ការប្រកួតជម្រុះ អុកចត្រង្គ អង្គរសង្ក្រាន្ដ ឆ្នាំ២០១៦ នឹងចាប់ផ្ដើមនៅថ្ងៃទី០៥ ខែមេសា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ គណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជា សហការជាមួយ សហភាពសហព័ន្ធ យុវជនកម្ពុជា បានធ្វើសន្និសីទ សារព័ត៌មាន ស្ដីពីការប្រកួត អុកចត្រង្គ អង្គរសង្ក្រាន្ដ ឆ្នាំ២០១៦ ដែលរៀបចំការ ប្រកួតជម្រុះ ដំណាក់កាលទី១ នៅថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែមេសាខាងមុខនេះ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា មកទល់ពេលនេះ គណៈកម្មការរៀបចំ ការប្រកួត បានទទួលពាក្យអ្នក ចុះឈ្មោះចូលរួមចំនួន ៦៨នាក់ហើយ ប៉ុន្ដែការទទួលពាក្យនឹង បន្ដរហូតដល់ ៣ថ្ងៃមុនការប្រកួត ទើបឈប់ ។ ដូច្នេះទម្រាំដល់ថ្ងៃប្រកួតនោះ លោករំពឹងថា នឹងមានអ្នកចូល រួមមិនក្រោម ១០០នាក់ឡើយ ។

លោកបន្ដថា អុកចត្រង្គ គឺជាល្បែងបុរាណ និងមានប្រវត្តិជាយូឆ្នាំ មកហើយ ដែលបុព្វបុរសខ្មែរ និយមលេង ដើម្បីសាកល្បង ប្រាជ្ញាស្មារតីគ្នា ហើយក៏ជាស្រាវជ្រាវ ពីក្បួនយុទ្ធសាស្ដ្រ ធ្វើសង្គ្រាមការពារ ទឹកដីផងដែរ ។ អាស្រ័យហេតុនេះហើយ ទើបគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា សហការជាមួយ សហភាពសហព័ន្ធយុវជន កម្ពុជា រៀបចំឲ្យមានការប្រកួត អុកចត្រង្គ ក្នុងព្រឹត្តិការណ៍ អង្គរសង្ក្រាន្ដ ដើម្បីបំផុសសក្ដានុពល កីឡានេះឡើងវិញ ។

ជាងនេះទៅទៀតលោក វ៉ាត់ ចំរើន ក៏បានអំពាវនាវ ដល់អ្នកចេះលេងអុក ឲ្យចូលរួមការប្រកួត អុកចត្រង្គនេះ ឲ្យបានច្រើន ដើម្បីរួមចំណែក លើក ស្ទួយវិស័យកីឡា អុកចត្រង្គ ឲ្យរីកចម្រើនឡើងវិញ ។ ម្យ៉ាងវិញទៀត កីឡាអុកត្រង្គ គណៈកម្មាធិការអូឡាំពិក កម្ពុជា កំពុងធ្វើការជំរុញ ដើម្បីដាក់ ជាវិញ្ញាសាប្រកួត ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម ឆ្នាំ២០២៣  នាពេលកម្ពុជាធ្វើ ជាម្ចាស់ផ្ទះ ដូច្នេះមានតែការរួមចំណែក ពីអ្នកចេះលេងប៉ុណ្ណោះ ទើបធ្វើឲ្យកីឡាអុក ក្លាយជាវិញ្ញាសារ មួយក្នុងការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣នោះ ។

ជាមួយគ្នានោះ លោកក៏បានបញ្ជាក់ ផងដែរថា នៅក្នុងព្រឹត្តិការណ៍អង្គរ សង្ក្រាន្ដឆ្នាំនេះ គណៈកម្មាធិការ ជាតិអូឡាំពិក កម្ពុជា បានត្រៀមកីឡា ២ប្រភេទ ដើម្បីរៀបចំការសម្ដែង និងប្រកួតសម្រាប់បង្កើន ភាពទាក់ក្នុងឱកាស បុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឬក្នុងព្រឹត្តិការណ៍ អង្គរសង្ក្រាន្ដ ដែលនឹងធ្វើឡើង នៅតំបន់អង្គរ ខេត្តសៀមរាប គឺកីឡាអុកចត្រង្គ និងកីឡាល្បុក្កតោ ។

ប៉ុន្ដែចំពោះការប្រកួត អុកចត្រង្គ អង្គរសង្ក្រាន្ដ គឺត្រូវឆ្លងកាត់ប្រកួត ជម្រុះសិន មានន័យថា ត្រូវធ្វើការប្រកួតជម្រុះ ដំណាក់កាលទី១ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៨ ខែមេសាខាងមុខ ដើម្បីរកជើងខ្លាំង ៨នាក់ ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្ដ ។ ដោយឡែកកាលពី ឆ្នាំ២០១៥ តំណែងជើងឯក ឬងារជាស្ដេចអុកចត្រង្គ ប្រចាំព្រឹត្តិការណ៍អង្គរ សង្ក្រាន្ដ គឺបានទៅកីឡាករ ឈាវ បូរ៉ា ៕

ការប្រកួតជម្រុះ អុកចត្រង្គ អង្គរសង្ក្រាន្ដ ឆ្នាំ២០១៦ នឹងចាប់ផ្ដើមនៅថ្ងៃទី០៥ ខែមេសា

ការប្រកួតជម្រុះ អុកចត្រង្គ អង្គរសង្ក្រាន្ដ ឆ្នាំ២០១៦ នឹងចាប់ផ្ដើមនៅថ្ងៃទី០៥ ខែមេសា

ការប្រកួតជម្រុះ អុកចត្រង្គ អង្គរសង្ក្រាន្ដ ឆ្នាំ២០១៦ នឹងចាប់ផ្ដើមនៅថ្ងៃទី០៥ ខែមេសា