប​លោក​មិនបាន​រាយការណ៍​ជូន​ថ្នាក់លើ​នេះ​គឺជា​កំហុស​ដោយ​អចេតនា​របស់​វិន័យ​ក្នុង​កងកម្លាំង ​ទើប​លោក​ស្នងការ​ខេត្ត​កោះ​អញ្ជើញ​ឡើង​មក​កាន់​ស្នងការ​ដើម្បី​ធ្វើ​សារណា​បញ្ជាក់​ពី​កំហុស​ឆ្គង​របស់​ខ្លួន​ ដោយ​អចេតនា​ខាងលើ​ជូន​អង្គភាព​នៃ​កងកម្លាំង​នគរបាល​ខេត្ត ។

ក្រោយពី​មាន​ចំណាត់​ការ​កោះហៅ​មន្ត្រី​នគរបាល ​ដែល​មាន​ការរិះគន់​ពី​ប្រជាពលរដ្ឋ​មក​ធ្វើការ​អប់រំ​រួច​មក​ ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​បន្ទាយមាស​ខាង​លិច​គាំទ្រ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​ឧត្ដមសេនីយ៍​ស្នងការ​ខេត្ត​ថា ​លោក​ពិតជា​ថ្នាក់ដឹកនាំ​ក្នុង​កងកម្លាំង​ដ៏​ល្អ​មួយ​រូប ដែល​​រក្សា​បាន​នូវ​វិន័យ​បទបញ្ជាផ្ទៃក្នុង​របស់​កងកម្លាំង​នគរបាល​មិន​ឲ្យ​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​របស់​លោក​អ្នកណា​ម្នាក់​ប្រព្រឹត្ត​ខុស​វិន័យ​ក្នុង​កងកម្លាំង​នគរបាល​នោះ​ឡើយ។

បើតាម​ប្រជាពលរដ្ឋ​រងគ្រោះ​ឈ្មោះ អេង ដ៉ា អាយុ ២៥​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ព្រៃ​លើ ឃុំ​បន្ទាយមាស​ខាងលិច ស្រុក​បន្ទាស​មាស ខេត្តកំពត បាន​ឲ​ដឹង​ថា កាលពី​ថ្ងៃទី​១៧ លោក​អនុសេនីយ៍ទោ ភី នៅ នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បន្ទាយមាស​ខាងលិច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​នៅ​ជិត​ផ្ទះ​របស់​ខ្លួន​មិន​ដឹង​ជា​មាន​រឿង​អ្វី​ទេ ប៉ុន្តែ​លោក​មេ​ប៉ុស្តិ៍​បាន​យក​​អីវ៉ាន់​(​ម៉ាស៊ីន​លាង​ម៉ូតូ​) របស់​ជន​ម្នាក់​នោះ​មក​ផ្ញើ​នៅផ្ទះ​របស់​ខ្លួន​(​ជនរងគ្រោះ​)។ លុះ​ស្អែក​ឡើង​វេលា​ម៉ោង​១១​យប់ បុរស​ដែល​លោក​មេ​ប៉ុស្តិ៍​ឃាត់ខ្លួន​បាន​នាំគ្នា​ចំនួន​បី បួន​នាក់​មក​យក​អីវ៉ាន់​(​ម៉ាស៊ីន​លាង​ម៉ូតូ​) ដែល​លោក​មេ​​ប៉ុស្តិ៍​ផ្ញើ​​យក​ទៅ​វិញ​បាត់។ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​១៨ ខែ ​មីនា ឆ្នាំ​២០១៦ លោក​មេ​ប៉ុស្តិ៍​បាន​មក​សួររក​អីវ៉ាន់​(​ម៉ាស៊ីន​លាង​ម៉ូតូ​) ដែល​លោក​បាន​ផ្ញើ​ តែ​ខ្លួន​ជនរងគ្រោះ​បាន​ឆ្លើយ​ប្រាប់​លោក​មេ​ប៉ុស្តិ៍​ថា​ម្ចាស់​គេ​បានមក​យក​អីវ៉ាន់​​(ម៉ាស៊ីន​លាង​ម៉ូតូ​) ទៅ​បាត់​យប់មិញ​ហើយ។

ជនរងគ្រោះ​បាន​បន្ត​​ទៀត​ថា បន្ទាប់ពី​បាន​ប្រាប់​លោក​មេ​ប៉ុស្តិ៍​ហើយ លោក​មេ​ប៉ុស្តិ៍​រូប​នោះ​ក៏បាន​ត្រឡប់​ទៅវិញ​បាត់ ហើយ​ប្រហែលជា​ពីរ​ម៉ោង​ក្រោយមក​លោក​មេ​ប៉ុស្តិ៍​បាន​មក​ហៅ​ខ្លួន​ជា​ជនរងគ្រោះ​ទៅ​ប៉ុស្តិ៍ ដោយ​ឲ្យ​ខ្លួន​(​ជនរងគ្រោះ​)​សង​ថ្លៃ​អីវ៉ាន់​(​ម៉ាស៊ីន​លាង​ម៉ូតូ​) ចំនួន​៤០០​ដុល្លារ តែ​ខ្លួន​មិន​ព្រម​សង ក៏​ត្រូវ​លោក​មេ​ប៉ុស្តិ៍​ឃាត់ខ្លួន​​​រយៈពេល​៤​ម៉ោង។ ដោយ​ខ្លួន​មិន​ចង់​វែងឆ្ងាយ​បាន​សូម​អង្វរ​លោក​មេ​ប៉ុស្តិ៍​​​ សង​ចំនួន​១០០​ដុល្លារ​ដើម្បី​បញ្ចប់​រឿង ហើយ​នៅ​ថ្ងៃ​ដដែល​ខ្លួន​(​ជនរងគ្រោះ​)​បាន​ដាក់​ពាក្យបណ្ដឹង​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ​ត្រូវបាន​លោក​ឧត្ដមសេនីយ៍ត្រី​ម៉ៅ ច័ន្ទមធុ​រិ​ទ្ឋ ស្នងការ​មាន​ចំណាត់​ការ​ភ្លាមៗ​ចំពោះ​រឿង​អ​យុត្តិធម៌​ផងដែរ៕

ស្នងការ​ខេត្ត​កំពត​ ​​ហៅ​មេ​ប៉ុស្តិ៍​ម្នាក់​ និង​អធិការរង​ស្រុក​បន្ទាយមាស​​ម្នាក់​ឡើង​មក​ធ្វើ​សារណា

ស្នងការ​ខេត្ត​កំពត​ ​​ហៅ​មេ​ប៉ុស្តិ៍​ម្នាក់​ និង​អធិការរង​ស្រុក​បន្ទាយមាស​​ម្នាក់​ឡើង​មក​ធ្វើ​សារណារូបភាព ៖ ជនរងគ្រោះ និងជីតា ជនរងគ្រោះថ្លែងអំណរគុណស្នងការខេត្តកំពត